ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​រំលេច​កំណត់ត្រា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ វៀតណាម ​ឡាវ ​ភូមា ចំ​ពេល​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន


រូប​ឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​​​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​។ (ស្រេង លក្ខិណា/VOA)
រូប​ឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​​​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​។ (ស្រេង លក្ខិណា/VOA)

ក្រុម​សមាជិក​សភា​អាមេរិក​ដាក់​គម្រោង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​រំលេច​ពី​កំណត់ត្រា​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍រួម​ទាំង​កម្ពុជា វៀតណាម ​ឡាវ​និង​ភូមា​ចំ​ពេល​លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden ​គ្រោង​នឹង​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​រួមទាំង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅថ្ងៃ​ទី១២-១៣ ​ខែឧសភា ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​តំបន់ ​សកល​ ទាក់ទង​នឹង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​សន្តិសុខ​ ហើយ​ត្រូវ​គេសង្ស័យ​ថា រឿង​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដែលអាច​មានការ​យកចិត្ត​ទុកដាក់​តិចជាង​នោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​វីអូអេ​ទទួលបាន​ពីការិយាល័យ​សមាជិក​សភា​អាមេរិក​ គឺ​លោក​Alan Lowenthal ​ដែលតែង​ជួយ​គិតគូរ​ពី​បញ្ហា​កម្ពុជា ​នៅថ្ងៃនេះ ​បាន​ឱ្យ​ដឹង​ថា ​សន្និសីទ​នេះ​គឺ​ដើម្បី ​«ទទូច​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ភាព​ចាំបាច់​ដែល​បន្ត​គិតពី​បញ្ហា​សិទ្ធិមនុស្ស​ជា​អាទិភាព​ក្នុង​គោល​នយោបាយ​អាមេរិក ចំពោះ​រដ្ឋ​ក្នុង​តំបន់​អាស៊ាន​រួមទាំង​វៀតណាម​ កម្ពុជា ​ឡាវ ​និង​មីយ៉ាន់ម៉ា»។

សេចក្តី​ប្រកាស​ដដែល​បាន​បន្ត​ថា៖ «ការរំលោភ​សិទ្ធិមនុស្ស​នានា​បាន​នាំ​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​នៅ​មីយ៉ាន់ម៉ា​ ការ​បំបាត់​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ​និង​ការ​បំបាត់​សំឡេង​អ្នក​សារព័ត៌មាន ​អ្នក​រិះគន់​រដ្ឋាភិបាល​ និង​មេដឹកនាំ​សាសនា​នៅ​វៀតណាម»។

បើតាម​សេចក្តី​ថ្លែងការណ៍​ដដែល ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ​សមាជិក​សភា​បីរូប​ចម្រុះ​គណបក្ស​គឺលោក Alan Lowenthal លោក Lou Correa លោកស្រី ​Young Kim ​នឹង​ធ្វើ​សន្និសីទ​កាសែត​រួមគ្នា​រយ:ពេល​៤៥នា​ទីចាប់​ពី​ម៉ោង​៩ព្រឹក​ថ្ងៃទី​១២ ​ខែឧសភា​ រួមគ្នា​ជាមួយ​នឹង​ក្រុម​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​មួយ​ចំនួន​ដូចជា​ Amnesty International ​ក្នុង​កន្លែង​ធ្វើសន្និសីទកាសែត​នៅមុខអគារសភាសហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន។

សេចក្តី​ថ្លែងការណ៍​នេះ​កើតឡើង​ចំពេល​ដែល​អ្នកនាំពាក្យ​សេតវិមាន ​លោកស្រី Jen Psakiបង្ហាញ​ឱ្យ​ដឹង​ពីការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​លោក​ប្រធានាធិបតី ​Joe Biden​ ពេល​លោក​ជំនួប​ជាមួយ​មេដឹកនាំ​ទាំងឡាយ​ដែល​លោក​បាន​ជួប​សន្ទនា​ជាមួយ។ លោកស្រី​មាន​ប្រសាសន៍​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​

វីអូអេ​ប្រចាំ​សេតវិមាន​តាម​ខ្លឹមសារ​ដើមថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា​ លោក​ប្រធានាធិបតី​ មិន​ដែល ​មិននិយាយ​លើក​ឡើង​ពីក្តីបារម្ភ​អំពី​បញ្ហា​សិទ្ធិមនុស្ស នៅពេល​លោក​ធ្វើ​កិច្ចសន្ទនា​ជាមួយ​មេដឹកនាំ​នានា​ដែលមាន​ជាប់ទាក់​ទងនឹង​រឿង​សិទ្ធិមនុស្ស​នេះទេ»។

ក្រុមជន​ជាតិខ្មែរ​អាមេរិកាំង​និងភូមា​និង​ពលរដ្ឋ​ជនជាតិ​ដើមផ្សេងៗ​ទៀត​គ្រោងនឹង​ធ្វើ​បាតុកម្ម​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ដើម្បី​ទាមទារ​ឱ្យ​លោក​ប្រធានាធិបតី ​Joe Biden​ ស្តារ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ​ហើយ​លើក​ឡើង​ពីបញ្ហា​នេះ​នៅពេល​ជួប​ជាមួយ​មេដឹក​នាំ​អាស៊ាន។

ក្រុម​អ្នកវិភាគ​ខ្លះ​បាន​អះអាង​ថា បញ្ហា​ភូមិសាស្ត្រ​នយោបាយ ​ផលប្រយោជន៍​សេដ្ឋកិច្ច​ទំនង​ជាគ្រប​ដណ្តប់​លើបញ្ហា​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ខាង​មុខ៕

XS
SM
MD
LG