ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ព្យាយាម​រត់​គេច​ស្រប​ពេល​ដែល​ការ​ប៉ះ​ទង្គិច​គ្នា​បន្ត​កើត​ឡើង​នៅ​ក្នុង​រដ្ឋ Rakhine


រូបភាពកសារ៖ ប៉ូលិស​យាមល្បាត​ព្រំដែន​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​ Buthidaung ភា​គខាងជើង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី​១៣ កក្កដា ២០១៧។
រូបភាពកសារ៖ ប៉ូលិស​យាមល្បាត​ព្រំដែន​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​ Buthidaung ភា​គខាងជើង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី​១៣ កក្កដា ២០១៧។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជម្លៀស​អ្នក​ភូមិ​ដែល​មិន​មែន​ជា​អ្នក​កាន់​សាសនា​ឥស្លាមយ៉ាង​តិច ៤ ពាន់​នាក់ ស្រប​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្ត​កើត​ឡើង​នៅ​ក្នុង​តំបន់​ភាគ​ពាយព្យ​នៃ​រដ្ឋ Rakhine ដោយសារតែ​ជនជាតិ Rohingya កាន់​សាសនា​ឥស្លាម​រាប​ពាន់​នាក់​បន្ថែម​ទៀត​បាន​ព្យាយាម​រត់​គេច​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ចំនួន​អ្នក​ស្លាប់​ដោយសារ​អំពើ​ហិង្សា​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ការ​វាយ​ប្រហារ​របស់​ពួក​បះបោរ Rohingya ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ បាន​កើន​ឡើង​រហូត​ដល់ ៩៨ នាក់ ដែល​ក្នុង​នោះ មាន​ពួក​បះបោរ​ចំនួន ៨០ នាក់ និង​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ចំនួន ១២ នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល។

ជនជាតិ Rohingya រាប់​ពាន់​នាក់​ដែល​ភាគ​ច្រើន​ជា​ស្ត្រី និង​កុមារ បាន​ព្យាយាម​រត់គេច​ឆ្លង​ទន្លេ Naf ដែល​ខណ្ឌ​ចែក​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​បង់ក្លាដែស និង​ឆ្លង​ព្រំដែន​ដី​គោក។

មនុស្ស​ប្រហែល ២ ពាន់​នាក់ បាន​ឆ្លង​ចូល​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​រួច​ទៅ​ហើយ ចាប់តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​មក។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ជន​ភៀស​ខ្លួន Rohingya ដែល​រស់នៅ​ជំរំ​បណ្ដោះអាសន្ន​នានា​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

អំពើ​ហិង្សា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីក​រាលដាល​នៃ​ជម្លោះ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​មក​ម្ល៉េះ ដែល​នៅ​ពេល​នោះ ការ​វាយ​ប្រហារ​របស់​ពួក Rohingya ស្រដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច​ជាង​នេះ បាន​បង្ក​ឲ្យ​មាន​ប្រតិបត្តិការ​ឃោរឃៅ​ពី​សំណាក់​យោធា​មីយ៉ាន់ម៉ា៕

XS
SM
MD
LG