ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​សារព័ត៌មាន RFA ត្រូវ​ចោទ​ពី​បទចារកម្ម តែ​ប៉ូលិស​បែក​ធ្លាយ​រូប​អាស​អាភាស


ایک جوڑا ہاتھیوں پر سوار ہو کر کاغذات پر دستخط کر رہا ہے۔ ہاتھیوں کو کنٹرول میں رکھنے لیے ہر ہاتھی کے ساتھ مہاوت موجود ہے۔ 
ایک جوڑا ہاتھیوں پر سوار ہو کر کاغذات پر دستخط کر رہا ہے۔ ہاتھیوں کو کنٹرول میں رکھنے لیے ہر ہاتھی کے ساتھ مہاوت موجود ہے۔ 

មេធាវី​របស់​អតីតអ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ដែល​កំពុង​ជាប់​ឃុំឃាំង​លើក​ឡើង​ថា​លោក​មិន​បាន​ដឹង​ពី​ភស្តុតាង​ដែលសារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​មួយ​ចំនួន​បានផ្សាយ​និងចោទ​កូនក្តី​របស់​លោក​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ថត​ ឬ​ ផលិតវីដេអូ​អាស​អាភាស​នោះ​ទេ។​

លោក កែវ វ៉ាន្នី​មេធាវី​តំណាង​ឱ្យ​លោក​អ៊ួនឈិន ​និង​លោក​យាង សុធារិនហៅ​យាង​សុជាមេត្តា​បាន​បញ្ជាក់​ថា​ ​ការ​បញ្ចេញ​ភស្តុតាង​ណាមួយ​ជា​សាធារណៈ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​នីតិវិធី​តុលាការ​និង​សិទ្ធិ​របស់កូនក្តី​លោក។​

អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីររូប​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​កាល​ពីយប់​ថ្ងៃ​អង្គារ​ ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ​ ​ដោយ​សង្ស័យ​ថា​ ​បាន​រាយ​ការណ៍​ព័ត៌មាន​បញ្ជូន​ទៅ​ស្នាក់​ការ​កណ្តាល​វិទ្យុ​អាស៊ី​សេរី​ ​នៅ​សហរដ្ឋ​អាមេរិក។​ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ផ្អាក​នីតិវិធី​ស៊ើបសួរ​អ្នក​ទាំង​ពីរ​បាន​ប៉ុន្មានម៉ោង​កាលពី​ថ្ងៃសៅរ៍​ ​គេ​ឃើញ​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចំនួន​ពីរ​ គឺ​គេហទំព័រ​Fresh News ​និង​គេហទំព័រ​ Swift News ​បាន​ផ្សាយ​រូប​ភាពអាសអាភាស​ជាច្រើន​សន្លឹក​ ​ដោយ​អះអាង​ថា​ ​ជា​រូបភាព​ដែល​បានពី​សមត្ថកិច្ច​ ​និង​ថា​ ​ជា​ភស្តុតាងដែល​តុលាការ​បាន​រកឃើញ​ថា​ លោក​ ​អ៊ួន ឈិន​ ​បាន​ថត​ ​និង​ផលិត​វីដេអូ​អាស​អាភាស។

លោក​ ​កែវ វ៉ាន្នី​ និយាយ​ថា៖​

«ធម្មតា​ដំណើរ​ការ​នីតិវិធី​គេ​រក្សាភាព​សម្ងាត់​អំពី​ប្រភេទ​នៃ​ភស្តុតាង​ទាំងអស់​ ​ហើ​យ​ប្រសិន​បើ​មានការ​បញ្ចេញ​ភស្តុតាង​ហ្នឹង វា​ប៉ះពាល់​ដល់​នីតិវិធី​តុលាការ​ទាំង​មូល។​ ​វា​ប៉ះពាល់​ទាំង​អស់ ទាំង​កូន​ក្តី​ខ្ញុំ​ ​ទាំង​នីតិវិធី​តុលាការ​ ដែល​គេ​ត្រូវ​រក្សា​ការសម្ងាត់​ទាំងអស់»។

ក្រោយ​ពី​ការ​បង្ហាញ​រូប​ភាពអាស​អាភាស​ អម​នឹង​អត្ថបទ​នៅ​ក្នុង​ទំព័រ​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​សាធារ​ណជន​ ​និង​អ្នកសារព័ត៌​មាន​នា​នា​ ​បាន​រិះគន់​យ៉ាង​ខ្លាំង​តប​ទៅ​នឹង​ការ​ផ្សាយរូប​ទាំង​នេះ​ជា​សាធារណៈ ​ដោយ​ថា ជា​ការ​ផ្សាយផ្ទុយនឹងវិជ្ជាជីវៈ ​និង​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌​មាន​។

លោក លឹម ជាវុត្ថា ​ស្ថាបនិក ​និង​ជា​នាយក​ប្រតិបត្តិ​គេហ​ទំព័រ​ Fresh News ដែល​ជា​គេហទំព័រ​បាន​ផ្សាយ​រូបភាព​ទាំង​នោះ​ដោយ​បិទ​បាំង​ខ្លះ​ ប្រាប់​ VOA​ ថា ​លោក​ទទួល​បាន​រូបថត​ទាំង​នោះ​តាម​រយៈ​មន្រ្តីនគរបាល​ជាន់​ខ្ពស់​ក្រសួងមួយ​រូប​ ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​លោក​ថា ជា​រូបភាព​របស់​លោក អ៊ួន ឈិន។ លោក​បន្ថែម​ថា លោក​មិន​ដឹង​ថា​តើ​ការ​បញ្ចេញ​រូប​ដែល​ជាភស្តុតាង​បាន​មក​ពី​សមត្ថកិច្ច​ទាំងនោះ​ គឺ​ជា​រឿង​ខុស​ច្បាប់ ​ឬ​យ៉ាងណា​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ ​«អាហ្នឹង​ខ្ញុំ​អត់​ដឹង​ថា​តើ​រឿង​ហ្នឹង​យ៉ាងម៉េច​ទេ គ្រាន់តែ​ខ្ញុំ​បាន​ទទួល​ពី​សមត្ថកិច្ច ព្រោះខ្ញុំ​សួរនាំ​រឿង​ហ្នឹង​ទៅ សមត្ថកិច្ច​គាត់​ថា​គាត់​មាន។ ហើយ​ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​ទទួល​បាន​ពី​មន្រ្តី​នគរបាល​ជាន់​ខ្ពស់​មួយ​រូប»។​

​លោក​ ​លី សុផាណា​ ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ ​VOA​ ​ ដែល​សួរ​តាម​រយៈសារអេឡិច​ត្រូនិច​តេលេក្រាម​នោះ​ទេ​ ​រហូត​ដល់​ល្ងាចថ្ងៃ​ច័ន្ទ​នេះ។​

VOA​ ​ក៏​មិន​អាច​ទាក់ទង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​ដើម្បី​បញ្ជាក់​ ​ពី​ការ​អះអាង​របស់​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​នោះ​ដែរ។​

អយ្យការ​អម​តុលាការ​ភ្នំពេញ​ចោទ​ប្រកាន់​អតីត​អ្នកសារព័ត៌មាន​ទាំងពីរ​នាក់​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេសនូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការការពារ​ជាតិ»​ ​តាម​មាត្រា​៤៤៥​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រឈម​នឹង​ការ​ជាប់​ទោស​ ​ពី៧​ ​ទៅ​១៥ឆ្នាំ។​

លោក​ ​កែវ វ៉ាន្នី​ ​ ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃច័ន្ទ​នេះ​ថា​ ​កូនក្តី​របស់​លោក​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស​ ​បន្ទាប់​ពី​ការ​សាកសួរ។​ ​លោក​ថា​ ​មិន​មាន​ភស្តុតាងណា​មួយ​ដែល​បាន​បញ្ជាក់​ថា​ ​កូនក្តី​របស់​លោក​បាន​ប្រព្រឹត្ត​អំពើដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ពាក្យ​ថា​បញ្ជូន​សារព័ត៌មាន​ទាក់ទង​នឹង​កិច្ចការពារ​ជាតិ​ ​វា​ខ្លាំង​ណាស់​ ​គឺថា​យើងដឹងពីភាព​សម្ងាត់​របស់​ប្រទេស​ជាតិ​ ​ហើយ​យើង​រាយការណ៍បញ្ហា​វិធីសាស្រ្ត​នៃ​ការ​ការពារ​ជាតិ​យើង​ទៅ​ឲ្យ​ប្រទេស​ផ្សេង​ដឹង។ ​ប៉ុន្តែ​កន្លង​មកគឺ​ទាំង​ក្នុង​ពេល​បំពេញ​ការងារ​ជាមួយវិទ្យុ​អាស៊ី​សេរី​ ​ទាំង​ក្រោយ​បំពេញ​ការ​ងារ​ ​គឺ​គាត់​ចប់​ហើយហ្នឹង​ សារព័ត៌មាន​ភាគ​ច្រើន​ ​គឺ​សុទ្ធ​តែ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ទូទៅ​ជា​សាធារណៈ​ ​គាត់​មិន​បាន​បញ្ជូន​ព័ត៌មាន​ណាមួយ​ទាក់ទង​នឹង​ភាព​សម្ងាត់​របស់​ប្រទេស​ជាតិ​ទេ»។​

យោង​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចែង​ថា​ ​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ការការ​ពារជាតិ​ ​គឺជា​អំពើ​ប្រគល់​ ​ឬធ្វើ​ឲ្យ​ងាយស្រួល​ធ្លាក់​ដល់​ដៃ​រដ្ឋ​បរទេស​ ​ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន​ ​វិធី​ ​វត្ថុ​ ​ឯកសារ​ ​ទិន្នន័យ​ព័ត៌មាន​វិទ្យា​ ​ឬ​សាលាកបត្រ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ។​ ​អំពើ​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ ​(ប្រាំពីរ)​ ​ឆ្នាំ​ ​ទៅ​១៥​ ​(ដប់ប្រាំ)​ ​ឆ្នាំ។​

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ ​បាន​លើក​ឡើង​ថា​ ​ការ​ដាក់​ការ​សង្ស័យ​ពីបទ​ ​«ផ្តល់​ព័ត៌មាន​សម្ងាត់ទៅ​បរទេស»​ ​ក្នុង​មាត្រា​៤៤៥​ ​លុះត្រា​តែ​ព័ត៌មាន​នោះ​ជា​ព័ត៌មាន​សម្ងាត់​ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​បច្ចាមិត្ត។​

លោក​ ​Rohit Mahajan​ ​អ្នកនាំពាក្យ​វិទ្យុអាស៊ីសេរី​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​ ​សហរដ្ឋ​អាមេរិក​ ​ប្រាប់ VOA​ ​តាម​រយៈសារ​អេឡិច​ត្រូនិច​ ​ឬ​អ៊ីមែល​ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ​ការ​ចោទ​ប្រកាន់អតី​ត​អ្នក​សារ​ព័ត៌មានវិទ្យុអាស៊ី​សេរី​ពីរ​នាក់​ ​ពីបទ​ចារកម្ម​ ​កំពុង​បង្ហាញ​ថា​ ​អាជ្ញាធរ​កម្ពុជា​កំពុង​តែ​បង្ហាញ​ពី​ទម្រង់​បំភិត​បំភ័យយ៉ាង​ធ្ងន់ធ្ងរតាម​បែប​ផ្តាច់ការ។​ ​លោក​បន្ត​ថា​ ​អតីត​អ្នកសារព័ត៌មាន​របស់​វិទ្យុអាស៊ី​សេរី​ទាំង​ពីរ​រូប​នោះ​ ​បាន​ផ្តាច់​ទំនាក់ទំនង​ ​ជាមួយ​វិទ្យុដែល​តែង​ផ្សាយ​ពីភាព​អវិជ្ជមាន​របស់រដ្ឋាភិបាល​កម្ពុជា​មួយ​នេះ​ តាំងតែ​ពី​ពេល​ដែល​ការិយា​ល័យរបស់​អាស៊ីសេរី​នៅ​ភ្នំពេ​ញ​ត្រូវ​បាន​បិទ​ទ្វារ​ ​កាលពី​ដើម​ខែ​កញ្ញា​ ​ដូច្នេះ​លោក​ថា​ ​ការ​ចោទ​ប្រកាន់នេះ​ ​ជាការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​គ្មាន​មូលដ្ឋានទៅ​លើ​សំឡេងឯករាជ្យ។​

លោក​ Rohit Mahajan​ ​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«សកម្មភាព​ដ៏​គួរ​ឲ្យ​រន្ធត់​ទាំងនេះ​ ​បាន​ចាប់ផ្តើម​ជំពូក​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​សៀវភៅ​ដែល​និពន្ធ​ដោយ​លោក​ ​ហ៊ុន សែន​ ​ស្តីពី​ភាព​ភ័យ​ខ្លាច ការរំលោភ​បំពាន និងការ​គំរាម​កំហែង​ដែល​កើត​ឡើង​ប្រឆាំង​នឹង​សំឡេង​ឯករាជ្យ។​ ​ហើយ​សកម្មភាព​ទាំង​នោះ​ដើរ​តួ​ជា​ការ​ក្រើន​រំឭក​ដ៏​ព្រឺព្រួច​ថា​ ​ច្បាប់​នឹង​ត្រូវ​បាន​ប្រើ​ជា​លេស​ដោះសារ​ដ៏​ស្តើង​មួយ​ ដើម្បី​បង្រ្កាប​សារព័ត៌មាន​ ​និង​ការបញ្ចេញមតិ​ដោយ​សេរី​ ​និង​តាម​អំពើ​ចិត្ត​ក្នុង​ពេល​ណា​ក៏​បាន»។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ ​ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅ​កម្ពុជា​ ​(OPCC)​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ​បង្ហាញ​ពីការព្រួយ​បាម្ភ​ថា​ ​ការ​ចោទ​ប្រកាន់​អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ទាំង​ពីរ​រូបពីបទ​ចារកម្ម​ ​គឺជាការ​វាយ​ប្រហារ​មក​លើ​សារ​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។​ ក្លឹប​អ្នក​សារ​ព័ត៌មាន​បរទេសនៅ​កម្ពុជា​ ក៏​បានអំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​សេរី​ភាព​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​ដោះ​លែង​អតីត​អ្នកសារព័​ត៌មានទាំង​ពីរ​រូប ប្រសិន​បើ​មិនមាន​ភស្តុតាង​ដាក់​បន្ទុក​ពួកគេ។​

សេចក្តី​ថ្លែងការណ៍​នោះ​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ការចោទ​ប្រកាន់​ពួកគេ​ថា​បាន​ប្រគល់​ព័ត៌​មាន​ឲ្យ​ទៅ​មហា​អំណាច​បរទេស​មួយ​ដោយ​គ្មាន​ភស្តុតាង​ រដ្ឋា​ភិបាល​កំពុង​ធ្វើ​ឲ្យ​វិស័យ​សារព័ត៌​មាន​ទាំងអស់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ ​ឬ​ប្រហែល​ជា​ត្រូវ​បាន​អាន​ដោយ​ជន​បរទេស​ ​ក្លាយ​ជា​អំពើ​ឧក្រិដ្ឋ»។​

វិទ្យុ​អាស៊ីសេរី​ជា​សារព័ត៌មាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សហ​រដ្ឋ​អាមេរិក​ ​និង​ផ្សាយ​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​ ក្នុង​គោល​ការណ៍​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពល​រដ្ឋ​ខ្មែរ។​ ​វិទ្យុ​នេះ​ភាគ​ច្រើន​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​បញ្ហា​សង្គម​ ​បញ្ហា​ដីធ្លី​ជា​ដើម។​

នៅ​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​នេះ​ ​វិទ្យុ​អាស៊ី​សេរី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ប្រកាស​ថា​ ​ខ្លួនផ្អាក​ដំណើរ​ការ​ការិយា​ល័យ​ព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ទាំង​បង្ខំ។​ ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​នោះ​ ​វិទ្យុ​អាស៊ីសេរី​ចោទ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​ទុក្ខ​បុកម្នេញ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ ​និង​គូ​បដិបក្ខ ​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។​

ក្រោយ​ការ​ប្រកាស​ផ្អាក​ដំណើរ​ការ​ការិយាល័យ​នៅ​ភ្នំពេញ​ ​ក្រសួង​ព័ត៌មាន​ក៏​បាន​ប្រកាស​ថា​ ​អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ទាំង​អស់​នឹង​ត្រូវ​ចាប់​ខ្លួន​ ​ប្រសិន​បើ​ពួក​គេ​នៅ​បន្ត​ចុះ​យក​ព័ត៌មាន​ និង​រាយ​ការណ៍​ពី​ប្រទេស​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG