នៅក្នុងថ្ងៃរំឭកខួបលើកទី១៩នៃព្រឹត្តិការណ៍ផ្ទុះអាវុធ៥-៦ កក្កដា នាព្រឹកថ្ងៃពុធនេះ គណបក្សជំទាស់ទាំង២គឺគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែររួបរួមជាតិដែលទើបបង្កើតថ្មីរបស់លោក ញ៉ឺក ប៊ុនឆៃ បានរៀបចំពិធីបង្សុកូលដាច់ដោយឡែកពីគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបាត់បង់ជីវិតនាឆ្នាំ១៩៩៧។
ប្រធានស្តីទីនៃគណបក្សជំទាស់ គឺលោក កឹម សុខា បង្ហាញវត្តមានជាសាធារណៈដ៏កម្រ នៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងព្រឹត្តិការណ៍ខែកក្កដាឆ្នាំ១៩៩៧ ដែលរៀបចំ នាព្រឹកថ្ងៃពុធទី៦ ខែកក្កដានេះ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ជាទីដែលលោកចំណាយពេលជាងមួយខែចុងក្រោយនេះជ្រកកោនគេចពីការប៉ុនប៉ងចាប់ខ្លួន និងបណ្ដឹងផ្លូវច្បាប់ដ៏ចម្រូងចម្រាស។
លោកកឹម សុខា ថ្លែងថា ការប្រារព្ធពិធីរំឭកខួបនៃការផ្ទុះអាវុធដែលគណបក្សជំទាស់អះអាងថា ជា«រដ្ឋប្រហារអំណាច» គឺជាការក្រើនរំឭកឲ្យប្រជាជនកម្ពុជាចៀសវាងការបង្ហូរឈាមគ្នាដូចដែលបានកើតឡើងកាលពីឆ្នាំ១៩៩៧កន្លងទៅ។
«គឺយើងប្រាថ្នានូវសុខសន្តិភាព។ យើងដោះស្រាយបញ្ហាដោយអហិង្សា។ យើងចៀសវាងនូវការគំនុំសងសឹកគ្នា។ អ្វីដែលជាក្តីប្រាថ្នារបស់យើងគឺយើងពឹងលើព្រះធម៌ ពឹងលើកម្លាំងកុសលផលបុណ្យយើងផង ពឹងលើឆន្ទៈរបស់ប្រជាពលរដ្ឋយើងផង ដើម្បីជួយជ្រោមជ្រែងកម្ពុជាឲ្យបានសុខសាន្តស្ថិរភាពទាំងអស់គ្នា»។
ព្រឹត្តិការណ៍ផ្ទុះអាវុធ កាលពីថ្ងៃទី៥និងទី៦ ខែកក្កដាឆ្នាំ១៩៩៧ ជាការវាយប្រយុទ្ធដណ្តើមអំណាចគ្នារវាងកម្លាំងទ័ពគណបក្សហ៊្វុនស៊ីនប៉ិច និងកម្លាំងទ័ពគណបក្សប្រជាជនកម្ពុជា ដែលឈានដល់មានការបង្ហូរឈាមកណ្តាលទីក្រុងភ្នំពេញ និងបានបង្កឲ្យមានកងទ័ពយ៉ាងតិច១០០នាក់ស្លាប់បាត់បង់ជីវិតនិងបាត់ខ្លួន។
នៅក្នុងបទសម្ភាសន៍ពិសេសមួយជាមួយ VOA កាលពីដើមសប្តាហ៍នេះ គឺមួយថ្ងៃមុនពេលលោករៀបចំពិធីរំឭកខួបនេះនៅក្នុងវត្តមួយ នៅជាយរាជធានីភ្នំពេញ លោកញ៉ឹក ប៊ុនឆៃ បានបង្ហាញពីការសោកស្តាយដែលព្រឹត្តិការណ៍នេះបានកើតឡើង ហើយនាំឲ្យមានការស្លាប់នាយទាហាន និងពលទាហានរបស់លោកជាច្រើន ព្រមទាំងនាំឲ្យមានអស្ថិរភាពក្នុងប្រទេស។
អតីតមេបញ្ជាការកងយោពលខេមរភូមិន្ទដែលស្មោះត្រង់នឹងគណបក្សរាជានិយមរូបនេះលើកឡើងថា ការមិនទុកចិត្តគ្នារវាងអ្នកនយោបាយ បាននាំឲ្យមានការផ្ទុះអាវុធនាឆ្នាំនោះ។
«បញ្ហាគឺខាងអ្នកនយោបាយមានការខ្វែងគំនិតគ្នា ជាពិសេសគឺការមិនជឿទុកចិត្តគ្នាក្នុងរដ្ឋាភិបាលចម្រុះរវាងគណបក្សហ្វ៊ិនស៊ីនប៉ិចនិងគណបក្សប្រជាជនកម្ពុជា»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការផ្ទុះអាវុធនាឆ្នាំនោះគឺដើម្បីរក្សាស្ថិរភាពក្នុងប្រទេសដែលបង្កឡើងដោយភាពមិនស្មោះត្រង់របស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ លោកសុខ ឥសានបានបដិសេធការហៅព្រឹត្តិការណ៍ផ្ទុះអាវុធនោះថាជា«រដ្ឋប្រហារ»។
«មិនមែនជារឿងរដ្ឋប្រហារទេ សភាពការប្រវត្តិសាស្ត្រជាក់ស្តែងនោះ។ សម្តេចក្រុមព្រះបង្កើតឲ្យមានរឿងមិនទុកចិត្តគ្នារវាងនាយករដ្ឋមន្ត្រីទាំង២។ គាត់លួចនាំចូលអាវុធគ្រប់ប្រភេទទំនើបៗចំនួនជាង៣តោន ហើយបន្លំថា គ្រឿងបន្លាស់។ ហើយទី២ គាត់លួចបញ្ចូលកម្លាំងខ្មែរក្រហមចូលក្នុងក្រុងភ្នំពេញ។ អញ្ចឹងដាច់ខាតត្រូវតែបង្ក្រាប ដើម្បីរក្សាសណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយឲ្យបានប្រក្រតីប៉ុណ្ណោះទេ»។
លោកសុខ ឥសានបញ្ជាក់ប្រាប់ VOA ទៀតថា ព្រឹត្តិការណ៍ផ្ទុះអាវុធ នាថ្ងៃទី៥និងទី៦ខែកក្កដានោះ អាចជាមេរៀនមួយ ចៀសវាងការរៀបចំឲ្យមានបដិវត្តន៍ពណ៌ ឬចលនាបះបោរអាណាធិបតេយ្យ ដែលបង្កឲ្យមានការបង្រ្កាបពីកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកម្ពុជា៕