រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃអង្គារនេះ បានសន្យាស្ថាបនានិងស្រោចស្រង់ឡើងវិញនូវសម្ព័ន្ធភាពផ្នែកយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ឬអូតង់ និងចែករំលែកនូវផែនការរបស់សហរដ្ឋអាមេរិកអំពីលទ្ធភាពនៃការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ថ្លែងក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីស្នាក់ការកណ្ដាលរបស់អង្គការអូតង់ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក លោក Blinken បានមានប្រសាសន៍ថា អង្គការអូតង់ស្ថិតក្នុងដំណាក់កាលសំខាន់មួយនៅក្នុងការប្រឈមនឹងបញ្ហាគំរាមកំហែងជុំវិញពិភពលោក ដែលក្នុងនោះមានទាំងបញ្ហាប្រែប្រួលអាកាសធាតុផងដែរ។
លោក Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលដែលលោកបានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg ថា៖ «ខ្ញុំមកទីនេះដើម្បីបញ្ជាក់អំពីការតាំងចិត្តមិនងាករេរបស់សហរដ្ឋអាមេរិកចំពោះអង្គការអូតង់។ សហរដ្ឋអាមេរិកចង់កសាងភាពជាដៃគូឡើងវិញជាមួយសម្ព័ន្ធមិត្តដែលជាសមាជិករបស់អង្គការអូតង់។ យើងចង់ស្រោចស្រង់សម្ព័ន្ធភាពនេះឡើងវិញ»។
លោក Stoltenberg បានកំណត់អំពីវិស័យដែលអង្គការអូតង់អាចធ្វើទំនើបកម្មបាននៅក្នុងរយៈពេលមធ្យម ដែលមានតាំងពីវិធានការសម្រាប់បញ្ហាប្រែប្រួលអាកាសធាតុរហូតដល់វិធានការផ្ដល់ថវិកាជានិរន្តដល់កិច្ចប្រតិបត្តិការយោធា ក៏ដូចជាតម្រូវការឲ្យមានការគាំទ្រពីសហរដ្ឋអាមេរិកផងដែរ។
នៅពេលសួរអំពីលទ្ធភាពនៃការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិនិត្យលើជម្រើសនានា ហើយលោកនឹងស្ដាប់នឹងប្រឹក្សាជាមួយនឹងសម្ព័ន្ធមិត្តទាក់ទិននឹងរឿងនេះ។ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការអូតង់នឹងពិភាក្សាអំពីរឿងអាហ្វហ្គានីស្ថាននេះនៅក្នុងពេល ២ ថ្ងៃខាងមុខនៅក្នុងទីក្រុងប្រ៊ុចសែល៕