ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​និយាយ​ពី​ការ​តាំងចិត្ត​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ប្រកប​ដោយ​ស្ថិរភាព​និង​ផ្លែផ្កា​ជាមួយ​ចិន


រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ថ្លែង​នៅ​ក្នុង​បឋកថា IISS Fullerton Lecture នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។
រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ថ្លែង​នៅ​ក្នុង​បឋកថា IISS Fullerton Lecture នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​បាន​តាំងចិត្ត​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ប្រកប​ដោយ​ការ​ស្ថាបនា​ជាមួយ​ប្រ ទេស​ចិន​ហើយ​នឹង​ធ្វើ​ការងារ​លើ​បញ្ហា​រួម​នៅ​ពេល​ដែល​លោក​បាន​បង្ហាញ​ទស្សនៈ​របស់​លោក​ចំពោះ​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សហរដ្ឋ​អាមេរិក​បាន​ប្រឈម​មុខ​ជាមួយ​នឹង​ប្រទេស​ចិន​លើ​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ហើយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ហៅ​ការប្រកួត​ប្រជែង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា«ជា​ការ​សាកល្បង​ខាង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​បំផុត»នៅ​ក្នុង​សតវត្សរ៍​នេះ។

ស្រប​ពេល​ដែល​សុន្ទរកថា​របស់​លោក Austin ក្នុង​ប្រទេស​សិង្ហបុរី នឹង​លើក​ឡើង​អំពីបញ្ហា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពណ៌នា​ថា​មាន​អស្ថិរភាព​ចាប់​ពី​កោះ​តៃវ៉ាន់​រហូត​ដល់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ អត្ថាធិប្បាយ​របស់​លោក​អំពី​ការ​ស្វះស្វែង​រក​ទំនាក់​ទំនង​ប្រកប​ដោយ​ស្ថិរភាព អាច​ជា​ការ​បើក​ចំហ​សម្រាប់​ប្រទេស​ទាំង២​ដើម្បី​ចាប់​ផ្តើម​កាត់បន្ថយ​ភាព​តានតឹង។

យោង​តាម​សម្រង់​នៃ​សុន្ទរកថា​របស់​លោក លោក Austin មាន​ប្រសាសន៍​ថា៖ «យើង​នឹង​មិន​ចុះ​ញ៉ម​ទេ នៅ​ពេល​ដែល​ផល​ប្រយោជន៍​របស់​យើង​រង​ការ​គំរាម​កំហែង​នោះ»។

ទោះ​បី​ជា​មាន​ភាព​តានតឹង​និង​វោហារសាស្ត្រ​ក្តៅ​គគុក​ក៏ដោយ ក៏​ក្រុម​មន្ត្រី​យោធាសហរដ្ឋ​អាមេរិក​បាន​ស្វះស្វែង​ជា​យូរយារ​ណាស់​មកហើយ​ដើម្បី​បើក​បណ្តាញ​គមនាគមន៍​ជាមួយ​សមភាគី​ចិន​ដើម្បី​អាច​សម្រាល​ការ​ផ្ទុះឡើង​ឬ​ដោះស្រាយ​ឧបទ្ទវហេតុ​ណា​មួយ។

អ្នក​ការទូត​កំពូល​ចិន​ម្នាក់​បាន​ធ្វើ​ការ​រិះគន់​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​ដ៏​កម្រ​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ពី​ការ​បង្កើត «សត្រូវ​តាម​ការ​ស្រមើ​ស្រមៃ​មួយ» ដើម្បី​បង្វែរ​ការចាប់​អារម្មណ៍​ពី​បញ្ហា​នៅ​ក្នុង​ប្រទេស​និង​ដើម្បី​ដាក់​គំនាប​លើ​ប្រទេស​ចិន។

អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បីពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ជាមួយ​ភាគី​ចិន​នៅ​ក្នុង​ទីក្រុង Tianjin ភាគ​ខាង​ជើង​ប្រទេស​ចិន៕

XS
SM
MD
LG