ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កោះកុង លើក​ពេល​ប្រកាស​សាលក្រម​ដល់​សកម្មជន​ការពារ​បរិស្ថាន​មាតា​ធម្មជាតិ


លោក ហ៊ុន វណ្ណៈ (ឆ្វេង) និង​​លោក ឌឹម គុណឌី (ស្តាំ) ជា​សកម្មជន​បរិស្ថាន​​​នៃ​អង្គការ​មាតា​ធម្មជាតិ ដែលបាន​រង​ការ​ចោទប្រកាន់​ពី​បទ «‍រំលោភ​កម្មសិទ្ធិ​ឯកជន» និង​ «‍ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស» តាម​មាត្រា​៣០២ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។ (រូបថតដោយចលនាមាតាធម្មជាតិ)
លោក ហ៊ុន វណ្ណៈ (ឆ្វេង) និង​​លោក ឌឹម គុណឌី (ស្តាំ) ជា​សកម្មជន​បរិស្ថាន​​​នៃ​អង្គការ​មាតា​ធម្មជាតិ ដែលបាន​រង​ការ​ចោទប្រកាន់​ពី​បទ «‍រំលោភ​កម្មសិទ្ធិ​ឯកជន» និង​ «‍ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស» តាម​មាត្រា​៣០២ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។ (រូបថតដោយចលនាមាតាធម្មជាតិ)

លោក ហ៊ុន វណ្ណៈ និង​​លោក ឌឹម គុណឌី ត្រូវ​បាន​ចាប់​ខ្លួន​ ​បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​ ​LYP​ ​របស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​គឺ​លោក​ ​លី យ៉ុងផាត់។​ ​ពាក្យ​បណ្ដឹង​នេះ​ ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​អង្គការ​មាតុ​ធម្មជាតិ​ ​បាន​ចេញ​ផ្សាយ​ខ្សែ​អាត់​វីដេអូ​មួយ​ ដែល​បង្ហាញ​ពី​ភាព​ខុសគ្នា​នៃ​ទិន្នន័យ​នៃ​ការ​នាំចេញ​ខ្សាច់​របស់​រដ្ឋាភិបាល​កម្ពុជា។​

សាលា​ដំបូងខេត្ត​កោះកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​សម្រេច​លើកពេល​ ​ប្រកាស​សាលក្រម​កាត់ទោសសកម្មជន​ការពារ​បរិស្ថាន​ពីរ​រូប​របស់​អតីត​អង្គការ​មាតា​ធម្មជាតិទៅ​ថ្ងៃសុក្រ​ទី​២៦ ខែ​មករា​នេះ​ នៅ​គ្រាមាន​ការ​រឹត​បន្តឹង​ពី​កម្លាំង​សន្តិសុខ​នៅ​ក្រៅ​សាលា​ដំបូង​ខេត្ត។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ក្ដី​សកម្មជន​ការពារ​បរិស្ថាន​ទាំង​ពីរ​និងក្រុម​អ្នកឃ្លាំមើល​ការ​កាត់​ក្ដី។​

កម្លាំងប៉ូលិសមានសមត្ថកិច្ចយាមល្បាតនៅតុលាការខេត្តកោះកុង ខណៈតុលាការខេត្តបានសម្រេចលើកពេលចេញសាលក្រមដល់ករណីសំណំុរឿងពាក់ព័ន្ធនឹងសកម្មជនបរិស្ថានពីរនាក់នៃចលនាមាតាធម្មជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)
កម្លាំងប៉ូលិសមានសមត្ថកិច្ចយាមល្បាតនៅតុលាការខេត្តកោះកុង ខណៈតុលាការខេត្តបានសម្រេចលើកពេលចេញសាលក្រមដល់ករណីសំណំុរឿងពាក់ព័ន្ធនឹងសកម្មជនបរិស្ថានពីរនាក់នៃចលនាមាតាធម្មជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

លោក​ ​ហ៊ុន វណ្ណៈ​ ​វ័យ​៣៥​ ឆ្នាំ​ និង​លោក​ ឌឹម គុណឌី​ វ័យ​២១ឆ្នាំ​ ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ «ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល»​ និង​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ​តាម​មាត្រា​៣០២ និង​៤៩៥​ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​ ​ក្រោយ​ពី​ពួកគេ​ទាំងពីរ​នាក់ បាន​ថត​វីដេអូ​កប៉ាល់​ពីរ​គ្រឿង​ដែល​គេ​សង្ស័យ​ថា​ ​កំពុង​តែ​ដឹក​ជញ្ជូន​ខ្សាច់​ស៊ីលីការ​សម្រាប់​នាំ​ចេញ​ដោយ​ខុសច្បាប់​ ​នៅ​តាម​បណ្ដោយ​ឆ្នេរ​ព្រែក​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។​

លោក​ ​សំ ចំរើន​ ​មេធាវី​ការពារ​ក្ដី​សកម្មជន​ការពារ​បរិស្ថាន​ទាំងពីរ​ ​បាន​ប្រាប់​ VOA​ ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ តុលាការ​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​ដកថយ​ទៅ​ធ្វើការ​ពិចារណា​លើ​ការ​កាត់​សេចក្ដី។

លោក​ថា​ ​តុលាការ​ នឹង​ប្រកាស​សាលក្រម​កាត់​ទោស​កូន​ក្ដី​លោក​នៅ​ម៉ោង​ ​២​និង​៣០​រសៀល​ថ្ងៃ​សុក្រនេះ។​ ​លោក​មាន​ក្ដី​សង្ឃឹម​ថា​ កូន​ក្ដី​លោក​ទាំងពីរ​នឹង​ទទួល​បាន​សេរីភាព​ ​ដោយ​ហេតុ​ថា​ ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​នោះ​ឡើយ។​

«ដូច​ខ្ញុំ​ថា​ បញ្ជាក់​ប្រាប់​សារព័ត៌មាន​ផ្សេងៗ​ថា​ខ្ញុំ​ មិន​ហ៊ាន​ទស្សន៍ទាយ​ អា​ដេញ​ការ​សម្រេច​របស់​លោកចៅ​ក្រម​ទេ គ្រាន់​តែ​ខ្ញុំ​មាន​សង្ឃឹម​ថា​ នឹង​មាន​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​កូន​ក្ដី​ខ្ញុំ​ណា៎»។

មេធាវី​រូប​នេះ​ក៏​បាន​លើក​ឡើង​ហេតុផល​បន្ថែម​ថា៖

«បាទ​ដោយសារ​ពួកគាត់​ សុចរិត​ហើយ​មិន​បាន​អ្វី​ដែល​គាត់​ធ្វើ​មិន​ចូល​ទៅ​ក្នុង​បទ​ចោទ​ប្រកាន់​ ដែល​តំណាង​អយ្យការ​បាន​ សម្រេច​ចោទ​ប្រកាន់​កន្លងមក​ហ្នឹងអ្ហាស់​បាទ»។

លិខិតអញ្ជើញមេធាវីរបស់លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ឲ្យចូលការពារក្តីដល់សកម្មជនទាំងពីរនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)
លិខិតអញ្ជើញមេធាវីរបស់លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ឲ្យចូលការពារក្តីដល់សកម្មជនទាំងពីរនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

នៅ​ក្នុងសវនាការ​កាត់​ទោស​សកម្ម​ជន​ទាំងពីរ​នាក់​នេះ​ មិន​មាន​វត្តមាន​ដើម​បណ្ដឹង​នោះ​ទេ​ ដោយ​ដើម​បណ្ដឹង​បាន​ចាត់​ឲ្យ​មេធាវី​មួយ​រូប​ ធ្វើ​ជា​តំណាង​ខ្លួន។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី​ ​សំ ចំរើន​ ​ដែល​បាន​បដិសេធ​មិន​ទទួល​ភាព​ជា​តំណាង​ជា​ដើម​បណ្ដឹង​របស់​មេធាវី​ខាង​ភាគី​ដែល​ប្ដឹង​កូន​ក្ដី​លោក​ទាំងពីរ​នាក់។​

អ្នក​ទាំង​ពីរ​ ត្រូវ​បាន​ចាប់​ខ្លួន​ ​បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​ ​LYP​ ​របស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​គឺ​លោក​ ​លី យ៉ុងផាត់។​ ​ពាក្យ​បណ្ដឹង​នេះ​ ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​អង្គការ​មាតុ​ធម្មជាតិ​ ​បាន​ចេញ​ផ្សាយ​ខ្សែ​អាត់​វីដេអូ​មួយ​ ដែល​បង្ហាញ​ពី​ភាព​ខុសគ្នា​នៃ​ទិន្នន័យ​នៃ​ការ​នាំចេញ​ខ្សាច់​របស់​រដ្ឋាភិបាល​កម្ពុជា។​

ក្រោយ​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​ពីរ​រូប​បាន​ពីរ​ថ្ងៃ​ ​ក្រសួង​មហាផ្ទៃ​បានសម្រេច​លុប​ឈ្មោះ​អង្គការ​«មាតា​ធម្មជាតិ»​ ​ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល។​ ​

រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ និយាយ​ជាមួយអ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)
រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ និយាយ​ជាមួយអ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)

លោក​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​ថា ​ការ​សម្រេច​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​នេះ​គឺ​ធ្វើ​ទៅតាម​សំណើ​របស់​ព្រះ​តេជគុណ ​ព្រហ្ម ធម្មជាតិ​ ​ដែល​ជា​ប្រធាន​អង្គការ​នេះ​ ដែល​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ បញ្ចប់​អាណត្តិ​អង្គការ​មាតា​ធម្មជាតិ។​

លោក​ ​អ៊ិន គង់ជិត​ ​មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ ​ព្រហស្បតិ៍​នេះ​ថា​ ​សវនាការ​កាត់​ទោស​សកម្មជន​ទាំងពីរ​នាក់​ បាន​បញ្ចប់​ទៅ​ម៉ោង​ ​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​នេះ។​ ​

លោក​បាន​ថ្លែង​បន្ត​ថា​ ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​មាន​សមត្ថកិច្ច​ ​ប្រមាណ​ជាង​ ​១០នាក់​ ដែល​បាន​រារាំង​មិន​ឲ្យ​ ក្រុម​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​នា​នា​ក្នុង​ខេត្ត​កោះកុង​ដែល​រងគ្រោះ​ដោយ​ការ​បូម​ខ្សាច់​ និង​ការ​រំលោភ​បំពាន​ដីធ្លី​ ក៏​ដូច​ជា​យុវជន​មកពី​ទីក្រុង​ភ្នំពេញ​ប្រមាណ​ ​២០នាក់ មិន​ឲ្យ​ចូល​រួម​តាម​ដាន​ដំណើរការ​ជំនុំជម្រះ​ក្តី​នៅ​ក្នុង​សាល​សវនាការ។​

យ៉ាង​ណា​ក្ដី​លោក​ជឿ​ថា​ តុលាការ​ខេត្ត​កោះកុង​ នឹង​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​ទាំងពីរ​ដែល​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ តែ​ពួកគេ​គ្រាន់​តែ​ចុះ​ទៅប្រមូល​ព័ត៌មាន​ និង​ទិន្នន័យ​នៅ​ទីកន្លែង​កើត​ហេតុសម្រាប់​កិច្ច​ការ​ស្រាវ​ជ្រាវ​ដែល​មាន​គោលដៅ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

«អីចឹង​ការណ៍​ដែល​គាត់​ទៅ​ហ្នឹង​ គាត់​គ្រាន់​តែ​បំពេញ​វិជ្ជា​ជីវៈ​ ​ជា​អ្នក​ស្រាវជ្រាវ ជា​អ្នក​ស៊ើប​អង្កេត​ ហើយ​អីចឹង​ គាត់​មិន​បាន​ប្រព្រឹត្ត​អី​ខុស​ទេ​ ​ហើយ​ការណ៍​ដែល​ចាប់​គាត់​ឃុំ​ឃាំង​ហ្នឹង​គឺ​ជា​ការ​ដែល​ បង្អាក់​នូវ​សកម្មភាព​របស់​គាត់​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ការ​ពារ​ធនធាន​ធម្មជាតិ​បាទ»។​

លោក​ ​ចាន់​ ណាគ្រី​ មេការ​ក្រុមហ៊ុន​ ​SEZ ​របស់​លោក​លី យ៉ុងផាត់​ ជា​ឧកញ៉ា​មួយ​រូប​ និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​លោក​មិនបាន​ចូលខ្លួន​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្នុងនាម​ជា​ដើម​បណ្តឹង​ ដោយ​ហេតុ​លោក​មាន​ការ​មមាញឹក​ជា​មួយការ​ងារ​របស់​លោក។​ ​

លោក​មាន​ប្រសាសន៍​ថា​ លោក​បាន​ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី​របស់​លោក​ចាត់ការ​ក្នុង​រឿង​ក្ដី​នេះ ហើយ​បាន​បន្ត​ចោទ​សកម្មជន​ទាំង​ពីរ​ថា​ បាន​ប្រព្រឹត្ត​ល្មើស​ ទើប​នាំ​ដល់​ការ​ចាប់​ពួកគេ​យក​មក​កាត់​ទោស។​

«ធម្មតា​បើ​សិន​ជា​អត់​ខុស​ គេ​អត់​ចាប់​គាត់​យក​ទៅ​កាត់​ទោស​ ទៅតាម​ផ្លូវ​ច្បាប់​អញ្ចឹង បង​ណា៎»។​

VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពីតំណាង​អយ្យការ​លោក​ ​អ៊ីវ ត្រាយ​ ​តែ​លោក​ជាប់​រវល់​ក្នុង​សវនាការ​ផ្សេង​ទៀត។​ ​VOA ​ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ​សំ ឃីតវៀន​ ​ស្នងការ​នគរបាល​ខេត្ត​កោះ​កុង​បាន​ដែរ​ ដោយ​ទូរស័ព្ទ​របស់​លោក​ជាប់​រវល់។​

អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​«ជា​ក្រុម​ញុះញង់»​ ​នៅ​ពេល​ពួក​គេ​ទម្លាយ​របាយ​ការណ៍​របស់​គយ​តៃវ៉ាន់​ ទាក់​ទិន​ការ​នាំ​ខ្សាច់​ទៅ​កាន់​កោះ​តៃវ៉ាន់​។​ ​របាយការណ៍​នោះ​ បាន​បង្ហាញ​នូវ​ទិន្នន័យ​តម្លៃ​នាំ​ខ្សាច់​ចេញ​រាប់​លាន​ដុល្លារ​ ដែល​មិន​ត្រូវ​គ្នា​នឹង​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា។​

យ៉ាង​ណា​ក៏​ដោយ​ ​ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​មែន​ ​នោះ​សកម្មជន​បរិស្ថាន​ទាំង​ពីរ​នាក់​នេះ​ ​អាច​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ ​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ចំនួន៤​លាន​រៀល។

​សកម្មជន​ទាំង​ពីរ​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈពេល​ជាង​៤​ខែ​មក​ហើយ​ ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG