ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពី​ការបង្កើត«សត្រូវ​តាម​ការស្រមើ​ស្រមៃ»ក្នុង​អំឡុង​ពេល​នៃ​ការ​កិច្ចប្រជុំ​កម្រិត​ខ្ពស់


នៅ​ក្នុង​រូបថត​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នេះ បង្ហាញ​ពី​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi អង្គុយ​ពិភាក្សា​គ្នា​នៅ​ទីក្រុង Tianjin ប្រទេស​ចិន ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

អ្នក​ការទូត​កំពូល​ម្នាក់​របស់​ចិន​បាន​ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទនៅ​ក្នុងកិច្ចប្រជុំ​កម្រិត​ខ្ពស់​ដ៏​កម្រ​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​បាន​ចោទប្រកាន់សហរដ្ឋ​អាមេរិក​ថា បាន​បង្កើត«សត្រូវ​តាម​ការស្រមើ​ស្រមៃ​មួយ»ដើម្បី​បង្វែ​ការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​នៅ​ក្នុង​ប្រទេស​និង​ដើម្បី​គាប​សង្កត់​ប្រទេស​ចិន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ពេល​ដែល​ទំនាក់​ទំនង​កាន់តែ​អាក្រក់​ទៅៗ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​បង្អស់​ទាំង​ពីរ​របស់​ពិភពលោក លោកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បាន​អញ្ជើញ​ទៅដល់​ទីក្រុង Tianjinភាគ​ខាង​ជើង​ប្រទេស​ចិន​ដើម្បី​ចូលរួម​ជំនួប​ដោយ​ផ្ទាល់​ដែល​ក្រសួង​ការបរទេស​អាមេរិក​ពណ៌នា​ថា «ជា​ការសន្ទនា​ដោយ​ស្មោះត្រង់​និង​ដោយ​ចំហ»។

មិន​មាន​លទ្ធផល​ជាក់លាក់​ដែល​បាន​ព្រមព្រៀង​គ្នា​និង​ក្តីសង្ឃឹម​នៃ​ជំនួប​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ត្រូវ​ពិភាក្សា ទេ។ នេះ​បើ​តាម​ពួក​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​លោក Biden ដែល​បាន​និយាយ​បន្ទាប់ពី​ការ​ចរចា​ដែល​មាន​រយៈពេល​៤ម៉ោង។

ភ្លាមៗ​បន្ទាប់ពី​ជំនួប​កាលពី​ថ្ងៃ​ចន្ទ​បាន​ចាប់ផ្តើម បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន​បាន​រាយការណ៍​ពី​កំណត់​សម្គាល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Xie Feng ដែល​ជា​ការឆ្លុះ​បញ្ចាំង​នៃ​ការឈ្លោះ​ប្រកែក​ប្រហាក់​ប្រហែល​គ្នា ដោយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ចិន​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​កាលពី​ខែ​មីនា​នៅ​ក្នុង​រដ្ឋ Alaska សហរដ្ឋ​អាមេរិក។

លោក Xie បាន​ត្រូវ​បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន​ដក​ស្រង់​សម្តី​មកចុះផ្សាយ​ថា៖ «សហរដ្ឋ​អាមេរិក ចង់​បញ្ឆេះ​ឲ្យ​មាន​គំនិត​ជាតិ​និយម​ឡើង​វិញដោយ​ការ​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា«សត្រូវ​តាម​ការស្រ មើ​ស្រមៃ​មួយ»។

ពួក​មន្ត្រី​រដ្ឋបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា លោកស្រី Sherman បាន​បង្ហាញ​នូវ​ការ ព្រួយ​កង្វល់​របស់​សហរដ្ឋ​អាមេរិក​អំពី​ចំណាត់ការ​របស់​ចិន​លើ​បញ្ហា​នានា​ចាប់តាំង​ពី​ក្រុង​ហុងកុង និង​តំបន់ Xinjiang រហូត​ដល់​ដែនដី​ទីបេ និង​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​កំព្យូទ័រ។

លោកស្រី Sherman ដែល​ក៏​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi ដែរ​នោះ ក៏​បាន​លើក​ឡើង​ពី​ការព្រួយ​កង្វល់​នានា​រួមមាន​ទាំង​បញ្ហា​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មើល​ឃើញ​ថា​ជា​ការ​គ្មាន​ឆន្ទៈ​របស់​ចិន​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ស្តីពី​ការស៊ើប​អង្កេត​ដំណាក់កាល​ទី២​នៃ​ប្រភព​នៃ​ជំងឺ​កូវីដ១៩ និង​ការអនុញ្ញាត​ឲ្យ​បណ្តាញ​ព័ត៌មាន​បរទេស​ចូល​ក្នុង​ប្រទេស​ចិន៕

XS
SM
MD
LG