ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស៊ើបអង្កេត​អង់គ្លេស​ពិនិត្យ​មើល​ភស្តុតាង​រឹបអូស​ពីក្រុមហ៊ុន​ទិន្នន័យ ​Cambridge ​


រូបភាពឯកសារ៖​ លោក Alexander Nix នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Cambridge Analytica បាន​មកដល់​ការិយាល័យ​ក្នុង​ទីក្រុងឡុងដ៏​កាលពី​ថ្ងៃទី​២០​ មីនា ២០១៨។។
រូបភាពឯកសារ៖​ លោក Alexander Nix នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Cambridge Analytica បាន​មកដល់​ការិយាល័យ​ក្នុង​ទីក្រុងឡុងដ៏​កាលពី​ថ្ងៃទី​២០​ មីនា ២០១៨។។

ក្រុម​និយ័តករ​អង់គ្លេស​បាន​និយាយ​កាល​ពីថ្ងៃសៅរ៍​ថា​ពួកគេ​កំពុងតែ​ពិនិត្យ​មើល​ភស្តុតាង​ដែល​ប្រមូល​បាន​មកពី​ការិយាល័យ​នានា​របស់​ក្រុមហ៊ុន​ស្រាវជ្រាវទិន្នន័យ​ Cambridge Analytica មុន​នឹង​សម្រេច​ពី​«ជំហាន​បន្ទាប់‍»។​

ក្រុម​អ្នកស៊ើបអង្កេត​អង់គ្លេស​បាន​ចូលឆែកឆេរក្នុងការិយាល័យ​ក្រុមហ៊ុន​នេះ​នៅក្នុង​ទីក្រុង​ឡុងដ៍​កាលពីថ្ងៃ​សុក្រ។ ក្រុមហ៊ុន​ Cambridge Analytica ​កំពុង​មាន​រឿងរ៉ាវ​ចម្រូង​ចម្រាស​ពាក់​ព័ន្ធ​នឹង​ការប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​រាប់​លាន​នាក់​ពី​បណ្តាញសង្គម​ហ្វេសប៊ុក។​

កាល​ពីថ្ងៃសុក្រ​ចៅក្រម​បាន​ផ្តល់​ដីកា​ឆែកឆេ​ឱ្យ​ការិយាល័យ​ស្នងការ​ព័ត៌មាន​របស់​ចក្រភព អង់គ្លេស។ អ្នកស៊ើបអង្កេត​ជាង​១០នាក់​បាន​ចំណាយ​ពេល​ប្រហែល​៧ម៉ោង​នៅក្នុង​ក្រុមហ៊ុន​នោះ​មុន​ពេល​ចាកចេញ​វិញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃសៅរ៍។

ក្រុមហ៊ុនស្រាវជ្រាវ​នេះ​រងការចោទប្រកាន់​ថា​បាន​ប្រើ​ប្រាស់​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកប្រហែល​ជាង​៥០​លាននាក់ដើម្បី​រៀបចំ​ជា​ព័ត៌មាន​សម្រាប់​ក្រុម​យុទ្ធនាការ​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ក្នុង​នោះ​រួមមាន​ក្រុមយុទ្ធនាការ​របស់​លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ​ផងដែរ។

ប៉ុន្តែ​ក្រុមហ៊ុននេះ​បាន​ប្រកែក​ថា​មិន​បាន​ធ្វើ​អ្វីខុសឆ្គងទេ។ អគ្គ​នាយកក្រុមហ៊ុន​នេះ​ត្រូវ​បាន​ព្យូរការងារ​មួយរយៈ​ហើយ​លោក ​Alexander Tayler អគ្គនាយកស្តីទី​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថាក្រុមហ៊ុន​មិនបាន​ធ្វើ​ការណាដែល​ជំរុញ​ដោយហេតុផល​នយោបាយទេ​ហើយ​ក៏​មិន​បាន​ប្រព្រឹត្តខុស​ក្រមសីលធម៌​ដូច​ការលើកឡើង​ដែរ៕

XS
SM
MD
LG