កងកម្លាំងអ៊ុយក្រែនទំនងបានវាយប្រហារចំលើឧបករណ៍ការពារដែនអាកាស និងឧទ្ធម្ភាគចក្ររុស្ស៊ីមួយចំនួនកាលពីដើមសប្តាហ៍នេះ នៅក្នុងព្រលានយន្តហោះក្រុង Berdyansk និង Luhansk។ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិអង់គ្លេសនៅថ្ងៃសុក្រនេះ នៅក្នុងរបាយការណ៍ចារកម្មប្រចាំថ្ងៃរបស់ខ្លួនស្តីពីប្រទេសអ៊ុយក្រែន។
របាយការណ៍នេះបានឱ្យដឹងថា ឧទ្ធម្ភាគចក្ររុស្ស៊ីចំនួន៩គ្រឿងក្នុងទីក្រុង Berdyansk និង៥គ្រឿងក្នុងទីក្រុង Luhansk ទំនងដូចជាត្រូវបានបំផ្លាញ។
អ៊ុយក្រែននិយាយថា ខ្លួនបានប្រើគ្រាប់មីស៊ីល ATACMS រយៈចម្ងាយឆ្ងាយផ្តល់ដោយសហរដ្ឋអាមេរិក ជាលើកទី១នៅក្នុងការវាយប្រហារនោះ។
ក្រសួងការពារជាតិអង់គ្លេសនិយាយថា ប្រសិនបើរបាយការណ៍លើការខូចខាតឧទ្ធម្ភាគចក្រនោះត្រូវបានបញ្ជាក់ថាពិតមែននោះ នោះវាទំនងដែលថាការខូចខាតនេះ អាចប៉ះពាល់ដល់សមត្ថភាពការពារនិងសកម្មភាពវាយប្រហាររបស់រុស្ស៊ីក្នុងពេលខាងមុខ នៅក្នុងតំបន់ដែលប៉ះពាល់នោះ។ របាយការណ៍នេះក៏បាននិយាយផងដែរថា រុស្ស៊ីអាចនឹងជួបការលំបាក ក្នុងការដាក់ជំនួសឧទ្ធម្ភាគចក្រថ្មីៗ។
ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា លោកបាននិយាយជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍អំពីសារៈសំខាន់របស់គ្រាប់មីស៊ីលទាំងនោះក្នុងការជួយពន្លឿនអ៊ុយក្រែន ដើម្បីរំដោះទឹកដីពីរុស្ស៊ីវិញ៕