ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ពីរ​អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជា​ច្រានចោល​បណ្តឹង​លើ​លោក ស៊ឹង សែនករុណា


រូបឯកសារ៖ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

អង្គការ​អន្តរជាតិ​ថ្នាក់​តំបន់​ដែល​ធ្វើ​ការ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​ រួមមាន​វេទិកា​អាស៊ី​សម្រាប់​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស (FORUM-ASIA) និង​សម្ព័ន្ធ​ពិភព​លោក​សម្រាប់​ការ​ចូលរួម​របស់​ពលរដ្ឋ (CIVICUS) ​បាន​ស្នើឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ច្រាន​ចោលបណ្តឹង​បរិហារ​កេរ្តិ៍ប្រឆាំង​នឹង​លោក​ ស៊ឹង សែន​ករុណា​ ដោយ​លើក​ហេតុផល​ថា​ បណ្តឹង​នោះ​មានជាប់​ហេតុផលនយោ​បាយ​។

លោក​ ស៊ឹង សែនករុណា​ គឺជា​មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និង​ជាអ្នកនាំពាក្យ​របស់​សមាគម​នេះ​ ហើយ​ជាញឹកញាប់​ លោក​ត្រូវ​គេសង្កេត​ឃើញ​ថា​បានផ្តល់​បទសម្ភាសន៍​ជាមួយប្រព័ន្ធ​ផ្សព្វ​ផ្សាយស្តីពី​បញ្ហា​សិទ្ធិមនុស្ស​ សិទ្ធិដីធ្លី​ និង​ស្ថានភាពវិវឌ្ឍសង្គម​ចុង​ក្រោយ​ផ្សេង​ៗ​ទៀត​នៅ​ប្រទេសកម្ពុជា។

យោងតាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស FORUM-ASIA និង​ ​CIVICUS ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ​២០២៤ នេះ​ ការ​ប្តឹងផ្តល់​ទៅតុលាការរបស់​លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាចទៅលើ​លោក​ ស៊ឹង សែនករុណា​ កើត​មានឡើង បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​អត្ថបទ​មួយ​លើ​កាសែត ​The Cambodia Daily ​ដែល​បាន​ដក​ស្រង់​សម្តី​មន្ត្រី​សិទ្ធិមនុស្សរូប​នោះ​ ដែល​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ប្រើ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស ដើម្បី​បំភិត​បំភ័យ​គណបក្ស​ប្រឆាំង និង​ថា​វិវាទ​នយោបាយ​គួរតែ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​នយោបាយ​ជាជាង​តាម​រយៈ​តុលាការ។

សេចក្តីថ្លែង​ការណ៍​ដដែល​ឱ្យ​ដឹងទៀតថា​ លោក ហ៊ុន សែន បាន​ចោទ​លោក ស៊ឹង សែនករុណា ថា​បាន​បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បញ្ជាក់​ពី​របៀបនៃការ​បញ្ចេញ​មតិ​របស់​លោក​អាច​ញុះញង់​ឱ្យ​មាន​ការ​ស្អប់ខ្ពើម​គណបក្ស​មុន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ។ មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២​ ពាន់​លាន​រៀល ឬ​ស្មើនឹង ​៥០ ​ម៉ឺន​ដុល្លារ។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ថ្នាក់​តំបន់​ទាំងពីរបញ្ជាក់​ថា៖ «បណ្ដឹង​ប្រឆាំង​លោក ស៊ឹង សែន​ករុណា គឺ​គ្រាន់​តែ​ស្ថិត​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ដែល​បញ្ជាក់​ឡើង​វិញអំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់​តែ​ដុនដាប​យ៉ាង​ខ្លាំង​របស់​កម្ពុជា»។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​ច្រាន​ចោល​បណ្ដឹង​បរិហារកេរ្តិ៍​លើ​លោក ស៊ឹង សែនករុណា ជា​បន្ទាន់។ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​ថា ប្រជាជន​របស់​ខ្លួន​អាច​បញ្ចេញ​មតិ​នយោបាយ​ដោយ​សុវត្ថិភាព​ ដោយ​សេរី និង​ដោយ​មិន​ខ្លាច​ការ​សងសឹក​។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ​ប្លង់ សុផល​ បញ្ជាក់​វីអូអេ​ឱ្យដឹង​តាមប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា តំណាង​អយ្យការ​បាន​ទទួល​ និង​បាន​ចាត់ការ​លើ​បណ្តឹង​តាម​នីតិវិធី​ច្បាប់​ ដោយ​បាន​ធ្វើ​ការ​កោះ​ហៅ​ភាគី​ទាំង​អស់​មក​ស្តាប់​ចម្លើយ​ ហើយ​និង​ធ្វើការ​សម្រេច​ចុង​ក្រោយ​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ ស្រប​តាម​អង្គហេតុ​ អង្គច្បាប់​ និងភស្តុតាង។

​យ៉ាង​ណាមិញ លោក​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់ពី​ដំណើរ​ការ​នីតិវិធី​ច្បាប់ និង​កាល​បរិច្ឆេទ​នៃ​ការ​កោះ​ហៅ​សាក​សួរ​លោក ស៊ឹង សែនករុណា​ ឡើយ​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ឃើញ​ថា ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្នាក់​តំបន់​គឺ​មាន​គោល​បំណង​សុំ​ឱ្យ​មាន​ការ​ដក​ពាក្យ​បណ្តឹង​ទៅ​លើ​លោក ស៊ឹង សែន​ករុណា។ លោក​បន្តថា កន្លង​ទៅ​លោក ស៊ឹង សែន​ករុណា​ តែងតែ​ធ្វើការ​សកម្ម​លើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស ស្វែង​រក​យុត្តិធម៌ និង​ការងារ​សង្គម​ជា​ច្រើន​ទៀត​។

លោក​ថ្លែង​ថា​៖ «ពីព្រោះ​បើ​យើង​មើល​ទៅ​លោក​ស៊ឹង សែន​ករុណា ​កន្លង​មក​លោក​ធ្វើ​ការ​យ៉ាង​សកម្ម​ទាក់​ទង​នឹង​ការ​លើក​កម្ពស់​សេរីភាព​ជា​មូលដ្ឋាន និង​លើក​កម្ពស់​លើ​សិទ្ធិ​មនុស្ស​ ហើយ​រាល់​ការ​បញ្ចេញ​មតិ​យោបល់​នៅ​តាម​ប្រព័ន្ធ​ media [ផ្សព្វផ្សាយ] ឬ​ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ហ្នឹង​ គឺ​យើង​ឃើញ​ថា​ជា​គោល​បំណង​មួយ​នៅ​ក្នុង​ការ​លើក​កម្ពស់​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហា​ស្វែង​រក​យុត្តិធម៌​ ទាក់​ទង​នឹង​បញ្ហា​ដី​ធ្លី​ កិច្ច​ការពារ​បរិស្ថាន​ធនធាន​ធម្មជាតិ និង​ព្រៃឈើ​ ហើយ​និង​ការងារ​សង្គម​តែ​ប៉ុណ្ណោះ»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វីអូអេ​ថា សំណុំ​រឿង​របស់​លោក ស៊ឹង សែន​ករុណា​ កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធី​តុលាការ​ ដូច្នេះ​ការ​បញ្ចេញ​មតិ​របស់​អង្គការ​មួយ​ចំនួន​គឺ​ជា​សិទ្ធ​សេរីភាព​របស់​ពួកគេ ហើយ​វា​ក៏​មិន​មាន​ប្រសិទ្ធភាព​ដល់​ការ​ផ្អាក​ដំណើរការ​របស់​តុលាការ​កម្ពុជា​នោះ​ដែរ​។

លោក​ថ្លែង​ថា៖ «គាត់​គ្រាន់​តែ​មាន​សិទ្ធិ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ​ តែ​វា​អត់​មាន​ឥទ្ធិពល ឬ​ប្រសិទ្ធភាព​អី​ទៅ​លើ​ដំណើរការ​នីតិវធី​ការងារ​របស់​តុលាការ​ទេ​។ ការ​ដែល​ថា​ជា​កិច្ចការ​នយោបាយ​ បើ​វា​ពាក់​ព័ន្ធ​នឹង​រក​នយោបាយ​ អាហ្នឹង​សង្កត់​ធ្ងន់​របស់​គាត់​តើ! ហើយ​តុលាការ​បើ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​គាត់​មិន​ដឹង​កាត់​សេចក្តី​យ៉ាង​ម៉េច​? នេះ​គេ​យក​រឿង​ក្តី​មក​និយាយ​ពី​អង្គហេតុ​ អង្គ​ច្បាប់ បើ​មាន​ពិរុទ្ធភាព​ហ្នឹង​គេ​កាត់​ក្តី​ហើយ»។

កាល​ពី​ថ្ងៃទី​ ១៤ ខែ​កុម្ភៈ អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម សហជីព និង​សហគមន៍​មូលដ្ឋាន​ចំនួន​៥៥ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដោយ​ស្នើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដក​ពាក្យ​បណ្តឹង ក៏​ដូចជា​អំពាវនាវ​ដល់​តុលាការ​ពិនិត្យ​ពិចារណា​មិន​ចោទ​ប្រកាន់​លើ​លោក ស៊ឹង សែន​ករុណា។ អង្គការ​សង្គម​ស៊ីវិល​ទាំង ​៥៥ ​នេះ ក៏​បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​នូវ​គ្រប់​ទម្រង់​នៃ​ការ​រំលោភ​បំពាន​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​សង្គម។

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​បញ្ជាក់​ថា​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ លោក ស៊ឹង សែន​ករុណា ហ៊ាន​និយាយ​ជា​សាធារណៈ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​បាត់​បង់​ធនធាន​ធម្មជាតិ ព្រៃឈើ បរិស្ថាន និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​។ ពួក​គេ​បន្ត​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ​ គឺ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ដែល​កម្ពុជា​បាន​អនុម័ត​ផ្តល់​សច្ចាប័ន ដូច្នេះ​ការ​និយាយ​ក្នុង​អត្ថបទ​សារ​ព័ត៌មាន​បែប​នេះ មិន​គួរ​ត្រូវ​បាន​គេ​ប្តឹង​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​នោះ​ឡើយ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG