ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​សៀមរាប​ចោទ​ប្រកាន់​ព្រះអង្គ​លួន សុវ៉ាត​ពី​បទ​«រំលោភ​សេព​សន្ថវៈ» ​​ខណៈ​ព្រះ​អង្គ​ថា​ នេះ​ជា​«រឿង​ឆ្កួត»


រូបឯកសារ៖ ព្រះ​តេជគុណ ​លួន សុវ៉ាត ផ្ដល់​បទសម្ភាសន៍​ជាមួយ​VOA នៅ​ស្ថានីយ៍​ចាក់​ប្រេង​មួយ ​នៅ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លោក កែម ឡី​​ ត្រូវ​ក្មាន់​កាំភ្លើង​បាញ់​សម្លាប់​ នៅថ្ងៃ​អាទិត្យ​ ទី​០៩ ខែ​កក្ដដា​ ឆ្នាំ​២០១៦។ ​​(ឡេង ឡែន/VOA)

តុលាការ​ខេត្ត​សៀមរាប​បាន​ចោទ​ប្រកាន់​សកម្មជន​សង្ឃ​ល្បី​ឈ្មោះ​មួយ​អង្គ ​គឺ​ព្រះ​អង្គ​ លួន សុវ៉ាត ​ពី​បទ​ «រំលោភ​សេពសន្ថវៈ»​ដែល​ព្រះ​អង្គ ចាត់​ទុក​ថា​ «ជា​រឿង​ឆ្កួត»។ ​ប៉ុន្តែ​តុលាការ​មិន​បាន​បញ្ជាក់​លម្អិត​អង្គហេតុ​ក្នុង​រឿង​នេះ​ទេ។​

ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​មក ព្រះ​អង្គ​ លួន សុវ៉ាត​ រង​ការ​ចោទ​ប្រកាន់​ថា​សន្ទនា​ស្នេហា​ជាមួយ​មនុស្ស​ស្រី​មួយ​ចំនួន​ក្នុង​វីដេអូ​ចំនួន​៤​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។​ បន្ទាប់​មក​ ប៉ូលិស​ខេត្ត​សៀមរាប​ក៏​បាន​ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ ចុះ​ឆែកឆេរ​ផ្ទះ​សាច់​ញាតិ​របស់​ព្រះ​អង្គ​ក្នុង​ខេត្ត​សៀមរាប​ និង​បាន​សួរ​ចម្លើយ​ស្រ្តី​ ៤​នាក់ ​ជា​បង​ប្អូន​ ហើយនិង​ម្តាយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​វីដេអូ​ទាំង​នោះ។​

តាមរយៈ​ការ​សួរ​ចម្លើយ​នោះ មាន​ការ​ប្តឹង​ពី​ស្រ្តី​ម្នាក់​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ​ «រំលោភ​សេព​សន្ថវៈ»។​ ប៉ូលិស​ខេត្ត​សៀមរាប​ក៏​បាន​កសាង​សំណុំ​រឿង​ទៅ​តុលាការ។​

លោក​ ជួន សុបញ្ញា ​អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​សៀមរាប​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​ព្រះ​អង្គ​ លួន សុវ៉ាត ​ពី​បទ​រំលោភ​សេព​សន្ថវៈ​ ហើយ​សំណុំ​រឿង​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើប​សួរ។ ​លោក​បញ្ជាក់​ថា​ លោក​មិន​អាច​ប្រាប់​អំពី​នីតិវិធី​ និង​ភស្តុតាង​ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ក្នុង​រឿង​រំលោភ​សេព​សន្ថវៈ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​ «នីតិវិធី​តុលាការ​គេ​ធ្វើ​តាម​នីតិវិធី​ផ្លូវ​ច្បាប់​របស់​គេ​ហើយ»។​ លោក​បន្ថែម​ថា៖ ​«គាត់​[ព្រះ​អង្គ​ លួន សុវ៉ាត] ​មាន​សិទ្ធិ​ចូល​មក​បញ្ជាក់​ការណ៍​ការ​ពារ​ខ្លួន។​ បើ​គាត់​អត់​ចូល ​អ៊ីចឹង​នីតិវិធី​ គេ​ចេះ​តែ​ធ្វើ​បន្ត​តាម​ច្បាប់»។​

កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ព្រះ​អង្គ​ លួន សុវ៉ាត ​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្សឹក​ដោយ​ព្រះ​មេគណ ​ខេត្ត​សៀមរាប​ ដោយ​សម្អាង​លើ​វីដេអូ​ ដែល​មិន​មាន​រូបភាព​ផ្ទាល់​របស់​ព្រះ​អង្គ ​គ្រាន់​តែ​ជា​សំឡេង​ដែល​ព្រះ​អង្គ​ថា​ នេះ​ជា​ការ​បង្កើត​សាច់​រឿង ​ដើម្បី​ធ្វើ​បាប​ព្រះ​អង្គ។​ ក្រោយ​ការ​បង្ខំ​ឲ្យ​ផ្សឹក​ សមត្ថកិច្ច​ក៏​បាន​ចុះ​ឆែក​ឆេរ​ផ្ទះ​របស់​ព្រះ​អង្គ​ និង​រឹប​អូស​យក​វត្ថុ​តាង​មួយ​ចំនួន។​

ចាប់​តាំង​ពី​ថ្ងៃ​កើត​រឿង​នោះ​មក​ ព្រះ​អង្គ​ លួន សុវ៉ាត់​ បាន​គេច​ព្រះ​កាយ​ទៅ​នៅ​ប្រទេស​ថៃ​ ហើយ​បច្ចុប្បន្ន​នេះ​ ព្រះ​អង្គ​គង់​នៅ​ប្រទេស​ស្វីស​ជា​ការ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ។​ ព្រះ​អង្គ​ថ្លែង​ប្រាប់​ VOA ​ថា​ នេះ​ជា​ការ​កាត់​ត​សំឡេង​ប្រឌិត​ជា​រឿង​ ហើយ​ព្រះ​អង្គ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​សេពសន្ថវៈនេះ​ «ជា​រឿង​ឆ្កួត»។​ ព្រះ​អង្គ​បន្ថែម​ថា ​ក្នុង​រឿង​នេះ​អាជ្ញាធរ​យក​មនុស្ស​ណា​ម្នាក់​ក្នុង​គ្រួសារ​របស់​ស្រ្តី​ទាំង​នោះ​ជា ​«ចំណាប់​ខ្មាំង»។​

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖​ «វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ​អារឿង​ចោទ​ប្រកាន់​ចេញ​ពី​បទ​មួយ​ទៅ​បទ​មួយ។​ ដូច​ករណី​អាត្មា​ដំបូង​ឡើយ​ គេ​គ្រាន់​តែ​ចោទ​ប្រកាន់​ថា​ខុស​អាបត្តិ​ត្រូវ​អាបត្តិ បរាជិក​ត្រូវ​ចាប់​ផ្សឹក។​ ប៉ុន្តែ​ក្រោយៗ​មក​ទៀត​ បែរ​ជា​ចំណាត់​ការ​នៃ​ការ​ចាប់​ផ្សឹក​នោះ​ គឺ​មិន​មែន​យក​ធម៌​ព្រះ​មក​ប្រើ​ទេ​ គឺ​យក​ធម៌​ព្រាយ​បិសាច​តិរិច្ឆាន​មក​ប្រើ ​គឺ​យក​អំណាច​អាជ្ញា»។​

កន្លង​ទៅ​ស្រ្តី​ម្នាក់​មាន​ឈ្មោះ ​ទឹម រដ្ឋា​ ហៅ​ក្រៅ​ថា ​ស្រីដា​ អាយុ​៣០​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​អន្លង់​ត្នោត ​ឃុំ​ជីក្រែង ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប ​ដែល​មាន​ផ្ទះ​នៅ​ទល់​មុខ​វត្ត​ស្លែង​ ដែល​ព្រះ​អង្គ​ លួន សុវ៉ាត ​ធ្លាប់​គង់​នៅ។ ​នាង​ក៏​ធ្លាប់​ចេញ​មុខ​បដិសេធ​ថា ​មិន​មាន​ទំនាក់​ទំនង​ស្នេហា​អ្វី​ជា​មួយ​ព្រះ​អង្គ​នោះ​ទេ។​

លោកស្រី ​ដួង ថាវរី ​ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ​ទទួល​បន្ទុក​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ធ្លាប់​ប្រាប់ ​VOA ​ថា​ ប្អូនស្រី​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ទាំង ​៤​នាក់ ​របស់​ស្រ្តី​ខាង​លើ​បាន​ប្តឹង​ព្រះ​អង្គ​ លួន សុវ៉ាត ​ពី​បទ​រំលោភ​សេព​សន្ថវៈ​ ក្រោយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​តាម​ដាន​រឿង​ចោទ​ប្រកាន់​ព្រះ​អង្គ​សន្ទនា​ស្នេហា។​

នៅ​ពេល​សួរ​ថា ​តើ​មូលហេតុ​អ្វី​បាន​ជា​ស្រ្តី​ម្នាក់​នោះ​ ទើប​ប្តឹង​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ស្រាវ​ជ្រាវ​លោកស្រី​បញ្ជាក់​ថា​ ដោយ​សារ​តែ​គាត់​ចង់​រក្សា​ការណ៍​សម្ងាត់​ពី​មុន​មក។​

លោកស្រី​បញ្ជាក់​ថា៖​ «គាត់​ចង់​ប្តឹង​បាន​គាត់​ដាក់​បណ្តឹង។​ មិន​មែន​យើង​បង្ខំ​គាត់​ឯណា! ​ដល់​ពេល​យើង​សាកសួរ​ទៅ​ គាត់​ថា ​គាត់​ចង់​ប្តឹង។​ កាល​លើក​មុន​គាត់​ថា​ គាត់​អត់​ចង់​ប្តឹង។ ​គាត់​ថា​ជា​រឿង​សម្ងាត់។ ​គាត់​លាក់​អ៊ីចឹង​ទៅ។ ​អ៊ីចឹង​ដល់​ទៅ​បែក​ធ្លាយ​ចេញ​ឃ្លីប​វីដេអូ​ មក​បរិហារកេរ្តិ៍​គាត់ ​អ៊ីចឹង​គាត់​ដាក់​បណ្តឹង​តែ​ម្តង»។​

លោក​ស្រី ​ដួង ថាវរី​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​អំពី​ហេតុផល​នៃ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​នោះ​ទេ។​ លោកស្រី​បកស្រាយ​ថា ​នេះ​ជា​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​ហើយ​ថា​ មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​នៃ​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​ ទើប​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា ​នៅ​មាន​ការ​សង្ស័យ​ជា​ច្រើន​ ក្នុង​ការ​ចោទ​ប្រកាន់​នេះ ​ដោយសារ​ពី​ដើម​ឡើយ​ជា​ការ​សង្ស័យ​រឿង​វីដេអូ​ និង​ក្រោយ​មក​ចោទ​ប្រកាន់​បទ​ល្មើស​ព្រហ្មទណ្ឌ​ទៅ​វិញ។​ លោក​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ជា​មុន​សិន​ មុន​នឹង​មាន​ការ​ចោទ​ប្រកាន់​ណាមួយ។​ លោក​បន្ត​ថា​ព្រះ ​លួន សុវ៉ាត ​គឺ​ជា​សកម្មជន​សង្ឃ​ដ៏​ល្បី​ឈ្មោះ ​ដែល​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ ហើយ​នេះ​អាច​ជា​ការ​បង្កើត​រឿង​ដើម្បី​បំបាត់​សំឡេង​របស់​ព្រះ​អង្គ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​យើង​នៅ​តែ​ឆ្ងល់​ហេតុ​អី​ពី​មុន​មិន​មាន​ការ​ប្តឹង​ ឬ​ក៏​ចោទ​ប្រកាន់​ទាក់​ទង​នឹង​បទ​ល្មើស​រំលោភ​សេពសន្ថវៈ​នេះ? នៅ​ពេល​ដែល​មាន​លេច​ធ្លាយ​វីដេអូ​ហ្នឹង​ ហើយ​ស្រាប់​តែ​មាន​ការ​ផ្សឹក​ ហើយ​មាន​ការ​ស៊ើប​អង្កេត​ ទាក់ទង​នឹង​ការ​រំលោភ​សេព​សន្ថវៈនេះ​កើត​ឡើង»។​

ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​មាត្រា​ ២៣៩​ ចែង​ថា​ បទ​ល្មើស​រំលោភ​ជា​ការ​រួមភេទ​ដោយ​ការ​ប្រើ​ហិង្សា​ ការ​បង្ខិត​បង្ខំ​ ការ​គំរាម​កំហែង​ជា​ដើម។​ បទ​រំលោភ​សេព​សន្ថវៈ​នេះ​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៥​ឆ្នាំ​ទៅ​ ១០​ឆ្នាំ៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG