នៅព្រឹកថ្ងៃសុក្រនេះ ទូកដឹកភ្ញៀវទេសចរបានបុកទូកងមួយគ្រឿងដែលត្រៀមប្រណាំងក្នុងពិធីបុណ្យអុំទូក នៅកណ្តាលទន្លេមុខព្រះបរមរាជវាំង បណ្តាលឲ្យកីឡាករចំនួនពីរនាក់បាត់ខ្លួន។
បើតាមជនរងគ្រោះដែលជាកីឡាករ ដែលស្ថិតនៅលើទូកក្នុងពេលកំពុងកើតហេតុ បានអះអាងថា ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា៧:៣០នាទីព្រឹក ហើយទូកងដែលជួបគ្រោះថ្នាក់នោះឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ មកពីវត្តអម្ពវ័ន្ត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកយ៉ា វណ្ណដា ជនរងគ្រោះដែលស្ថិតក្នុងហេតុការណ៍នោះប្រាប់ VOA ថា ក្រុមកីឡាករអុំទូករបស់លោកចំនួន៩នាក់បានសណ្ដោងទូកមកត្រៀមប្រណាំងនៅមុខវាំង ប៉ុន្តែត្រូវបានទូកទេសចរណ៍របស់ក្រុមហ៊ុនវៀតណាមបុកលិច បណ្តាលឲ្យកីឡាករប្រណាំងទូកចំនួនពីរនាក់ធ្លាក់ចូលទៅក្រោមទូកទេសចរណ៍នោះ។
លោកបន្តថា ជនរងគ្រោះដែលបាត់ខ្លួនទាំងពីរនាក់នោះ ម្នាក់មានឈ្មោះសុខ ចាន់ជេស្ដា អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះឈឺន ចន អាយុ១៨ឆ្នាំ។ ចំណែកលោក និងកីឡាករ៦នាក់ផ្សេងទៀតត្រូវបានក្រុមបើកអូប័រជួយសង្គ្រោះទាន់ពេលវេលា។
លោកថ្លែងថា៖
«យើងបត់មកតម្រូវថាមកមុខវាំងនេះ ហើយកប៉ាល់ហ្នឹងវាមកលឿនមែនទែនហ្មង។ វាឃើញយើងបត់មកអីចឹង វាអបហ្វ្រាំង អបអីណា វាអត់ទេ វាមកមួយទំហឹងយកហ្មង។ បុកយើងហើយវាទៅមុខទៀត។ ទូកហ្នឹងខូចទាំងស្រុងហ្មង បើកអត់កើតទេ បាក់ខ្ទេចខ្ទីអស់ហ្មង»។
លោកយ៉ា វណ្ណដា ស្នើឲ្យអ្នកបង្កហេតុសងទូក និងទទួលខុសត្រូវចំពោះអ្នកដែលបាត់ខ្លួនទាំងពីរនាក់។
ក្រោយហេតុការណ៍នោះកើតឡើង នៅម៉ោងប្រមាណជា១០:៣០នាទីព្រឹក កងកម្លាំងសង្គ្រោះនៅមិនទាន់រកឃើញកីឡាករដែលបាត់ខ្លួននោះនៅឡើយ។
លោកវណ្ណ ម៉ូលាង មេបញ្ជាការរងកងទ័ពជើងទឹក មានប្រសាសន៍ថា សមត្ថកិច្ចបានបញ្ជូនទូកសង្គ្រោះជាង១០គ្រឿងដើម្បីចុះស្វែងរកអ្នកដែលបាត់ខ្លួនទាំង២នាក់នោះ។ លោកបន្តថា ក្រោយហេតុការណ៍នោះ សមត្ថកិច្ចបានឃាត់ទុកទូកទេសចរណ៍ដែលបង្កហេតុដើម្បីដោះស្រាយ។
លោកមានប្រសាសន៍ថា៖
«កប៉ាល់នៅមាត់ទន្លេនេះ ចេញ១០គ្រឿងភ្លាម។ ឥឡូវហ្នឹងយើងអត់ដឹងយ៉ាងម៉េចទេ កំពុងចេញប្រតិបត្តិការទៀតហើយ»។
លោក ឃួង ស្រេង អភិបាលរងរាធានីភ្នំពេញ ប្រាប់ VOA ថា រហូតមកដល់ល្ងាចម៉ោង៦នេះ សមត្ថកិច្ចនៅមិនទាន់រកឃើញជនរងគ្រោះដែលបាត់ខ្លួននោះនៅឡើយ។
ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែនឹងប្រព្រឹត្តទៅចាប់ពីថៃ្ងទី១៣ដល់ថៃ្ងទី១៥ ខែវិចិ្ឆកា ឆាំ្ន២០១៦ ពោលគឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ៕