ព្រះរាជាណាចក្រកម្ពុជាប្រារព្ធខួប៦៣ឆ្នាំនៃការទទួលបានឯករាជ្យពីការដាក់នឹងអាណានិគមបារាំងនៅព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកានេះ។
មន្ត្រីរាជការមកពីក្រសួងពាក់ព័ន្ធ ក្រុមតំណាងរាស្ត្រ ពលទាហាន សិស្សានុសិស្ស និងជាពិសេសក្រុមយុទ្ធជន បានមកជួបជុំនៅវិមានឯករាជ្យ ដើម្បីចូលរួមពិធីយ៉ាងឧឡារិកអធិកអធមអមដោយភ្លេងជ័យអបអរសាទរនៃការទាមទារឯករាជ្យរបស់វីរជនខ្មែរ។
ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី និងអមដំណើរដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានព្រឹទ្ធសភាលោក ហេង សំរិន ព្រះមហាក្សត្រ បានប្រទានគារវៈកិច្ចដល់មន្ត្រីរាជការ អ្នកមុខអ្នកការ និងអង្គទូតនានា។
បន្ទាប់មក ព្រះអង្គថ្វាយភ្លើងជ័យដើម្បីរំលឹកដល់វីរភាពអង់អាចរបស់យុទ្ធជន នាយទាហាន និងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិចេញពីប្រទេសបារាំង។
(ចុចមើលកម្រងរូបភាពខាងក្រោម)
ព្រះអង្គក៏យាងគារវៈកិច្ចជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត មុននឹងយាងត្រលប់ចូលព្រះបរមរាជវាំងវិញ។
ប្រទេសបារាំងបានធ្វើជាអាណាព្យាបាលលើព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣។
អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានទាមទារឯករាជ្យពីបារាំងនៅទីក្រុងប៉ារីស នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
លោក សារុន អាយុ៥២ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បីនៅរាជធានីភ្នំពេញ និយាយថា លោករីករាយដែលកម្ពុជាបានរំដោះខ្លួនចេញពីបរទេស ហើយមិនស្ថិតក្រោមការត្រួតត្រារបស់ប្រទេសក្រៅតទៅទៀត។
«បើមិនសប្បាយចិត្តម៉េច បើយើងរើបម្រះពីនឹមបរទេសហើយ។ អញ្ចឹងមានន័យថាយើងឯករាជ្យ»។
លោក ថុល ចន្ថន អាយុ៣៣ឆ្នាំ ប្រជាពលរដ្ឋម្នាក់ក្នុងទីក្រុងភ្នំពេញ និយាយថា ទោះបីជាលោកកើតមិនទាន់ថ្ងៃទទួលបានឯករាជ្យជាតិមែន តែលោកថា លោកសប្បាយចិត្តដែលកម្ពុជាមិនស្ថិតក្រោមការត្រួតត្រារបស់បរទេស។
លោកសំណូមពរឲ្យសហគមន៍ជាតិ និងអន្តរជាតិ ជួយរក្សាឯករាជ្យភាពនេះឲ្យបានរហូត។
«ហ្នឹងហើយជួយទប់ស្កាត់ប្រទេសយើងកុំឲ្យមានសង្គ្រាមឡើងវិញ ហើយកុំឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសណាមួយ។ ឲ្យប្រទេសយើងឯករាជ្យរហូតតែម្ដងទៅ»៕