ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ធ្វើ​ទស្សនកិច្ច​ទៅ​រដ្ឋ Ohio និង​រដ្ឋ Texas បន្ទាប់​ពី​មាន​ហេតុការណ៍​បាញ់​សម្លាប់​មនុស្ស


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានមុនពេលចាកចេញពីសេតវិមាន នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានមុនពេលចាកចេញពីសេតវិមាន នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។

ក៏ប៉ុន្តែ​គម្រោង​ទស្សនកិច្ច​ទាំងនេះ​នឹង​ប្រឈម​នឹង​សំណួរ​មួយចំនួន​ថាតើ​វោហាសាស្រ្ត​របស់​លោក Trump អាច​ជួយ​ព្យាបាល​សហគមន៍​ដែល​កំពុង​មាន​ទុក្ខព្រួយ​ទាំងនេះ​បាន​ដែរ​ឬទេ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ Air Force One នៅ​ថ្ងៃពុធ​នេះ​ ដើម្បី​ធ្វើ​ទស្សនៈកិច្ច​នៅ​ទីក្រុង Dayton រដ្ឋ Ohio និង​ទីក្រុង El Paso រដ្ឋTexas ដែល​ទើប​មាន​ហេតុការណ៍​បាញ់​សម្លាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ​បណ្តាល​ឲ្យ​មនុស្ស ៣១នាក់​បាន​ស្លាប់​កាល​ពី​ចុងសប្តាហ៍​មុន​ ហើយ​អ្នកស្រុក​រស់នៅ​ជាច្រើន​នៅ​ក្នុង​ទីក្រុងទាំងពីរ​ ដែល​បាន​ស្តី​បន្ទោស​ដល់​វោហាសាស្រ្ត​របស់​លោក​ប្រធានាធិបតី​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​កើតឡើង​កំពុង​ជំរុញ​ឲ្យ​លោក​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ។

មន្រ្តី​សេតវិមាន​បាន​ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោកTrump នឹង​ធ្វើស្រដៀងគ្នា​ទៅ​នឹង​អ្វី​ដែល​លោក​ធ្លាប់​បាន​ធ្វើពីមុន​ ដើម្បី​ចូលរួម​ចែក​រំលែកទុក្ខ​ជាមួយ​នឹង​សហគមន៍ផ្សេង​ទៀត​បន្ទាប់​ពី​មាន​ហេតុការណ៍​បាញ់​សម្លាប់​ព្រៃផ្សៃ​ រួមទាំង​ទីក្រុង Parkland​ រដ្ឋFlorida ​និង​ទីក្រុង Las Vegas ផងដែរ​ ដោយក្នុង​នោះ​លោក​ប្រធានាធិបតី និង​ភរិយា​នឹង​ចំណាយ​ពេល​កាន់​ទុក្ខ​ជាមួយ​នឹង​ក្រុមគ្រួសារ​ជន​រងគ្រោះ​និង​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត។​

អ្នក​នាំពាក្យ​សេតវិមាន​លោក Hogan Gidley បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ថា «អ្វី​ដែល​លោកប្រធានាធិបតី​ចង់​ធ្វើ​គឺ ​ទៅ​សហគមន៍​ទាំងនេះ​ និង​កាន់ទុក្ខ​ជាមួយ​នឹង​ពួកគេ​ អធិស្ឋាន​ជាមួយ​ពួកគេ​ ចែករំលែកទុក្ខ​ និង​ថ្លែង​អំណរគុណ​ដល់​កងកម្លាំង​ដែល​បាន​យក​ជីវិត​របស់​ពួកគេ​ទៅ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ចេញ​ពី​ហេតុការណ៍​បាញ់​សម្លាប់​ទាំង​នេះ‍»។

ក៏ប៉ុន្តែ​គម្រោង​ទស្សនកិច្ច​ទាំងនេះ​នឹង​ប្រឈម​នឹង​សំណួរ​មួយចំនួន​ថាតើ​វោហាសាស្រ្ត​របស់​លោក Trump អាច​ជួយ​ព្យាបាល​សហគមន៍​ដែល​កំពុង​មាន​ទុក្ខព្រួយ​ទាំងនេះ​បាន​ដែរ​ឬទេ។

លោកស្រី Nan Whaley អភិបាល​ក្រុង Dayton មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា​ ទោះបី​ជា​លោកស្រី​ខកចិត្ត​ទៅ​នឹង​សេចក្តី​ថ្លែងការ​ណ៍របស់​លោក Trump បន្ទាប់​ពី​ហេតុការណ៍បាញ់​នេះ​យ៉ាងណា​ក៏ដោយ​ ក៏​លោកស្រី​នឹង​ទទួល​ស្វាគមន៍​លោកប្រធានាធិបតី​នៅក្នុង​ទីក្រុង​របស់​លោកស្រី​ដែរ​ ហើយ​លោកស្រី​សង្ឃឹម​ថា ​ទស្សនកិច្ច​របស់​លោក Trump នឹង​ជួយ​ដល់​សហគមន៍‍។

ចំណែក​ឯ​នៅក្នុង​ទីក្រុង El Paso វិញ​ អ្នកស្រុក​មួយ​ចំនួន​ និង​សមាជិកសភា​ខាង​គណបក្សប្រជាធិបតេយ្យ​បាន​និយាយ​ថា​ ពួកគេ​មិន​ស្វាគមន៍​វត្តមាន​របស់​លោក​ប្រធានាធិបតី​ទេ​ និង​បាន​ស្នើ​ឲ្យ​លោក​នៅ​ឲ្យឆ្ងាយ។

អភិបាលក្រុង El Paso លោក Dee Margo បាន​ថ្លែង​ថា​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ លោក​នឹង​ស្វាគមន៍​លោក Trump នៅក្នុង​ទីក្រុង។ លោក​បាន​និយាយ​ទៀត​ថា​ លោក Trump ជាប្រធានាធិបតី​ ដូច្នេះ​ក្នុង​នាម​ជា​អភិបាលក្រុង​ លោក​នឹង​បំពេញ​កាតព្វកិច្ច​របស់​លោក​ ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​និង​ពិភាក្សា​អំពី​កិច្ចការ​ចាំបាច់​នានា​សម្រាប់​សហគមន៍៕

XS
SM
MD
LG