ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ស៊ើប​អង្កេត​​កុបកម្ម​ថ្ងៃ​៦ មករា ​ផ្តោត​លើ​ការ​អះអាង​របស់​លោក Trump ក្នុង​​​សវនាការ​លើក​ទី២​របស់​ខ្លួន​​នៅ​ថ្ងៃ​ចន្ទ​នេះ


លោក Adam Kinzinger សមាជិក​រដ្ឋសភា​អាមេរិក​មក​ពី​រដ្ឋ​ Illinois ​លោក Jamie Raskin សមាជិក​រដ្ឋសភាមក​ពី​រដ្ឋ Maryland និង​លោកស្រី Elaine Luria សមាជិក​រដ្ឋសភា​​មក​ពី​រដ្ឋ Virginia ស្តាប់​សវនាការ​ផ្តល់​សក្ខីកម្ម​លើក​ទី​១​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២២។
លោក Adam Kinzinger សមាជិក​រដ្ឋសភា​អាមេរិក​មក​ពី​រដ្ឋ​ Illinois ​លោក Jamie Raskin សមាជិក​រដ្ឋសភាមក​ពី​រដ្ឋ Maryland និង​លោកស្រី Elaine Luria សមាជិក​រដ្ឋសភា​​មក​ពី​រដ្ឋ Virginia ស្តាប់​សវនាការ​ផ្តល់​សក្ខីកម្ម​លើក​ទី​១​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២២។

គណៈកម្មាធិការ​ស៊ើបអង្កេត​កុបកម្ម​ថ្ងៃ​ទី៦ មករា​នៅ​ឯ​វិមានសភា Capitol របស់​អាមេរិកកាល​ពី​ឆ្នាំ​ទៅ​នឹងបន្ត​សវនាការ​ផ្តល់​សក្ខីកម្ម​លើក​ទី២របស់​ខ្លួន​នៅថ្ងៃ​ចន្ទ​នេះ ដោយ​មាន​អតីត​អ្នក​ចាត់ចែង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី Donald Trump ចូលរួម​ផ្តល់​សក្ខីកម្ម​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​ផ្សេងទៀតដោយ​ផ្តោត​ទៅ​លើ​ការ​ចោទ​ប្រកាន់របស់​លោក Trump ដែល​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​លើ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

សមាជិក​របស់​គណៈកម្មាធិការ​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ភ័ស្តុតាង​ជា​ច្រើន​បន្ថែម​ទៀត នឹង​ត្រូវ​លើក​បង្ហាញនៅ​ក្នុង​សវនាការ​ក្នុង​ពេល​ខាង​មុខដែល​ថា លោក Trump បាន​ដឹង​ថា លោក​ពិត​ជា​បានចាញ់ការប្រកួត​ប្រជែងការ​បោះឆ្នោត​នោះ​មែន ក៏ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំដោយ​ប្រាប់ ​ក្រុមអ្នក​គាំទ្រ​របស់​លោកថា លោក​ត្រូវ​បាន​គេ​បោក​ប្រាស់ដណ្តើម​យកលទ្ធផល​បោះឆ្នោត​សម្រាប់​ការ​កាន់​តំណែងដែល​មាន​រយៈ​ពេល៤ ឆ្នាំទៀត​នោះ។

សមាជិក​រដ្ឋសភាអាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Jamie Raskin មក​ពី​រដ្ឋ Maryland បាន​ប្រាប់កម្មវិធី State of the Union របស់​ទូរទស្សន៍ CNN ថា លោកTrump «ពិត​ជា​បាន​ដឹង​ពិតប្រាកដ​ថា លោកបាន​ចាញ់​ឆ្នោត​មែន‍» ក៏ប៉ុន្តែ​លោក​បាន«ធ្វើ​ការ​ភូត​កុហក​ដ៏​ធំ​មួយ‍»​ដូចអ្វី​ដែល​លោក​កំពុង​ធ្វើ​នៅ​ពេល​នេះ​ដែល​ថា លោក​ជា​អ្នក​ឈ្នះការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០២០​នោះ​លើ​គូប្រជែង​របស់​លោក​គឺ​លោក Joe Biden នៃ​គណបក្ស​ប្រជាធិបតេយ្យ។ លោក Biden បាន​ចូល​កាន់​អំណាចជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​២​សប្តាហ៍​ក្រោយ​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​វិមាន​សភា​អាមេរិក។

លោក Raskin បាន​ពណ៌នា​សកម្មភាព​របស់​លោក Trump ថា​បាន​លើក​ទឹកចិត្ត​ឱ្យ​មាន​ការវាយ​ប្រហារ​ដ៏​ធំ​មួយ​ទៅ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យរបស់អាមេរិក ខណៈ​ដែល​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Adam Schiff មក​ពី​រដ្ឋ California បាន​ប្រាប់​កម្មវិធី This Week របស់​ទូរទស្សន៍ ABC ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា៖ «នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​នោះ​កំពុង​កើត​មាន​ឡើង​នោះ លោក Trump ពុំ​បាន​ធ្វើ​អ្វីដើម្បី​បញ្ឈប់​សកម្មភាព​វាយ​ប្រហារ​នោះ​ឡើយ រហូត​ដល់​ពេល​វា​កើត​ឡើង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង»។

ការ​ផ្តល់​សក្ខីកម្មជា​សាធារណៈនេះ​ មាន​គម្រោងនឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​តិច​ក៏​ចំនួន​៦លើក​ទៀត​ដែរ​ ក្នុង​រយៈ​ពេល​២​សប្តាហ៍​ខាង​មុខ​នេះ។

ដោយ​ឡែក​លោក Donald Trump បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គមផ្ទាល់ខ្លួន​របស់​លោកដែល​មាន​ឈ្មោះ​ថា ការ​ពិត​សង្គមឬ TRUTH Social ដោយហៅ​ការ​ផ្តល់​សក្ខីកម្ម​របស់​គណៈកម្មាធិការ​ស៊ើប​អង្កេតកាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ជា​ការបង្ហាញ​សាច់​រឿង​តែ​មួយ​ជ្រុង​និង​មាន​ការ​លម្អៀង​ទាំង​ស្រុង។ លោក​ក៏​បាន​បដិសេធ​គ្លីប​វីដេអូ​សង្ខេបមួយដែល​បង្ហាញពី​កូន​ស្រី​ច្បង​របស់​លោក​គឺ​លោក​ស្រី Ivanka Trump ថា​បាន​យល់​ព្រមជា​មួយ​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក William Barr ដែល​និយាយ​ថា​ គ្មាន​ភ័ស្តុតាងទូលំទូលាយនៃ​ការ​លួច​បន្លំ​សន្លឹកឆ្នោត​នោះ​ឡើយ​ ហើយ​លោក Biden ពិត​ជាអ្នកឈ្នះ​ដោយ​ត្រឹម​ត្រូវ​មែន។

អ្នក​គាំទ្រ​របស់​លោក Trump ជាង៨០០នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​នៅក្នុង​ការ​វាយ​បំផ្លិចបំផ្លាញលើ​វិមាន​សភា​អាមេរិក​នោះ ហើយ​មនុស្ស​ជាង​៣០០នាក់​ទៀត​បាន​ទទួល​កំហុស​ឬ​ត្រូវ​បាន​កាត់​ទោសនិងនៅសល់​ករណី​មួយ​ចំនួន​ទៀត​កំពុង​ដំណើរការ​មិន​ទាន់​ចប់​នៅ​ឡើយ៕

XS
SM
MD
LG