ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden​ ជ្រើស​តាំង​បេក្ខជន​ឯកអគ្គរដ្ឋទូត​ថ្មី​ដែល​ដឹង​ច្បាស់​បញ្ហា​ចិន​និង​វៀតណាម​​សម្រាប់​កម្ពុជា


រូប​ឯកសារ៖ លោក Robert William Forden ដែល​ត្រូវ​បាន​រដ្ឋបាល​លោក Joe Biden ​ជ្រើសតាំង​ជា​​បេក្ខជន​ឯកអគ្គរដ្ឋទូត​​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​​ ជំនួស​តំណែង​លោក W. Patrick Murphy ដែល​​ជា​ឯកអគ្គរដ្ឋទូត​បច្ចុប្បន្ន។ (ក្រសួង​ការបរទេស​អាមេរិក)
រូប​ឯកសារ៖ លោក Robert William Forden ដែល​ត្រូវ​បាន​រដ្ឋបាល​លោក Joe Biden ​ជ្រើសតាំង​ជា​​បេក្ខជន​ឯកអគ្គរដ្ឋទូត​​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​​ ជំនួស​តំណែង​លោក W. Patrick Murphy ដែល​​ជា​ឯកអគ្គរដ្ឋទូត​បច្ចុប្បន្ន។ (ក្រសួង​ការបរទេស​អាមេរិក)

សេតវិមាន​ បាន​បញ្ជូន​ឈ្មោះ​បេក្ខជន​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​គឺ​លោក ​Robert William Forden ​ទៅកាន់​ព្រឹទ្ធសភា​ដើម្បី​ទទួល​ការ​យល់​ព្រម។ នេះ​បើ​តាម​គេហទំព័រ​ព្រឹទ្ធសភា អាមេរិក​ដែល​វីអូអេ​បាន​ឃើញ​នៅ​ថ្ងៃ​នេះ​និង​សេចក្តី​ប្រកាស​ព័ត៌មាន​សេតវិមាន​កាល​ពី​ថ្ងៃពុធ។

គេហទំព័រ​ដដែល​បាន​ឱ្យ​ដឹង​ថា​ គណ:កម្មការ​កិច្ចការ​បរទេស​ព្រឹទ្ធសភា​អាមេរិក​បាន​ទទួល​ពី​សេតវិមាន​ហើយ។ ប្រសិន​បើ​ព្រឹទ្ធសភា​យល់ព្រម ​លោក​ Forden ​ដែល​ជា​អ្នក​ការទូត​ជាន់ខ្ពស់ អាមេរិក​យូរឆ្នាំ​ នឹង​ត្រូវ​ជំនួស​លោក Patrick Murphy ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បច្ចុប្បន្ន ​ដែល​កាន់​មុខតំណែង​៣ឆ្នាំ​ហើយ ​ចាប់តាំង​ពីឆ្នាំ​២០១៩​មក។

រូប​ឯកសារ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​បច្ចុប្បន្ន ​លោក W Patrick Murphy ផ្តល់បទសម្ភាសន៍ដល់វីអូអេ ​កាល​ពី​ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)
រូប​ឯកសារ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​បច្ចុប្បន្ន ​លោក W Patrick Murphy ផ្តល់បទសម្ភាសន៍ដល់វីអូអេ ​កាល​ពី​ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

សេតវិមាន​និង ​គេហទំព័រ​ព្រឹទ្ធសភា​បាន​ឱ្យ​ដឹង​ថា​ លោក ​Robert William Forden ​ធ្លាប់​បម្រើ​ការងារ​ជា​ភារធារី​ឬ​ឯកអគ្គរដ្ឋទូត​រង​ក្នុង​ប្រទេស​ចិន​ចាប់ពី​ឆ្នាំ២០២០ ​ដល់​ឆ្នាំ​២០២១ ​និង​ចេះ ភាសា​ចិន​និង​វៀតណាម​ផងដែរ។

លោក​ ប្រធានាធិបតី ​Joe Biden ​បាន​ជ្រើសតាំង​លោក Forden ​ជា​បេក្ខជន​ឯកអគ្គរដ្ឋទូត​កាល​ពី​ថ្ងៃ​ពុធ ​ជាមួយ​នឹង​ការ​ជ្រើសតាំង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក​ជាច្រើន​ទៀត។ ​បច្ចុប្បន្ន​លោក​គឺជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ការិយាល័យ​កិច្ចការ ​អាស៊ី​ខាង​កើត​និង​តំបន់​ប៉ាស៊ីហ្វិក​ បន្ថែម​ពី​លើ​តួនាទី​ជា​ច្រើន​ទៀត​ ដូចជា​អ្នក​ការទូត​អាមេរិក​ប្រចាំ​ប្រទេស ​អ៊ីស្រាអែល​ វៀតណាម ​និង ​មន្ត្រី​ទទួល បន្ទុក​ម្នាក់​នៃ​ការិយាល័យ ​កិច្ចការ​ចិន​ដីគោក​និង ​កោះ​តៃវ៉ាន់ ​ជាដើម។

ការ​ជ្រើសតាំង​បេក្ខជន​អគ្គរដ្ឋទូត​នេះ​ ក្រោយពេល​ដែល​សហរដ្ឋ​អាមេរិក​ ទើបតែ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ពាក់​កណ្តាល​ខែ​ឧសភា​ ដែល​កិច្ចប្រជុំ​កំពូល​នេះ​គឺជា​ការ​បង្ហាញ​ថា​ រដ្ឋបាល​លោក​ Biden ​យកចិត្ត​ទុកដាក់​និង​ងាក​បែរ ​គោល​នយោបាយ​អាមេរិក​ខ្លាំង​ជាង​មុន​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន ​ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​នេះ។

ថ្លែង​ពេល​បើក​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​ជា​ផ្លូវការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​បណ្តា​មេដឹកនាំ​ ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន​លោក​ Joe Biden ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ថា​កិច្ចប្រជុំ​កំពូល​នេះ ​ជា​កំណត់ត្រា​លើ​ការ​បង្កើត​ «សករាជ​ថ្មី» មួយ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្លុក​អាស៊ីអាគ្នេយ៍​ទាំង ១០ ប្រទេស។

លោក Biden បាន​មាន​ប្រសាសន៍​ថា៖ «កិច្ចការ​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​យើង​នៅ​ក្នុង​រយៈពេល ៥០ ឆ្នាំ​ខាង​មុខ​នេះ នឹង​ត្រូវ​កត់ត្រា​នៅ​ក្នុង​ប្រទេស​អាស៊ាន​ ហើយ​ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នក គឺ​ជា​អនាគត ក្នុង​រយៈពេល​រាប់​ឆ្នាំ​និង​រាប់​ទសវត្សរ៍​ខាង​មុខ»។

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​នេះ ជា​កំណត់ត្រា​នៃ​ការ​ជួបជុំ​គ្នា​ជា​ក្រុម​លើក​ដំបូង​របស់​មេដឹកនាំ​អាស៊ាន​នៅ​សេតវិមាន និង​ជា​កិច្ចប្រជុំ​លើក​ដំបូង​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៦ មក។

លោក​ Biden ​ក៏បាន​ប្រកាស​ពី​ការ​តែងតាំង​លោក ​Yohannes Abraham​ ជា ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អាស៊ាន ​ហើយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​បង្កើន​ភាព​ជា​ដៃគូ «ដ៏​សំខាន់» ​របស់​ខ្លួន​ជាមួយ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍។

រដ្ឋបាល​លោក Biden សង្ឃឹម​ថា កិច្ចប្រឹងប្រែង​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​យក​ចិត្ត​ទុកដាក់​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​បញ្ហា​ប្រឈម​រយៈពេល​វែង​ពី​ប្រទេស​ចិន ដែល​ខ្លួន​ចាត់ទុក​ថា​ ជា​ដៃគូ​ប្រជែង​ដ៏​សំខាន់​របស់​អាមេរិក ទោះ​បី​ជា​ក្នុង​អំឡុង​ពេល​ដែល​មាន​វិបត្តិ​នៅ​អ៊ុយក្រែន​ក្តី៕

XS
SM
MD
LG