ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ប្រធាន​អាស៊ាន​មកដល់​អាមេរិក​ និង​ត្រៀម​ប្រជុំ​ជាមួយ​លោក​ Biden ​និង​មេដឹកនាំ​អាស៊ាន


លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​យោធា Joint Base Andrews Airport​ នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/ទូរទស្សន៍​ជាតិ​កម្ពុជា)
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​យោធា Joint Base Andrews Airport​ នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/ទូរទស្សន៍​ជាតិ​កម្ពុជា)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​បាន​អញ្ជើញ​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ហើយ​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​នៅថ្ងៃ​ទី១២–១៣ ខែ​ឧសភា​ក្នុង​ឋាន:​ជាប្រធាន​អាស៊ាន​ដែល​លោក​ប្រធានាធិបតី អាមេរិក ​Joe Biden (ចូ បៃដិន)​ បាន​អញ្ជើញ​និង​ត្រៀម​ទទួល​ស្វាគមន៍​លោក ​ដូចជា​មេដឹក​នាំ​អាស៊ានផ្សេង​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ប្រកាស​សារ​ជាអក្សរ​អំពី​ដំណើរ​របស់​លោក ​និង​សារ​សំឡេង​តាម​ទំព័រ​ហ្វេសប៊ុក​ថា ​លោក​គ្រោងនឹង​អញ្ជើញ​មកដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច​ថ្ងៃទី​១០ ​ខែឧសភា ​បើ​គ្មាន​អ្វី​ជា​ការ​ប្រែប្រួល​ ក្រោយពេល​ចុះចាក់សាំង​នៅ​កូរ៉េ​ខាងត្បូង ​និង​បន្ត​ហោះទៅ​កាន់​រដ្ឋ ​Alaska ​សហរដ្ឋ​អាមេរិក​នោះ។

ក្រុមមន្ត្រី​អាមេរិក​និង​អាស៊ាន​ បាន​បង្ហាញ​ឱ្យ​ដឹងថា​ បញ្ហា​ជាច្រើន​នឹងត្រូវ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​ដែល​កំពុង​រង់ចាំ​មេដឹកនាំ​អាស៊ាន​រួមទាំង លោក​ហ៊ុន សែន ជា​ប្រធាន​ដើម្បី​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ Joe Biden នោះ​គឺ​រាប់ទាំង​បញ្ហា ​អ៊ុយក្រែន ​ដែល​រុស្ស៉ី​កំពុង​ចូល​ឈ្លានពាន ​បញ្ហា​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ​បញ្ហា​ពាណិជ្ជកម្ម ​បញ្ហ​ក្របខណ្ឌ​ឥណ្ឌូប៉ាស៊ីហ្វិក​ និង​បញ្ហា​ការគំរាម​កំហែង​របស់​ចិន​ទាក់ទង​នឹង​វិវាទ​សមុទ្រចិន​ខាងត្បូង​ជាដើម។ ហើយ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​អាចមិន​ត្រូវបាន​លើកឡើង​ច្រើន​ពេក​នោះ​ទេ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ទេ ​ដោយសារ​សហរដ្ឋ​អាមេរិក​ត្រូវគេ​មើល​ឃើញ​ថា​នឹង​ផ្តោតការ​យកចិត្ត​ទុក​ដាក់​រឿង​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ និង សេដ្ឋកិច្ច​ជាអាទិភាព។

តែ​អ្នកនាំពាក្យ​សេតវិមាន ​លោកស្រី Jen Psaki បង្ហាញ​ឱ្យ​ដឹង​ពីការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​សិទ្ធ​មនុស្ស​របស់​លោក​ប្រធានាធិបតី Joe Biden ​ពេល​លោក​ជួប​ជាមួយ​មេដឹកនាំ​ទាំងឡាយ​ដែល​លោក នឹងបាន​ជួបសន្ទនា​ជាមួយ។ លោកស្រី​មាន​ប្រសាសន៍​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំ​សេតវិមាន​តាម​ខ្លឹមសារ​ដើមថា៖​ «ខ្ញុំអាច​និយាយ​បាន​ថា​លោក​ប្រធានាធិបតី​ មិន​ដែល ​មិន​និយាយ​លើក​ឡើង​ពី​ក្តីបារម្ភ​អំពី​បញ្ហា​សិទ្ធិមនុស្ស នៅពេល​លោក​ធ្វើ​កិច្ចសន្ទនា​ជាមួយ​មេដឹកនាំ​នានា​ដែលមាន​ជាប់ទាក់​ទងនឹង​រឿង​សិទ្ធិមនុស្ស​នេះទេ»។

លោកស្រី​ បាន​អះអាង​បន្ថែម​ថា នេះគឺ​ជាកិច្ច​ប្រជុំ​អាស៊ាន​ ដែល​មេដឹកនាំ​អាស៊ាន​ទាំងអស់​ត្រូវបាន​អញ្ជើញ​ មិន​មាន​ការ​ទាត់ចោល​សមាជិក​ណាមួយ​ទេ​ ហើយក៏​មិនមែន​ជា​ទស្សនកិច្ច​[ទ្វេភាគី]ផ្លូវ​រដ្ឋ​ ក្នុង​ពេល​ជាមួយ​គ្នា​នឹង​កិច្ចប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាន​នេះ​ដែរ។

លោកស្រី​បាន​បញ្ជាក់​ទៀតថា៖ «កិច្ច​ប្រជុំ​នេះ​ជាឱកាស​មួយ​ដើម្បី​ពិភាក្សា​ជាមួយ​មេដឹកនាំ​ក្នុងតំបន់​ទៅលើ​ប្រធានបទ​ដែល​យើង​ត្រូវធ្វើ​កិច្ចការជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺកូវីដ ​ឬ ​បញ្ហា​កំណើន​សេដ្ឋកិច្ច ​ឬ ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់។ ហើយ​ទាំងនេះ​ជា​អ្វី​ពិតប្រាកដ​ដែល​យើង​ត្រូវផ្តោត​ទៅ​លើ»។

ក្រុម​អ្នក​វិភាគ​ស្ថានការណ៍​តំបន់​រួមទាំង​លោក ​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​បាន​និយាយ​ថា​រឿងរ៉ាវ​ស្មុគស្មាញ​ជាច្រើន​ទាំងនេះ ​អាចនឹង​មាន​ភាព​តានតឹង​ក្នុង​ការ​រកការ​ព្រមព្រៀង​ពី​អាស៊ាន​ដែល​មាន​ជំហរ​មិន​ស្របគ្នា។ លោក​បាន​បន្តថា ​សេចក្តី​ថ្លែងការណ៍​បញ្ចប់​កិច្ចប្រជុំ​អាមេរិក-អាស៊ាន​អាចនឹង​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទាំងអស់​បានទេ។ លោក​ទទូច​ឱ្យ​មាន​ការ​ពិភាក្សា​ត្រង់​ទៅត្រង់​មក​ដើម្បី​ជា​ដំណោះស្រាយ​បញ្ហា។

បើតាម​ការឱ្យ​ដឹងរបស់​បណ្តាញ​ព័ត៌មាន​ម៉ាឡេស៊ី The Star ​បានដក​ស្រង់​សម្តី​លោក​រដ្ឋមន្ត្រីការ​បរទេស​ម៉ាឡេស៊ី ​Saifuddin Abdullah​មក​បញ្ជាក់​ថា ​ក្រុមរដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​នឹង​ជួបប្រជុំ​ក្រៅផ្លូវការ​នៅ​ថ្ងៃទី១១ ​ខែ​ឧសភា​ នៅ​មុន​ពេល​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ចាប់ផ្តើម​ធ្វើនៅ​ថ្ងៃ​ទី១២-១៣ ​ដើម្បី​ពិភាក្សា​អំពីបញ្ហាវិបត្តិ​ភូមា​ក្រោយ​រដ្ឋប្រហារ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី ​Aung San Suu Kyi។

នៅ​ក្នុង​ដំណើរ​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​លើកនេះ​ លោក ហ៊ុន សែន នឹង​ធ្វើ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន (US-ASEAN Special Summit) ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើកទី​៤៥​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាមេរិក-អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​ផ្សេង​ទៀត​នឹង​ត្រូវ​ទទួល​ជួប​ស្វាគមន៍​ដោយ​សមាជិក​សភា​អាមេរិក​ពី​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ដែល​នឹង​រៀបចំ​ទទួល​ដោយ​អ្នកស្រី Nancy Pelosi (ណាន់ស៊ី ភេឡូស៊ី) ប្រធាន​រដ្ឋសភា​អាមេរិក នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក (US Capitol) ហើយ​និង​ត្រូវ​ជួប​ស្វាគមន៍​ដោយ​លោក Joe Biden (ចូ បៃដិន) នៅ​សេតវិមាន​ក្នុង​ពិធី​ថតរូប ​និង​ ទទួល​ទាន​អាហារ​ពេល​ល្ងាចជាមួយ​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត​ដែល​រៀបចំ​ទទួល​ដោយ​លោក​ Biden ​ផងដែរ។ ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ មេដឹកនាំ​អាស៊ាន​ក៏​នឹង​ត្រូវជួប​ទទួល​ស្វាគមន៍​ដោយ​អនុ​ប្រធានាធិបតី​អាមេរិក​ អ្នកស្រី Kamala Harris (កាម៉ាឡា ហារីស) ផង​ដែរ ដោយ​មាន​សម័យ​ប្រជុំ​ពេញ​អង្គ​ជាមួយ​បណ្តា​រដ្ឋមន្រ្តី​ស្តីពី​បញ្ហា​វិធានការ​អាកាសធាតុ ថាមពល​ស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​ចីរភាព។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ថា៖ «ការ​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​ និង​ការ​នាំ​ភាព​ជា​ដៃ​គូ​អាស៊ាន​សហរដ្ឋ​អាមេរិក​ទៅ​កាន់​កម្រិត​មួយ​ទៀត​ជា​ប្រធានបទ​ដ៏​សំខាន់​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ»។

លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រី ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​មុន​ចេញ​ដំណើរ​ថា​នឹង​មិន​មាន​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​ប្រធានាធិបតី​អាមេរិក ដាច់​ដោយ​ឡែក​ឡើយ។

លោក ហ៊ុន សែន ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​អាមេរិក និង​កាណាដា​ជាច្រើន​នាក់​ផង​ដែរ។

បើ​តាម​គម្រោង ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ដឹកនាំ​គណៈ​ប្រតិភូ​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២៕

XS
SM
MD
LG