ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មានចំណាប់អារម្មណ៍ផ្ទាល់ចង់ឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលអាចជាគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ហើយស្របពេលនោះដែរ លោកបានផ្អឹបជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីការទូតកំពូលសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធម្សិលមិញនៅក្នុងសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង។
ជាមួយគ្នានេះដែរ លោក Trump បានប្រាប់អ្នកកាសែតនៅក្នុងសន្និសីទកាសែតជាមួយនឹងប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ថា សវនាការស៊ើបអង្កេតនេះគឺជា «ការតាមព្យាបាទ» និងជា «រឿងគួរឲ្យចង់សើច»។ លោកបាននិយាយថា លោកមិនបានមើលសវនាការនេះតាមកញ្ចក់ទូរទស្សន៍នោះទេ ដោយសារតែលោករវល់ជួបពិភាក្សាជាមួយនឹងលោក Erdogan។
លោក Trump ក៏បានឌឺដងផងដែរចំពោះការបញ្ចេញព័ត៌មានអំពី «ការសន្ទនាតាមទូរស័ព្ទលើកទីពីរ» នេះ» ដែលលោកបាននិយាយថា «តាមពិតជាការសន្ទនាលើកទីមួយនៃការសន្ទនាទាំងពីរនេះ»។
សមាជិកគណបក្សសាធារណរដ្ឋបានអំពាវនាវឲ្យមានការផ្ដល់សក្ខីកម្មពីអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ ដែលព័ត៌មានដែលបានបញ្ចេញនោះបានធ្វើឲ្យរដ្ឋសភាចាប់ផ្ដើមជាផ្លូវការនូវការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង និងឈានដល់ការបើកសវនាការជាសាធារណៈអំពីការស៊ើបអង្កេតនេះ។
គណៈកម្មាធិការរដ្ឋសភាដែលរៀបចំសវនាការនេះ បានបោះឆ្នោតស្របតាមគោលការណ៍គណបក្សរៀងៗខ្លួនកាលពីថ្ងៃពុធម្សិលមិញ ដើម្បីពន្យារពេលសំណើច្បាប់មួយ ដែលតម្រូវឲ្យមានការចេញដីកាកោះហៅអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់មកបង្ហាញខ្លួន។
ឯកអគ្គរដ្ឋទូតស្ដីទីសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនលោក William Taylor បានរៀបរាប់ឡើងវិញអំពីកិច្ចសន្ទនាសម្ងាត់កាលពីមុន ដែលបុគ្គលិកជំនួយការរបស់លោកបានឭដោយចៃដន្យកាលពីថ្ងៃទី ២៦ ខែកក្កដា។ ថ្ងៃនោះគឺមួយថ្ងៃក្រោយមក បន្ទាប់ពីលោក Trump បានស្នើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅក្នុងការសន្ទនាតាមទូរស័ព្ទឲ្យស៊ើបអង្កេតលើលោក Biden និងការងាររបស់លោក Hunter Biden ដែលជាកូនប្រុសរបស់លោក Biden នៅក្នុងក្រុមហ៊ុនឧស្ម័នធម្មជាតិមួយរបស់អ៊ុយក្រែន និងទ្រឹស្ដីមិនពិតដែលថាអ៊ុយក្រែនជាអ្នកជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦៕