ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឃុំ​ខ្លួន​សកម្មជន​២​នាក់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ និង​បង្ក​អសន្តិសុខ​សង្គម


រូប​ផ្គុំរវាង​លោក​ ហ៊ុន កុសល​ និង​លោក​ យឹម ស៊ីណន។ (វីអូអេ)
រូប​ផ្គុំរវាង​លោក​ ហ៊ុន កុសល​ និង​លោក​ យឹម ស៊ីណន។ (វីអូអេ)

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង ២​នាក់ គឺ​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ក្រោម​បទ​ចោទ​ប្រកាន់​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម។

ពួកគេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចំពោះ​ការ​ចោទ​ប្រកាន់​ថា​លោក ហ៊ុន សែន មិន​គោរព​ព្រះ​មហា​ក្សត្រ តាម​រយៈ​រូបភាព​ដែល​បង្ហោះ​ក្នុង​ពិធី​មួយ​ក្នុង​ខេត្ត​សៀមរាប ដែល​លោក ហ៊ុន សែន បាន​ឈរ និង​អង្គុយ​ក្បែរ​ព្រះ​មហាក្សត្រ ហើយ​ក្លស់​បាំង​លើ​លោក ហ៊ុន សែន មិន​មែន​នៅ​លើ​ព្រះ​មហាក្សត្រ។

ដីកា​របស់​តុលាការ​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​សកម្មជន​នយោបាយ​២​នាក់​គឺ​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន អតីត​ប្រធាន​ចលនា​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ចេញ​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ បញ្ជាក់​ថា៖ «ជន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ និង​បទ​ញុះញង់ បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០២៣ បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៤៣៧(ស្ទួន)​នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម ក្រម​ព្រហ្មទណ្ឌ មាត្រា​៤៩៤ និង​មាត្រា៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ»។ ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​បន្ថែម​ថា​សកម្មជន​នយោ​បាយ​២​នាក់​នេះ ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ទី​មួយ ដោយ​អនុវត្ត​តាម​ច្បាប់​ដោយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ពី​ប្រធានមណ្ឌល រហូត​មាន​បទ​បញ្ជា​ថ្មី​សម្រេច​ផ្សេង​ពី​នេះ។

ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស សកម្មជន​នយោបាយ​ទាំង​២​នាក់ នឹង​ត្រូវ​ប្រឈម​ជាប់​ពន្ធនា​គារ​ពី១​ឆ្នាំ​ទៅ​៥ឆ្នាំ តាម​មាត្រា​ថ្មី​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ត្រូវ​បាន​អនុម័ត កាល​ពី​ឆ្នាំ​២០​១៨ ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ។

អង្គការ​សង្គម​ស៊ីវិល​បាន​រាយការណ៍​ថា​យ៉ាង​តិច​មនុស្ស​១០នាក់ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន តាម​មាត្រា​ថ្មី​នេះ ចំពោះ​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ។

កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ឱ្យដឹង​ថា​លោក យឹម ស៊ីណន បាន​បង្ហោះ​សារ​រួច​ហើយ​លោក​លុប​ចោល​វិញ ក្នុង​ន័យ​ចោទ​សួរ​ថា​«អ្នក​ណា​ជា​ស្តេច​ពិត​ប្រាកដ?» នៅ​ពេល​លោក ហ៊ុន សែន ដើរ ឱ្យ​និង​អង្គុយ​អម​ព្រះ​មហា​ក្សត្រ​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប។

ចំណែក​សារ​របស់​លោក ហ៊ុន កុសល ភ្ជាប់​ជាមួយ​រូប​ថត​មួយ​សន្លឹក​របស់​ព្រះ​មហាក្សត្រ​ដោយ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «ឃើញ​ពួកគេ​ធ្វើ​បាប​ព្រះ​ទ័យ និង​បន្ទាប​ព្រះ​ចេស្តា​ព្រះ​មហា​ក្សត្រ​ខ្មែរ​គ្រប់​ច្រក​បែប​នេះ។ ទូល​បង្គំ​ជា​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ប្តេជ្ញា​នឹង​ប្រើ​សមត្ថភាព​ដែល​មាន​ទាំង​ប៉ុន្មាន​ចូលរួម​ពូន​ផ្តុំ​ជាមួយ​លោក​ប្រធាន កឹម សុខា ការ​ពារ​ព្រះ​ចេស្តា​ក្សត្រ និង​ព្រះរាជ​បល្ល័ង្ក​ដែល​ប្រជារាស្រ្ត​ខ្មែរ​មិន​អាច​ខ្វះ​បាន»។

ភរិយា​របស់​លោក​ យឹម ស៊ីណន ​អ្នកស្រី ​សុផាត មករា ​ដែល​មាន​កូន​ពីរ​នាក់ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​បន្ទាប់​ពី​អ្នកស្រី​បាន​ដឹង​ពី​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ លោក យឹម ស៊ីណន ​ដែល​ជា​ស្វាមី អ្នក​ស្រី​បាន​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​លោក យឹម ស៊ីណន។

អ្នក​ស្រី​ថ្លែង​ថា៖ «នៅ​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​អំពាវនាវ​ឱ្យ​សម្តេច​ពុក គាត់​ជួយ​ពិនិត្យ​មើល​កូន​ចៅ​ត្រង់​ចំណុចហ្នឹង​បន្តិច​ទៀត​ឱ្យ​គាត់​មេត្តា ដោយ​សារ​ពួកខ្ញុំ​គឺនៅ​មាន​កូន ដែល​គាត់​សួរ​រក​ប៉ា​របស់​គេរាល់​ថ្ងៃ ហើយ​គាត់​ព្យាយាម​សួរ​ប៉ា​គាត់​នៅ​ណា ហើយ​ខ្ញុំ​អត់​អាច​ដឹង​ថា​គាត់​នៅ​ឯណា​ទេ នៅ​ក្នុង​ខណៈ​ពេល​នេះ​ខ្ញុំ​អត់​ដឹង​ថា​ទៅ​រក​អន្តរាគមន៍​នៅ​កន្លែង​ណា។ ខ្ញុំ​នឹក​ឃើញ​តែ​ចង់​ឱ្យ​គាត់​មេត្តា​ករុណា ជួយ​សន្តោស​ដល់​គាត់​នេះ​ខ្ញុំ​អត់​ដឹង​ថា​ទៅ​ពឹង​អ្នក​ណា​ទៀត ខ្ញុំ​មាន​ជម្រើស​បែប​ហ្នឹង​អ៊ីចឹង»។

លោក​ Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ Human Rights Watch ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នឹង​បាត់​បង់​ក្រោម​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ខណៈ​ការ​បោះឆ្នោត​ជាតិ​ខិត​ជិត​មក​ដល់។ លោក​បន្ថែម​ថា​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ជា​ការ​បញ្ចេញ​យោបល់​អំពី​កម្មវិធី​ណាមួយ​របស់​រដ្ឋាភិបាល មិន​មែន​ជា​បទ​ល្មើស​ឡើយ៕

XS
SM
MD
LG