ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​២​នាក់មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នៅ​​ប៉ារីស​និង​ប៊្រុច​សែល​ត្រូវ​បាន​ចាប់​ខ្លួន​


រូបថត​ផ្សេងៗ​របស់​ Mohamed Abrini មុន​ពេល​ចាប់​ខ្លួន​ដែលគេ​​សង្ស័យ​ថា​បាន​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស និង​ក្រុង​ប៊្រុចសែល។
រូបថត​ផ្សេងៗ​របស់​ Mohamed Abrini មុន​ពេល​ចាប់​ខ្លួន​ដែលគេ​​សង្ស័យ​ថា​បាន​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស និង​ក្រុង​ប៊្រុចសែល។

អាជ្ញាធរ​ប៊ែលហ្ស៊ិក​ បាន​ចាប់​ខ្លួនជន​ជាប់​សង្ស័យ​ម្នាក់​ដែល​រត់​គេច​ខ្លួនហើយជា​មុខសញ្ញា​ចាប់​ខ្លួន​ទាក់ទិន​ជាមួយ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ក្រុង ប៉ារីស កាល​ពី​ខែ​វិច្ឆិកា។ ជន​ជាប់​សង្ស័យ​នេះ​ក៏​មាន​ទាក់​ទិនជាមួយ​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល​កាល​ពី​ខែមុន​ផង​ដែរ។

គេមាន​ជំនឿ​ថា​ឈ្មោះ​ Mohamed Abrini ​អាយុ​៣១ឆ្នាំ​ដែល​ជា​ពលរដ្ឋ​ប៊ែលហ្ស៊ិក​ ដើម​កំណើត​ម៉ារ៉ុក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ ជា​ «បុរសពាក់មួក»​ មាន​ភាពអាថ៌កំបាំង​ដែល​បាន​រត់​គេច​ខ្លួន​ពី​ការផ្ទុះ​គ្រាប់​បែក​នៅ​ឯចំណត​យន្តហោះ​ Zaventem នៃ​ក្រុង​ប្រ៊ុចសែល។​

ប្រសិន​បើ​នេះ​ជា​ការ​ពិត​មែន​នោះ​ ​នេះមានន័យ​ថា​ឈ្មោះ ​Abrini ​មាន​មុខនាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទាំង​ពីរ​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​តូច​មួយ​នៃ​ពួករដ្ឋ​ឥស្លាម​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ទាំង​អស់១៣០​នាក់​នៅ​ក្នុង​ក្រុង​ប៉ារីស​ និង​មាន​អ្នកស្លាប់​៣២នាក់​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល និង​បាន​នាំ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស។​

គេ​បា​នឃើញ​រូប​ Abrini ​នៅ​ក្នុង​វីដេអូ នៃ​ប្រដាប់​ថត​មួយ​នៅ​ឯកន្លែង​ចាក់​សាំង​មួយ​នៅ​តាម​ផ្លូវ​ទៅ​កាន់ក្រុង​ប៉ារីស​ ក្នុង​រយៈ​ពេល​ខ្លី​នៅមុន​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ជាមួយ​ជន​ជាប់​សង្ស័យ​ម្នាក់​ទៀត​គឺ​ឈ្មោះ​ Salah Abdeslam ​ដែល​ជាប់​ឃុំឃាំង​ស្រេច​ហើយ​នៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក។​

ឈ្មោះ​ Abrini ​ជា​ជន​ជាប់​សង្ស័យ​ចុង​ក្រោយ​បង្អស់​ដែល​គេ​ដឹង​អត្តសញ្ញាណ​ពី​ការ​វាយ​ប្រហារភេរវកម្មកាល​ពី​ថ្ងៃ​ទី​១៣ខែ​វិច្ឆិកានៅ​ក្នុង​ក្រុង​ប៉ារីស​ ដែល​អាជ្ញាធរ​បានរកខ្លួន។

ពួក​ប៉ូលីស​ប៊ែលហ្ស៊ិក​ បាន​ចាប់​ខ្លួន​មនុស្សទី​ពីរ​ដែល​អាច​មាន​ការ​ទាក់ទិន​ជាមួយ​ការ​បំផ្ទុះ​គ្រាប់បែកដ៏​ប្រល័យ​នៅ​ឯស្ថានីយ៍​រទេះ​ភ្លើង​ក្រោម​ដី​ Maelbeek នៃ​ក្រុង​ប៊្រុចសែល​ នៅ​ពេល​មាន​អ្នក​ដំណើរ​កុះករ​កាល​ពី​ព្រឹកថ្ងៃ​ទី​២២ខែ​មីនា​កន្លង​ទៅ។​

ការិយាល័យ​ព្រះ​រាជអាជ្ញា​នៃ​ប្រទេស​ប៊ែលហ្ស៊ិក​បាន​បញ្ជាក់​ថា ​ពិតជាមាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​មែន កាល​ពីថ្ងៃ​សុក្រ ក៏ប៉ុន្តែ​មិន​បានផ្តល់ព័ត៌មាន​បន្ថែម​ទៀត​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG