ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​អាស៊ីអាគ្នេយ៍​ក្រុមហ៊ុន​​តាក់ស៊ី​ដូច​ក្រុមហ៊ុន Uber នឹង​ទទួល​បាន​ការ​បណ្តុះបណ្តាល​សុវត្ថិភាព​ពី​ប៉ូលិស


រូបភាព​ឯកសារ៖ ក្រុមហ៊ុន Grab ធ្វើ​ការ​ប្រកួតប្រជែង​ជាមួយ​ការ​រត់​តាក់ស៊ី​បែប​ប្រពៃណី នៅ​ក្នុង​ប្រទេស​វៀតណាម៕
រូបភាព​ឯកសារ៖ ក្រុមហ៊ុន Grab ធ្វើ​ការ​ប្រកួតប្រជែង​ជាមួយ​ការ​រត់​តាក់ស៊ី​បែប​ប្រពៃណី នៅ​ក្នុង​ប្រទេស​វៀតណាម៕

ក្រុមហ៊ុន Grab ក្នុង​ប្រទេស​វៀតណាម​នឹង​ចូលរួម​ក្នុង​ការ​បង្ក្រាប​បទល្មើស ហើយ​នៅ​ពេល​នោះ​​ប្រហែល​ជា​គេ​មិន​អាច​ចាត់​ទុក​ក្រុមហ៊ុន​នេះ​ថា​ជាក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី​ត​ទៅ​ទៀត​នោះ​ទេ។

គេ​ប្រហែល​ជា​មិន​អាច​ហៅ​ថា​ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី​ដូច​ក្រុមហ៊ុន Uber ថា​ជា​តាក់ស៊ី​ទៀត​នោះ​ទេ នៅ​ពេល​ក្រុមហ៊ុន​នេះ​ធ្វើ​ការ​បង្ក្រាប​បទល្មើស។ ប៉ុន្តែ​នេះ​ជា​បេសកកម្ម​សេវា​សាធារណៈ​ដ៏​សំខាន់​មួយ​ ដែល​ក្រុមហ៊ុន Grab Inc ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី​ដូច​ក្រុមហ៊ុន Uber នៅ​អាស៊ីអាគ្នេយ៍ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​មួយ​ដើម្បី​សហការ​ជាមួយ​នឹង​ប៉ូលិស​វៀតណាម។

នៅ​ក្នុង​អនុស្សារណៈ​យោគយល់​ដែល​ត្រូវ​បាន​គេ​ប្រកាស​កាលពី​ថ្ងៃទី៧ ខែតុលា ប៉ូលិស​នៅ​ក្នុង​ក្រុង​ហូជីមិញ​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ក្នុង​ការ​ការពារ​ខ្លួន និង​ច្បាប់​ព្រហ្មទណ្ឌ​ទៅ​កាន់​អ្នកបើកបរ ខណៈ​ដែល​ក្រុមហ៊ុន Grab Inc. ក៏​នឹង​ផ្តល់​ការ​អប់រំ​ដល់​អ្នក​បើកបរ​របស់​ខ្លួន ដើម្បី​ឲ្យ​ពួកគេ​ដឹង​ពី​វិធី​ស្វែងរក​សញ្ញាណ​បង្ហាញ​ពី​ការ​ប្រព្រឹត្ត​បទល្មើស និង​រាយការណ៍​ទៅ​ប៉ូលិស។​

ការ​សហការ​នេះ​ធ្វើ​ឲ្យ​មាន​សំណួរ​ពី​ព្រំដែន​នៃ​ឯកជនភាព និង​សុវត្ថិភាព​សាធារណៈ រួម​ទាំង​តួនាទី​របស់​ក្រុមហ៊ុន​ឯកជន ឬ​ជនស៊ីវិល​ក្នុង​ការ​ដើរ​តួ​ជា​ប៉ូលិស។

លោក Jerry Lim​ ដែល​ជា​នាយក​ក្រុមហ៊ុន Grab ក្នុង​ប្រទេស​វៀតណាម​និយាយ​ថា៖ «យើង​មាន​កិត្តិយស​នឹង​ធ្វើ​ការ​ជាមួយ​នឹង​នាយកដ្ឋាន​ប៉ូលិស​ ដើម្បី​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បង្ក្រាប​បទល្មើស និង​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​សុវត្ថិភាព​ជាង​មុន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ការ​សហការ​រវាង​ភាគី​ទាំង​ពីរ​មិន​ត្រឹម​តែ​រួម​ចំណែក​ធានា​ឲ្យ​បាន​នូវ​សណ្តាប់ធ្នាប់ និង​សន្តិសុខ​នៅ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ការពារ​សុវត្ថិភាព​របស់​អ្នក​បើកបរ និង​អតិថិជន​របស់​ក្រុមហ៊ុន Grab ផង​ដែរ»។​

អនុស្សារណៈ​យោគយល់​នេះ​ក៏​បង្កើត​បណ្តាញ​ទូរស័ព្ទ​២៤ម៉ោង​រវាង​ប៉ូលិស និង​ក្រុមហ៊ុនGrab Inc. ដែល​ជា​ក្រុមហ៊ុន​ដែល​ចាប់ផ្តើម​ជំនួញ​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន Uber នៅ​អាស៊ីអាគ្នេយ៍​កាលពី​ឆ្នាំ​មុន។ ការ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ថា បុរស​វ័យ​ក្មេង​ពីរ​នាក់​បាន​ធ្វើ​ឃាត​អ្នក​បើកបរ​របស់​ក្រុមហ៊ុន Grab នៅ​ក្នុង​រដ្ឋធានី​ហាណូយ។ ព័ត៌មាន​នៃ​បទល្មើស​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នេះ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន និង​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សាធារណៈ។

នៅ​ក្នុង​ច្បាប់​ថ្មី​មួយ​ក្នុង​រដ្ឋ California ក្រុមហ៊ុន Uber Technologies Inc. ក្រុមហ៊ុន Lyft Inc. និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​សេរី​ត្រូវ​តែ​ទទួល​ស្គាល់​ថា អ្នក​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ជា​និយោជិត​ដែល​ទទួល​បាន​អត្ថប្រយោជន៍​នានា មិន​មែន​ជា​អ្នក​ធ្វើ​ការ​ងារ​មិន​ចំណុះ​ស្ថាប័ន​ណា​មួយ​នោះ​ទេ។ ខណៈ​ដែល​ក្រុមហ៊ុនGrab Inc. មិន​ស្ថិត​ក្រោម​ច្បាប់​របស់​រដ្ឋ California ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី​មួយ​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ថា អ្នក​បើកបរ​របស់​ខ្លួន​មិន​មែន​ជា​និយោជិត​ពេញ​ម៉ោង​របស់​ខ្លួន​នោះ​ទេ។ នេះ​មាន​ន័យ​ថា វា​មាន​ភាព​មិន​ច្បាស់​ថា​តើ​នៅ​ក្រោម​ច្បាប់​វៀតណាម តើ​ក្រុមហ៊ុន​មួយ​នេះ​អាច​តម្រូវ​ឲ្យ​អ្នក​បើកបរ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​ហូជីមិញ​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​ផ្នែក​សុវត្ថិភាព​សាធារណៈ​បាន​ដែរ​ឬ​យ៉ាង​ណា។​

ក្រុមហ៊ុន Grab ប្រកួតប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន Go-Viet ក្រុមហ៊ុន Be និង​ក្រុមហ៊ុន FastGo នៅ​ក្នុង​វិស័យ​ផ្តល់​សេវា​តាក់ស៊ី​នៅ​ក្នុង​ប្រទេស​វៀតណាម។

ក្រៅ​ពី​ការ​ការពារ​ខ្លួន ការ​បណ្តុះបណ្តាល​នេះ​ក៏​មាន​បំណង​បង្រៀន​អ្នក​បើកបរ​ពី​របៀប​កំណត់​ពី​ស្ថានភាព​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​វិធីសាស្ត្រ​ ឬ​ល្បិច​សាមញ្ញៗ​ដែល​ជនល្មើស​ប្រើប្រាស់។ អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​បើកបរ​រថយន្ត​ក៏​ត្រូវ​បាន​គេ​រំពឹង​ឲ្យ​រៀនសូត្រ​ពី​របៀប​ក្នុង​ការ​រាយការណ៍​ទៅ​ប៉ូលិស​ឲ្យ​បាន​លឿន ​ប្រសិន​បើ​ពួកគេ​សង្ស័យ​ថា​មាន​ការ​គំរាមកំហែង​ណា​មួយ​ចំពោះ​អាយុជីវិត​ សុខភាព សុវត្ថិភាព ឬ​ទ្រព្យសម្បត្តិ​របស់​អ្នក​ណា​ម្នាក់។

ការណ៍​នេះ​មិន​ដោះស្រាយ​បញ្ហា​ដែល​ពេល​ខ្លះ​អ្នក​បើកបរ​ខ្លួន​ឯង​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ទៅ​លើ​អតិថិជន​របស់​ខ្លួន​នោះ​ទេ។ វា​ក៏​ធ្វើ​ឲ្យ​មាន​ចន្លោះ​ប្រហោង​ ដោយសារ​តែ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​១០០%​ក្នុង​ការ​កំណត់​ថា​ទង្វើ​អ្វី​ខ្លះ​ត្រូវ​ចាត់​ទុក​ជា​បទល្មើស​នោះ​ទេ។ អតិថិជន​អាច​យល់​ថា​ឥរិយាបថ​របស់​ពួកគេ​គ្រាន់​តែ​ជា​ឥរិយាបថ​ធម្មតា​ក្នុង​រថយន្ត​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​បើកបរ​អាច​យល់​ថា វា​ជា​ឥរិយាបថ​គួរ​ឲ្យ​សង្ស័យ។

មិន​ដូច​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​វៀតណាម​នោះ​ទេ ប្រទេស​វៀតណាម​មិន​មាន​ការ​តាមដាន​សកម្មភាព​របស់​ជនស៊ីវិល​ខ្លាំងក្លា​នោះ​ឡើយ។ អនុស្សារណៈ​យោគយល់​នេះ​មិន​មាន​ន័យ​ថា ការ​ចូលរួម​របស់​អ្នក​បើកបរ​ជា​ការ​ពង្រីក​វិសាលភាព​នៃ​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។ ក្រុមហ៊ុន Grab Inc. បាន​ពណ៌នា​ការ​សហការ​ជាមួយ​នឹង​ប៉ូលិស​នេះ​ថា​ជា​ឧទាហរណ៍​មួយ​ដែល​មនុស្ស​ចូលរួម​ក្នុង​ចលនា​ការពារ​សន្តិសុខ​មាតុភូមិ។ នៅ​ក្រោម​ការ​សហការ​គ្នា​នេះ មាន​ទំនួល​ខុសត្រូវ​កាន់​តែ​ច្រើន​សម្រាប់​អ្នក​បើកបរ ដោយសារ​តែ​ពួកគេ​អាច​នឹង​ត្រូវ​ការពារ​ខ្លួន​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ឬ​តាមដាន​ទង្វើ​របស់​ជន​ល្មើស។

ដូច្នេះ​អ្នក​បើកបរ​កាន់​តែ​ច្រើន​អាច​ចេះ​ច្បាប់ និង​គោលការណ៍​ការពារ​ខ្លួន។ ការ​បណ្តុះបណ្តាល​នេះ​អាច​នឹង​រីកលូតលាស់​នៅ​ទូទាំង​ប្រទេស​វៀតណាម​នៅ​ក្នុង​ពេល​អនាគត។

លោក Lim និយាយ​ថា «ស្រប​ជាមួយ​នឹង​ការ​អភិវឌ្ឍ​សេវាកម្ម យើង​ក៏​មាន​បំណង​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​អតិថិជន​មាន​សុវត្ថិភាព​ជាង​មុន ហើយ​អ្នក​បើកបរ​នឹង​បង្កើន​ស្តង់ដារ​សុវត្ថិភាព​ជា​បន្តបន្ទាប់​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ទូទៅ។ យើង​សង្ឃឹម​ថា ការ​សហការ​រវាង​ភាគី​ទាំង​ពីរ​នឹង​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​ដែល​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​អនាគត​ដ៏​ខ្លី»៕

XS
SM
MD
LG