ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានបាញ់ស្ទាក់កាំជ្រួចបាល់លីស្ទិក២គ្រាប់ដែលបានបាញ់សំដៅទៅលើរាជធានីអាប៊ុយដាប៊ី។
ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កម្ទេចកម្ទីរបស់កាំជ្រួចមីស៊ីលបានធ្លាក់ដោយគ្មានមនុស្សរងរបួសនោះទេ។
ក្រសួងការពារជាតិ បានបញ្ជាក់ទៀតថា អេមីរ៉ាតអារ៉ាប់រួមបានប្រុងប្រៀបខ្លួន«ដើម្បីដោះស្រាយការគំរាមកំហែងណាមួយ ហើយថា ខ្លួនចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពាររដ្ឋនេះកុំឲ្យរងការវាយប្រហារ»។
កាលពីសប្តាហ៍មុន ការវាយប្រហារមួយដែលអះអាងដោយពួកឧទ្ទាម Houthi នៃប្រទេសយ៉េម៉ែន បានត្រូវចំកន្លែងផ្ទុកប្រេងមួយកន្លែងនៅក្នុងរាជធានីអាប៊ុយដាប៊ី ដោយបានសម្លាប់មនុស្ស៣នាក់ហើយមនុស្ស៦នាក់ទៀតរងរបួស។
ប្រទេសអេមីរ៉ាតអារ៉ាប់រួមជាផ្នែកមួយនៃក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលបានធ្វើការវាយប្រហារតាមយន្តហោះជាច្រើនប្រឆាំងនឹងទីកន្លែងរបស់ក្រុម Houthi នៅក្នុងប្រទេសយេម៉ែនចាប់តាំងពីការវាយប្រហារកាលពីសប្តាហ៍មុនមក។
បណ្តាញព័ត៌មានរដ្ឋរបស់អារ៉ាប់ប៊ីសាអូឌីត ក៏បានរាយការណ៍ផងដែរថា កាំជ្រួចបាល់លី ស្ទិកដែលបាញ់ដោយពួកឧទ្ទាម Houthi បានធ្លាក់នៅផ្នែកខាងត្បូងប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលបានធ្វើឲ្យមនុស្សយ៉ាងតិចណាស់ក៏ម្នាក់ដែរបានរងរបូស៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។