ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស៖ ព្រះ​សង្ឃ​ពីរ​អង្គ​​ភៀស​ព្រះ​កាយ​ពី​កម្ពុជា​ ដោយ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខបុកម្នេញ


ព្រះតេជគុណ បូរ បេត មានព្រះជន្ម៣៤វស្សា ដែលបានភៀសព្រះកាយចេញពីកម្ពុជា។
ព្រះតេជគុណ បូរ បេត មានព្រះជន្ម៣៤វស្សា ដែលបានភៀសព្រះកាយចេញពីកម្ពុជា។

សកម្មជន​សិទ្ធិ​មនុស្ស​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​សុវត្ថិ​ភាពរបស់​ព្រះ​សង្ឃ​ពីរ​អង្គ ​ដែល​បានភៀស​ព្រះ​កាយ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ ដែល​ព្រះ​អង្គ​មួយ​អង្គ​លើក​ឡើង​ថា ​ដើម្បី​គេច​ពី​ការ​ចាប់​ផ្សឹក​និង​ដាក់​ពន្ធនាគារ។

ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​ដែល​មាន​ភាព​សកម្ម​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស គឺ​ព្រះ​តេជគុណ​ បូរ បេត ព្រះ​ជន្ម​ ៣៤​ វស្សា​ និង​ព្រះ​តេជគុណស៊ឹម​សុវណ្ណឌី ព្រះ​ជន្ម​ ៥៤​ វស្សា។

ពី​ដំបូង​ឡើយ ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​បាន​ភៀស​ព្រះ​កាយ​ចេញ​ពី​វត្ត​ប្រយូរ​វង្ស ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​៤ ខែសីហា គឺ​នៅ​ពេល​មាន​ការ​ឃាត់​ព្រះ​កាយ​ព្រះ​សង្ឃ​ ៨ ​អង្គ​ ដែល​និមន្ត​មក​ពី​ខេត្ត​បាត់​ដំបង​ ដើម្បី​ចូល​រួម​ការ​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក រ៉ុង​ ឈុន​ មេ​ដឹក​នាំ​សហជីព។

ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើងថា​ បាន​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ព្រះសង្ឃ ​កើត​សារ៉ាយ​ក្នុង​ការ​និមន្ត​ព្រះអង្គ​ទាំង​៨​អង្គ​នោះ​មក​ទី​ក្រុង​ភ្នំពេញ។

លោក​ ស៊ឹង សែន​ករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ដោយ​សារ​ការ​ចាប់​ផ្សឹក​ព្រះ​សង្ឃ​ កើត សារ៉ាយ រួច​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ព្រៃ​ស ព្រះ​សង្ឃទាំង​ពីរ​អង្គ​ខាង​លើ​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព ទើប​ចាក​ចេញ​ពី​វត្ត​អារាម និង​លាក់​ព្រះ​កាយ​មួយ​រយៈ។

លោក​មាន​ប្រសាសន៍​ថា៖ «មុន​នឹង​លោក​ចាក​ចេញ​ហ្នឹង ​គឺ​មាន​ការ​ចាប់​ផ្សឹក​ព្រះអង្គ​កើត​សារ៉ាយ​ដែល​មុន​នឹង​គឺ​មាន​ការ​ចង់​ភៀស​ព្រះ​កាយ​ជាមួយ​គ្នា... ក្រោយ​មក​ព្រះ​អង្គ កើត សារ៉ាយ​ យល់​ថា​មិន​ចង់​ចាក​ចេញ​ចោល​ក្រុម​សកម្មជន​ដែល​កំពុង​ទាមទារ​តវ៉ា​ចង់​បន្ត​ការ​ទាមទារ​តវ៉ា។ យើង​ឃើញ​ជាក់​ស្តែង​ហើយ​ គឺ​មាន​ការ​ចាប់​ព្រះអង្គ ​កើត សារ៉ាយ​ រួច​ទៅ​ហើយ​ ហើយ​ផ្សឹក​រួ​ចបញ្ជូន​ទៅ​ពន្ធនាគារ​រឿង​អី​ព្រះ​អង្គ​ទាំងពីរ​អង្គ​ ដែល​បាន​ចួល​រួម​ទាមទារ​ហ្នឹង​អាច​គេច​ផុត​អំពី​ការ​ចាប់​ផ្សឹក​និង​បញ្ជូន​ដូច​ព្រះតេជ​គុណ ​កើត​ សារ៉ាយ​ ​ទៅ​កើត?»។

បន្ទាប់ពី​សម្ងំ​លាក់​ព្រះ​កាយ​អស់​ជា​ច្រើន​ខែ​នៅ​តាម​ខេត្ត ព្រះ​សង្ឃទាំង​ពីរ​អង្គ ត្រូវ​គេ​រាយ​ការណ៍​ថា​បាន​ឆ្លង​ចូល​ប្រទេស​ថៃ​ តាម​ច្រក​នៅ​ខេត្ត​បន្ទាយ​មានជ័យរបស់​កម្ពុជា។

លោក​ ស៊ឹង សែន​ករុណា បន្ថែម​ថា ​លោកបារម្ភ​ថា​អាជ្ញាធរ​កម្ពុជា​អាច​សហ​ការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​បញ្ជូន​ព្រះ​អង្គ​មក​កម្ពុជា​វិញ ដូច​ករណី​ដែល​ធ្លាប់​កើត​ឡើង​កន្លង​មក។

ព្រះតេជគុណ​បូរ បេត​ មាន​សង្ឃ​ដីកា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា ​ព្រះអង្គ​និង​ព្រះតេជគុណ ​ស៊ឹម​សុវណ្ណឌី ត្រូវ​បាន​អាជ្ញា​ធរ​តាម​រក​ ទោះ​បី​ព្រះ​អង្គ​គេច​ទៅ​គង់​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​តាម​តំបន់​ព្រំដែន​អស់​ពេល​ជិត​ ៤ ​ខែ​មក​ហើយ​ក្តី។

ព្រះ​សង្ឃ​អង្គ​នេះបន្ត​ថា​ នៅ​ពេល​នេះ​ព្រះ​អង្គ​កំពុង​ស្ថិត​ក្នុង​ប្រទេស​ថៃ​ ហើយ​ក៏​កំពុង​បារម្ភ​ពី​ការ​ចាប់​បញ្ជូន​ព្រះ​កាយ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​ដោយ​សារ​តម្រួត​ថៃ​បាន​រាយ​ការណ៍​មក​មេ​ខ្យល់​ដែល​នាំ​ព្រះអង្គ​និមន្ត​ទៅ​ថៃ។ ព្រះ​អង្គ​បាន​និមន្ត​ចាក​ចេញ​ពី​កម្ពុជា​ដោយ​ថ្មើរ​ជើង​ទៅ​កាន់​ប្រទេស​ថៃ ​កាល​ពី​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា កន្លង​ទៅ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «រឿង​ហ្នឹង​វា​ខ្លាច​ អា​ការណ៍​គេ​ចាប់ផ្សឹក​ចាប់​អី​ដែល​អាត្មា​ភៀស​ខ្លួន​ចេញ។ បើ​សិន​អាត្មា​នៅ​ ក៏​វាសនា​របស់​អាត្មា វាសនា​របស់​លោក​បង​ ស៊ុម សុវណ្ណឌី មិន​ខុស​ពី​តេជគុណ ​កើត​សារ៉ាយ​ ទេ។ បើ​សិន​អាត្មា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បើ​សិន​អាត្មា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ហ្នឹងគេ​ នឹង​ចាប់​ដូច​គ្នា​ព្រោះ​ដីកា​សង្ឃ​គេ​ចេញ​ហើយ»។

បើ​តាម​ព្រះ​តេជគុណ ​បូរ បេត មាន​ដីកា​សង្ឃ​មួយ​ត្រូវ​បាន​រៀបចំ​ដែល​ព្រះ​អង្គ​ថា ​ក្នុង​គោល​បំណង​ចាប់​ព្រះ​កាយ​របស់​ព្រះ​អង្គ​ ប្រសិន​បើ​ព្រះ​អង្គចូល​តាម​ដីកា​នោះ។ ព្រះ​សង្ឃ​អង្គ​នេះបន្ត​ថា​ ព្រះអង្គ​ទទួល​បាន​ព័ត៌មាន​ពី​មិត្ត​ភក្តិ​ព្រះ​អង្គ​ដែល​ធ្វើ​ការ​ជាមួយ​មន្ត្រី​សង្ឃ​និង​មន្ត្រី​ប៉ូលិស​នៅ​សាលា​ក្រុង​ភ្នំពេញម្នាក់​ថា​ ឲ្យ​ព្រះ​អង្គ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​ភៀស​ព្រះកាយ​ឲ្យ​បាន​ ក្នុង​ថ្ងៃ​ទី​៤ ​ខែ​សីហា​ បើ​មិន​ចង់​ប្រឈម​ការ​ត្រូវ​ចាប់​ព្រះកាយ។

លោក ​សាន សុខ​សីហា ​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លើក​ឡើង​ថា​អាជ្ញាធរ​មិន​មាន​វិធាន​ការ​ណាមួយ​លើ​ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​ ដែល​លោក​ថា​ លោកមិន​ធ្លាប់​ស្គាល់​នោះ​ទេ។ លោក​បន្ថែម​ថា​ ព្រះសង្ឃ​ទាំងពីរ​អង្គទំនង​ជាបារម្ភ​ដោយ​ព្រះអង្គ​ផ្ទាល់។

លោក​មាន​ប្រសាសន៍​ថា៖ «...​ការណ៍​គាត់​ភ័យ​វា​ជា​រឿង​របស់​គាត់។ អ៊ីចឹង​ហើយ​ ខ្ញុំ​ក៏​អត់​ដឹង​ថា​គាត់​ឈ្មោះ​អី​ឬ​ក៏​ព្រះ​នាម​អី​ដែរ​ខ្ញុំ​អត់​ដឹង​ទេ»។

នៅ​ក្នុង​ហេតុការណ៍​ឃាត់​ព្រះ​កាយ​ព្រះ​សង្ឃ​ ៨ ​អង្គ​ និមន្តមកពីខេត្តបាត់​ដំបង ​កាល​ពី​យប់​ថ្ងៃ​ទី​៤ ​ខែ​សីហា​នោះ​ សម្ដេច​ព្រះ​ពុទ្ធ​ជ័យ​មុនី​ឃឹម សន ​ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក​របស់​ប្រទេស​កម្ពុជា​ និង​ជា​ព្រះ​មេ​គុណ​រាជធានីភ្នំពេញ​ មាន​ថេរ​ដីកា ​ប្រាប់​វីអូអេ​កាល​នោះ​ថា ​មិន​មាន​ការ​ឃាត់​ព្រះកាយ​ព្រះ​សង្ឃ​ទាំង​ ៨ ​អង្គ​នោះ​ទេ។ ប៉ុន្តែ​ ព្រះ​សង្ឃ​អង្គ​នេះ​មាន​ថេរ​ដីកា​ថា ​ព្រះ​អង្គ​ផ្ទាល់​បាន​និមន្ត​ទៅ​សួរ​នាំ​ព្រះ​សង្ឃ​ទាំង​នោះ​ អំពី​ដំណើរ​ដើម​ទង​នៃ​ការ​និមន្ត​មក​ទីក្រុង​ភ្នំពេញ​ ក្នុង​ពេល​ចូល​វស្សា។​

ក្រោយ​មក​ព្រះសង្ឃ​ទាំង​៨​អង្គ​នោះ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និមន្ត​ទៅ​គង់​នៅ​តាម​ទីវត្ត​អារាម ​ដែល​ព្រះសង្ឃ​ទាំង​នោះ​គង់​នៅ​ក្នុង​ក្រុង​បាត់​ដំបង។ ប៉ុន្តែ​ ដោយ​ឡែក​មាន​តែ​ព្រះ​តេជ​គុណ កើត សារ៉ាយ ត្រូវ​បាន​ចាប់​ផ្សឹក​និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ។

វីអូអេ​មិន​អាច​ទាក់​ទង​ព្រះ​សង្ឃ ឃឹម សន​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រៅ​ពី​ព្រះ​សង្ឃ​ កើត​ សារ៉ាយ មាន​សកម្មជន​វ័យ​ក្មេង​ផ្សេង​ទៀត ដែល​គេ​ស្គាល់​ថា​ជា​យុវជន​ខ្មែរ​ថាវរៈ​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​និង​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវ​រដល់​សន្តិសុខ​សង្គម ចំពោះ​សកម្មភាព​តវ៉ា​របស់​ពួក​គេ​ ប្រឆាំង​ការ​ឃុំ​ខ្លួន​លោក ​រ៉ុង ឈុន​ ដែល​និយាយ​រិះ​គន់​រឿង​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

លោក ​អំ សំអាត​ នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ បញ្ហា​សុវត្ថិភាព​និង​សន្តិសុខ​របស់​ពលរដ្ឋ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ នៅ​ពេល​ពលរដ្ឋ​កាន់តែ​ច្រើន​ចាក​ចេញ​ពី​ប្រទេស​ ដោយ​សារ​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ឈឺ​ឆ្អាល​បញ្ហា​សង្គម។

លោក​មាន​ប្រសាសន៍​ថា៖ «មិន​ថា​កម្ពុជា​ទេ នៅ​ទូទាំង​ពិភពលោក គ្រាន់​តែថា​ (ប្រទេស​ខ្លះ​)​ មាន​ជន​ភៀស​ខ្លួន​កាន់​តែ​ច្រើន​ទៅ​ក្រៅ​ប្រទេស។ អ៊ីចឹង​ គេ​ចាត់​ទុក​ថា​ បញ្ហា​នៅ​ប្រទេស​មួយ​ហ្នឹង​គឺ​ទាក់​ទង​នឹង​សន្តិសុខ​សុវត្ថិភាព​ឬ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​វា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ»។

ព្រះតេជគុណ​ បូរ បេត​ បាន​គង់​នៅ​វត្ត​ប្រយូរ​វង្ស​ក្នុង​ក្រុង​ភ្នំពេញ​ជាមួយព្រះ​តេជគុណ ស៊ឹម​ សុវណ្ណឌី អស់​រយៈ​ពេល​ ៩ ឆ្នាំ។ ព្រះតេ​ជគុណ​ បូរ បេត​ ក៏​ជា​សមា​ជិក​របស់​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ ​ដើម្បី​យុត្តិ​ធម៌​សង្គម​របស់​ព្រះតេជ​គុណ​ ប៊ុត ​ប៊ុន​តិញ​ ដែល​កំពុង​គង់​នៅ​សហរដ្ឋ​អាមេរិក។

កាល​ពី​ដើម​ខែ​មិថុនា សកម្មជន​សង្ឃ​មួយ​អង្គ គឺ​ព្រះ​អង្គ លួន សុវ៉ាត ក៏​ត្រូវ​បង្ខំ​ឲ្យផ្សឹក​ក្នុង​ការ​ចោទ​ប្រកាន់សន្ទនា​ស្នេហា​ជាមួយ​មនុស្ស​ស្រី។ ក្រោយ​មក​តុលាការ​ខេត្ត​សៀមរាប ក៏​បាន​សម្រេច​ចោទ​ប្រកាន់​ព្រះ​សង្ឃ​អង្គ​នេះពី​បទ​រំលោភ​សេព​សន្ថវៈ តែ​ព្រះ​អង្គបាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​និង​លើក​ឡើង​ថា​អាជ្ញាធរ​កម្ពុជា​ធ្វើ​បាប​ព្រះ​អង្គ។ ព្រះ​អង្គ លួន សុវ៉ាត​បានភៀស​ព្រះ​កាយ សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ស្វីស ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG