ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​លីកាដូ​និងសង្គម​ស៊ីវិល​ស្នើឱ្យ​មាន​ការ​ដោះលែង​លោក ​កើត សារ៉ាយ


រូបឯកសារ៖ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

អង្គការ​លីកាដូ និងសង្គម​ស៊ីវិល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់ និង​ឥត​លក្ខ​ខណ្ឌ​លើ​លោក​ កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្តខ្មែរ(KSILA) ដែល​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ញុះញង់​ចំពោះ​ការ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយអំពី​ជម្លោះ​ដីធ្លី​នៅខេត្ត​ព្រះ​វិហារ​។

កាលពី​ថ្ងៃ​ទី ៥ ខែ​មេសា ឆ្នាំ​២០២៤ ​លោក កើត សារ៉ាយ ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​ធ្វើការ​ចាប់​ខ្លួន​នៅ​ទីស្នាក់​ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​ក្រោយការ​ផ្សព្វ​ផ្សាយ ​និង​បញ្ចេញ​មតិ​អំពី​វិវាទ​ដីធ្លី​ដ៏​រសើប​នៅ​ឃុំ​ស្រយង់ និងឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ ​កាល​ពី​ថ្ងៃទី២១ ខែ​មីនា។

យោង​តាម​ការ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​លីកាដូ​ថ្ងៃច័ន្ទ​នេះ លោក​ កើត សារ៉ាយ​ ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ការ​ចាប់​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​បទ​ មិន​រាង​ចាល​បន្ទាប់​ពីការ​ផ្តន្ទា​ទោស​បទ​មជ្ឈិម​។ មុនពេលចាប់ខ្លួន លោក​នៅ​ក្នុង​រយៈ​ពេល​ព្យួរ​ទោស​ នៅ​ក្នុង​ករណី​មុន​នៅ​ឡើយ​។

អង្គការ​លីកាដូ​លើក​ឡើង​ថា៖ «​យើង​ទាំងអស់​គ្នា ​សូម​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ កើត​ សារ៉ាយ ជា​បន្ទាន់​ និង​ឥត​លក្ខខណ្ឌ​ ហើយ​សូម​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​ទាំង​អស់​ ។ សិទិ្ធ​សេរីភាព​ក្នុ​ងការ​បញ្ចេញ​មតិ ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ ហើយ​ពលរដ្ឋ​ទាំងអស់​មាន​សិទិ្ធ​ប្រើប្រាស់​សេរីភាព​ទាំង​នោះ​ ដោយ​គ្មាន​ការ​គំរាម​កំហែង​ និង​ភ័យខ្លាច​»។

នាយក​ទទួលបន្ទុក​កិច្ច​ការ​ទូទៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោកអំ សំអាត​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះថា​ បច្ចុប្បន្ន​លោក​កើ​ត សារ៉ាយ​កំពុង​ត្រូវ​បាន​ដាក់​ឱ្យស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធនា​គារ​ព្រៃ​ស​។ លោក​បន្ថែម​ថា​ ការ​ចាប់​ខ្លួន​លោក​កើត សារ៉ាយ​នៅ​ពេល​នេះ​ ធ្វើ​ឡើង​នៅពេល​លោក​នៅ​មាន​ទោស​តែ​ត្រូវ​ព្យួរ​ ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឱ្យមាន​ការ​ដោះលែង​លោក​រ៉ុង​ ឈុន​ អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​ការ​និយាយ​រិះ​គន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀត​ណាម​នៅខេត្ត​ត្បូងឃ្មុំ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ជិន ម៉ាលីន ប្រាប់​វីអូអេ​ថា​ ការ​អំពាវនាវ​របស់​អង្គការ​លីកាដូ​មិន​មែនជា​មធ្យោបាយ​តាមផ្លូវ​ច្បាប់​ក្នុង​នីតិវិធី​របស់​តុលាការ​ទេ​ ហេតុដូច្នេះ​លោក​ថា សេចក្តី​អំពាវនាវ​នេះ​មិន​មាន​ឥទ្ធិពល​ផ្លូវ​ច្បាប់មក​លើ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ទេ ហើយ​ក៏មិន​អាច​ឱ្យ​លោក​កើត​ សារ៉ាយ​បាន​រួច​ផុត​ពី​បទ​ចោទ​នោះ​ដែរ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG