សហរដ្ឋអាមេរិកជំរុញឱ្យមានតម្លាភាពកាន់តែច្រើនលើគម្រោងព្រែកជីករបស់កម្ពុជាដែលមានតម្លៃប្រមាណ ១.៧០០លានដុល្លារអាមេរិក ដែលអ្នកតាមដានខ្លះនិយាយថា អាចត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងវត្តមានយោធារបស់ចិននៅអាស៊ីអាគ្នេយ៍ដែលបង្កការគំរាមកំហែងផ្នែកសន្តិសុខដល់ប្រទេសជិតខាងក្នុងតំបន់ ដូចជាវៀតណាម។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Wesley Holzer ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃអង្គារនេះថា៖ «ប្រជាជនកម្ពុជារួមជាមួយប្រជាជនក្នុងប្រទេសជិតខាង និងតំបន់ទាំងមូលនឹងទទួលបានអត្ថប្រយោជន៍ពីតម្លាភាពពីការងារធំៗណាមួយដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការគ្រប់គ្រងទឹកក្នុងតំបន់ និរន្តរភាពកសិកម្ម និងសន្តិសុខ»។
បើតាមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អាមេរិកជំរុញឱ្យអាជ្ញាធរសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីគម្រោងនិងចូលរួមយ៉ាងពេញលេញនៅក្នុងការសិក្សាអំពីផលប៉ះពាល់បរិស្ថាន ដើម្បីជួយគណៈកម្មការទន្លេមេគង្គ និងប្រទេសជាសមាជិកយល់យ៉ាងពេញលេញ វាយតម្លៃ និងរៀបចំសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន។
រដ្ឋាភិបាលកម្ពុជាអះអាងថា គម្រោងព្រែកជីកនេះនឹងផ្តល់ផលចំណេញក្នុងការដឹកជញ្ជូន និងការតភ្ជាប់។ ប៉ុន្តែគម្រោងមួយនេះក៏បង្កជាក្តីព្រួយបារម្ភសម្រាប់វៀតណាមផងដែរទាំងការបារម្ភអំពីផលប៉ះពាល់ទឹកទន្លេមេគង្គ និងការដឹកជញ្ជូនទំនិញ។
ក្រោយមានការលើកឡើងអំពីការបារម្ភនានានៃគម្រោងផ្លូវទឹកភ្ជាប់ទន្លេមេគង្គទៅដែនសមុទ្រក្នុងខេត្តកែប អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានបង្ហោះសារជាអក្សរលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៤ ថា៖ «ព្រែកជីកតេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឱ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ វាជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននូវផលត្រីទឹកសាប នៅតាមព្រែកនេះ»។
លោក ហ៊ុន សែន ដែលជាអ្នកអនុម័តគម្រោងព្រែកជីកនេះ មុនពេលលោកលាលែងពីតំណែង បន្តថា កម្ពុជានិងវៀតណាមជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងថា ចិននិងវៀតណាមក៏មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែរ។
ឆ្លើយតបទៅនឹងការព្រួយបារម្ភដែលថា គម្រោងព្រែកជីកនេះនឹងអាចសម្រួលដល់កងទ័ពចិនក្នុងការប្រើប្រាស់ ដើម្បីពង្រីកអំណាចរបស់ខ្លួន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ បានលើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យកម្ពុជាយកកងទ័ពបរទេសមកដាក់ក្នុងទឹកដីរបស់ខ្លួនឡើយ និងថា កម្ពុជាមិនមានមហិច្ឆតាធ្វើបែបនេះ ដើម្បីប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែរ។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីមួយថា៖ «យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជានោះទេ។ ទី ២ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងជាមួយប្រទេសណានោះទេ។ កុំថា មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយក៏យើងមិនឱ្យដែរ។ នេះជាមូលដ្ឋានរបស់យើង»។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រាប់វីអូអេថា វានៅតែមិនមានភាពច្បាស់លាស់អំពីគម្រោងនេះ ហើយវាហាក់ដូចជាកំពុងឆ្ពោះទៅមុខយ៉ាងលឿន ដោយមិនមានការចែករំលែកព័ត៌មានក្នុងកម្រិតសមរម្យ និងមិនមានការពិភាក្សាក្នុងកម្រិតតំបន់ឡើយ។ លោក Brian បន្ថែមថា គម្រោងនេះក៏ហាក់ដូចជាកំពុងបង្កើតឱ្យមានភាពមិនស្របគ្នារវាងកម្ពុជានិងវៀតណាម និងបង្ខំឱ្យប្រទេសផ្សេងទៀតជ្រើសរើសភាគីម្ខាងថាពួកគេគាំទ្រវៀតណាម ឬគាំទ្រកម្ពុជាដែលជាប្រទេសមានទន្លេមេគង្គហូរឆ្លងកាត់។
លោកប្រាប់វីអូអេតាមសារអ៊ីម៉ែលថា៖ «កិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ និង MRC ត្រូវបានបង្កើតឡើង ដើម្បីបញ្ចៀសលទ្ធផលអវិជ្ជមាន និងមហន្តរាយធ្ងន់ធ្ងរនានាដែលអាចកើតមានឡើង។ គណៈកម្មការទន្លេមេគង្គ MRC ចាំបាច់ត្រូវចូលរួមគ្រប់កម្រិតនៃគម្រោងនេះ ប៉ុន្តែបច្ចុប្បន្ននេះ វាមិនមានឡើយ»។
អ្នកវិភាគនយោបាយអន្តរជាតិ លោក រ៉ឹម សុខវី មើលឃើញថា រដ្ឋាភិបាលកម្ពុជា«នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីការពារគម្រោងនេះមិនឱ្យបរាជ័យ»ឡើយ។ លោកបន្ថែមថា គម្រោងនេះអាចរួមចំណែកយ៉ាងសំខាន់ដល់មុខមាត់របស់លោក ហ៊ុន ម៉ាណែត ដែលទើបឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីបានជិត៩ខែ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម ប្រាប់វីអូអេនៅថ្ងៃអង្គារថា គម្រោងស្ថាបនាព្រែកជីកនេះនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ នាចុងឆ្នាំ ២០២៤ នេះ ដោយ«មិនមានការប្រែប្រួលទេ» រហូតមកដល់ពេលនេះ។
បើតាមគម្រោង ព្រែកជីកនេះនឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ រដ្ឋាភិបាលអះអាងថា ប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកមួយនេះ ហើយព្រែកជីកមួយនេះនឹងបង្កើតការងារសម្រាប់ពួកគេផងដែរ។ ក្រុមហ៊ុនចិនជាអ្នកវិនិយោគលើគម្រោងព្រែកជីកនេះ តាមទម្រង់ BOT (Build Operate and Transfer) ឬហៅថាសាងសង់ ប្រតិបត្តិការ និងផ្ទេរ។ នេះមានន័យថាក្រុមហ៊ុនចិននឹងគ្រប់គ្រងផ្លូវទឹកនេះ ក្នុងរយៈពេលកំណត់ណាមួយ អាចដល់៥០ឆ្នាំ មុននឹងប្រគល់មកឱ្យកម្ពុជាគ្រប់គ្រងវិញ៕
វេទិកាបញ្ចេញមតិ