ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​២​នាក់​នៅ​សា្វយ​រៀង​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​បំពាន​វិធាន​ការ​កូវីដ​១៩ ក្រោយ​ចេញ​មុខ​តវ៉ា​រឿង​ដី​ធ្លី


ក្នុង​រូបថត​​ផុ្តល់​ឱ្យ​ដល់​អង្គការ​លីកាដូ​នេះ​ ​​​សមាជិក​សហគមន៍​សាមគ្គី​ចេកមាស​​នៅ​ខេត្ត​ស្វាយរៀង​តវ៉ា​ឱ្យ​មាន​ដំណោះស្រាយ​សមរម្យ​ជុំវិញ​បញ្ហា​ដីធ្លី​របស់ពួកគេ កាល​ពី​ថ្ងៃទី២ ខែ​សីហា ឆ្នាំ២០២១។ (រូបថត​ផ្សាយ​លើ​គេហទំព័រ​អង្គការ​លីកាដូ​ផ្តល់​ឱ្យ​ដោយ​សហគមន៍)
ក្នុង​រូបថត​​ផុ្តល់​ឱ្យ​ដល់​អង្គការ​លីកាដូ​នេះ​ ​​​សមាជិក​សហគមន៍​សាមគ្គី​ចេកមាស​​នៅ​ខេត្ត​ស្វាយរៀង​តវ៉ា​ឱ្យ​មាន​ដំណោះស្រាយ​សមរម្យ​ជុំវិញ​បញ្ហា​ដីធ្លី​របស់ពួកគេ កាល​ពី​ថ្ងៃទី២ ខែ​សីហា ឆ្នាំ២០២១។ (រូបថត​ផ្សាយ​លើ​គេហទំព័រ​អង្គការ​លីកាដូ​ផ្តល់​ឱ្យ​ដោយ​សហគមន៍)

តុលាការ​ខេត្ត​ស្វាយរៀង​បាន​សម្រេច​ឃុំ​ខ្លួន​ស្រ្តី​២​នាក់​ដែល​តែង​តែ​ចេញ​មុខ​តវ៉ា​រឿង​ដី​ធ្លី ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​បំពាន​វិធានការ​សុខាភិបាល​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩។ ប៉ុន្តែ​ការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា​ជា​ការ​បំភិត​បំភ័យ​ប្រជា​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដី​ធ្លី។

លោក ទេព ផល្លា ប្រធាន​លេខាធិការ​ដ្ឋាន​កិច្ចការ​រដ្ឋបាល និង​ជា​អ្នក​នាំពាក្យ​ខាង​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង បាន​ប្រាប់​វីអូអេ​ថា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​សំណុំ​រឿង​របស់​អ្នកស្រី ឥន​ សូត្រ និង​ អ្នកស្រី យស់ សោភ័ណ្ឌ ត្រូវ​បាន​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​រួច​រាល់​ហើយ​តាំង​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ពាក់​ព័ន្ធ​នឹង​«ការ​មិន​គោរព​វិធាន​រដ្ឋបាល និង​រារាំងការ​អនុវត្ត​វិធាន​ការ​រដ្ឋបាល​ក្នុង​ការ​ការពារ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩»។ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា​មាត្រា​ប៉ុន្មាន​នៃ​ច្បាប់​កូវីដ​១៩​នោះ​ទេ។

បើ​តាម​មាត្រា​១០ និង​១១​នៃ​ច្បាប់​នេះ ការ​មិន​គោរព​វិធាន​ការ​រដ្ឋបាល ឬ​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ អាច​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ដល់​៣​ឆ្នាំ។ អ្នក​ជំនាញ​អង្គការ​សហ​ប្រជា​ជាតិ កាល​ពី​ខែ​មេសា បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​«ទោស​ជាប់​ពន្ធនាគារនិង​ពិន័យ​ធ្ងន់​ធ្ងរ​ហួស​ហេតុ»​នៅ​ក្នុង​ច្បាប់​ស្តីពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១​៩​និង​ជំងឺ​ឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀតដែល​រដ្ឋាភិបាល​ទើប​តែ​បាន​អនុម័ត​កាលពី​ខែ​មីនា ឆ្នាំ​២០២១។

លោក​ កឹង ឃន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​លោក​មិន​បាន​ដឹង​អំពី​ករណី​នេះ​ទេ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា​អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា​អ្នក​ភូមិ​ជា​ច្រើន​នាក់​នៅ​សហគមន៍​ចេកមាស​ បាន​ស្នើ​ឲ្យអាជ្ញាធរ​ខេត្ត​បញ្ឈប់​«ការ​បំភិត​បំភ័យ» និង​«ដាក់​សម្ពាធ»​ដល់​ប្រជាពលរដ្ឋ​ឲ្យទទួល​យក​សំណង​ដែល​មិន​សមរម្យ​ជា​ថ្នូរ​នឹង​ដី​ស្រែ​ចំនួន​១០០​ហិកតាដែល​អាជ្ញា​ធរ​គ្រោង​នឹង​យក​ទៅ​អភិវឌ្ឍ​ក្នុង​ផ្នែក​មួយ​នៃ​គម្រោង​ជីក​ប្រឡាយ​ទឹក​សាធារណៈ។

នៅ​ក្នុង​លិខិត​កោះ​ហៅ​របស់​នគរបាល​ខេត្ត​ស្វាយរៀង ដែល​វីអូអេ​ទទួល​បាន អ្នកស្រី យស់ សោភ័ណ្ឌ អាយុ​៤២​ឆ្នាំ និង​អ្នក​ស្រី ឥន សូត្រ អាយុ​៤៣​ឆ្នាំ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ម៉ោង​៨ ថ្ងៃ​ទី​២៧ ខែ​សីហា ក្រោម​ហេតុ​ផល​«រឿង​ហេតុ​ផ្ទាល់​ខ្លួន»។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ស្រ្តី​ទាំង​២​នាក់​បាន​មក​ធ្វើ​ការ​ស្រាយ​បំភ្លឺ ប៉ុន្តែមិន​ត្រូវ​បា​ន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ។ នេះ​បើ​តាម​អ្នក​ស្រី ខៀវ សារុន ដែល​ជា​អ្នក​ភូមិ​ជិត​ស្និទ្ធិ​នឹង​ស្រ្តី​ទាំង​២​នាក់​នោះ។ អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ស្រ្តី​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​សួរ​នាំ​អំពី​«ល្មើស​បម្រាម​គោចរ និង​វិធាន​សុខាភិបាល» ប៉ុន្តែ​មិន​នឹក​ស្មាន​ថា​មាន​ការ​ឃាត់​ខ្លួន។ អ្នកស្រី​បញ្ជាក់​ថា​ពួក​គេ​ក៏​មិន​បាន​គេច​វេះ​ក្នុង​ការ​ផាក​ពិន័យ​ប្រាក់ ដោយ​សារ​ការ​មិន​ពាក់​ម៉ាស់​នោះ​ទេ។

អ្នក​ស្រី​ថ្លែង​ថា៖ «ភាព​អយុត្តិធម៌​ណាស់​សម្រាប់​គាត់ បើ​សិន​ជា​ច្បាប់​[ល្មើស​វិធាន​សុខាភិបាល] ហើយ​ធ្វើ​តាម​ច្បាប់​ពិត​ប្រាកដ​ទាំង​អស់​គ្នា​គួរ​ធ្វើ​ម៉េច​ឲ្យ​មាន​ភាព​ស្មើគ្នា»។

មុន​នឹង​ការ​កោះ​ហៅ​របស់​នគរបាល​ខេត្ត​ស្វាយ​រៀង អ្នកស្រី យស់ ​សោភ័ណ្ឌ និង​អ្នកស្រី ឥន សូត្រ បាន​ចេញ​មុខ​តវ៉ា​យ៉ាង​សកម្ម​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​ក្នុង​ភូមិ​ចេក ភូមិ​សំរោង​ឃុំ​ឈើ​ទាល។ ពួកគេ​ត្រូវ​បាន​អាជ្ញាធរចេញ​បង្កាន់​ដៃ​ពិន័យ​ឲ្យ​បង់​ប្រាក់​២​លាន​រៀល​ក្នុង​មួយ​នាក់​ពី​ការ​មិន​គោរព​វិធាន​សុខាភិបាល​នៅ​ពេល​ដែល​ពួក​គេ​តវ៉ា​ទាម​ទារ​សំណង​ដី​ស្រែ​ចម្ការ​របស់​ពួកគេ​ក្នុង​តម្លៃ​៣​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា។

បង្កាន់​ដៃ​ពិន័យ​អន្តរការណ៍ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា បាន​ឲ្យ​ដឹង​ថា​ការ​ផាក​ពិន័យ​នេះ​តម្រូវ​ឲ្យ​រូបវន្ត​បុគ្គល ឬនីតិ​បុគ្គល​សាមី បង់​ប្រាក់​ពិន័យ​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​បង្កាន់ដៃ ហើយ​ប្រសិន​បើ​មិន​បង់​ប្រាក់​ពិន័យ​ទាន់​ពេល​វេ​លា​កំណត់​ទេ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នឹង​កសាង​សំណុំ​រឿង​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​បន្ត។

អ្នកស្រី ខៀវ សារុន បាន​ឲ្យ​ដឹង​ថាស្ត្រី​ទាំង​២​នាក់​បាន​ត្រៀម​ថវិកា​រួច​ហើយ​ថានឹងទៅ​បង់​ប្រាក់​ពិន័យ​លើ​ការល្មើស​វិធាន​សុខាភិបាល​នេះ នៅ​ពេល​ដែល​ពួកគេ​ចេញ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​វិញ។

អ្នកស្រី​បន្ថែម​ថា៖ «លិខិត​[កោះ​ហៅ​គឺ​ខាង] ស្រុក​គេ​បាន​យក​ទៅ​ឲ្យ​គាត់​ហើយ​ពួក​ខ្ញុំ​ក៏​បាន​ជជែក​គ្នា​ដែរ​ថា​នៅ​ពេល​ដែល​គាត់​រួចចេញ​ពី​កន្លែង​ដែល​គេ​សួរ​នាំ កន្លែង​ស្នងការ​[គឺ]​ពួកខ្ញុំ ពួក​ខ្ញុំ​នឹង​យក​លុយ​[ពិនិត្យ​បម្រាម​គោចរ]​ទៅ​បង់​នៅ​សាលា​ខេត្ត​នៅ​ថ្ងៃ​ទី​២៧ [ខែ​សីហា​នេះ] ពីព្រោះ​ពួក​ខ្ញុំ​បាន​ត្រៀម​លុយ​រួច​ហើយ [គឺ]​ថា​នៅ​ពេល​ពួក​ខ្ញុំ​ចេញ​ពី​ស្នងការ ពួក​ខ្ញុំ​ចូល​ទៅ​បង់​លុយ​ហើយ»។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​កសិករ​រឿង​បញ្ហា​ដីធ្លី បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ការ​ចោទ​ប្រកាន់​នេះ ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ដីធ្លី​ដែល​កសិករតវ៉ាទាមទារ​កាល​ពី​ដើម​ខែ​សីហា។ លោក​បន្ដ​ថាប្រសិន​បើ​អាជ្ញាធរ​ប្រើ​ច្បាប់​ស្តីពី​«វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩»​នេះ គួរតែ​អនុវត្ត​ឲ្យ​បាន​ស្មើ​គ្នា និង​មាន​តម្លាភាព​ដោយកុំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​រឿង​បញ្ហា​ដីធ្លី និង​ការ​អនុវត្ត​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ​១៩​នេះ។

លោក​ថ្លែង​ថា៖ «រឿង​ដើម​ហេតុ​នៃ​ការ​តវ៉ា​រហូត​ដល់​ត្រូវ​បាន​អាជ្ញាធរ​ហើយ​តុលាការ​ចោទ​ថា​ល្មើស​បម្រាម​គោចរ ឬ​ក៏​ល្មើស​ច្បាប់​កូវីដ​១៩​ហ្នឹង​គឺ​ដោយ​សារ​តែ​បញ្ហា​ដី​ធ្លី​របស់​ពួក​គាត់​[ហើយ​]មិន​មែន​អត់​ដើម​ចម​[ដើម​រឿង]​ទេ។ ដូច្នេះ​មើល​ទៅ​រឿង​រ៉ាវ​នេះ​វា​មាន​ភាព​ស្មុគ​ស្មាញ ហើយ​ប្រទាក់​ក្រឡា​គ្នា​រវាង​បញ្ហា​ដី​ធ្លី[ជា​មួយ​]នឹង​ការ​អនុវត្ត​ទៅ​លើ​បម្រាម​គោចរ ឬ​ក៏​វិធាន​ការ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​បង្ការ​ជំងឺ​កូវីដ​១៩»។

ចំណែក​លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ថា​ករណី​នេះ​ជា​ការ​ដាក់​បន្ទុក​ធ្ងន់​ធ្ងរ ការ​គំរាម​កំហែង និង​បំបាក់​ស្មារតី​ទៅ​លើ​សកម្មជន​ដី​ធ្លី។

លោក​បន្ត​ថា​រដ្ឋា​ភិបាល​និង​ក្រសួង​ដែន​ដី​នគរូប​នីយ​កម្ម គួរតែ​ស្វែង​រក​ឬស​គល់​នៃបញ្ហា​ដី​ធ្លី និង​បញ្ចប់​វា​ដូច​ពី​កាល​កន្លង​ទៅ ជា​ជាង​ប្រើ​យន្តការ​ផ្លូវ​ច្បាប់ដាក់​ទោស​ទៅ​លើ​ប្រជាពលរដ្ឋ​បែប​នេះ។ លោក​បន្ថែម​ថា​មធ្យោបាយល្អ​អាជ្ញាធរ​ត្រូវដោះ​ស្រាយតាម​ការ​ចរចា និង​សម្រប​សម្រួល​ជាមួយ​ប្រជា​ពល​រដ្ឋ​ដើម្បី​កុំ​ឲ្យ​មាន​វិវាទ​ដីធ្លី​ចេះ​តែ​កើន​ឡើង​បន្ត​បន្ទាប់​ទៀត៕

XS
SM
MD
LG