ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​កាសែត​អាស៊ីសេរី​ពីរ​រូប​នឹង​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​នេះ


រូបឯកសារ៖ អតីតអ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពេល​ត្រូវបាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំងព្រៃស ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ អតីតអ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពេល​ត្រូវបាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំងព្រៃស ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

អតីត​អ្នក​កាសែត​អាស៊ី​សេរី​ពីរនាក់​នឹង​ទៅ​បំភ្លឺ​នៅ​សាលា​ឧទ្ធរណ៍​ ហើយ​ទាមទារ​ឲ្យ​តុលាការ​ដក​ការ​ឃ្លាំមើល​ ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​ទាំងពីរ​មាន​សេរីភាព​ក្នុងការ​ធ្វើ​ដំណើរ​ និង​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។​ ពួកគេ​ក៏​ទាមទារ​ឲ្យ​មាន​ការ​ប្រគល់​សម្ភារៈ​ដែល​សមត្ថ​កិច្ច​បាន​រឹបអូស​ផង​ដែរ។

អតីត​អ្នកកាសែត​ពីរ​រូប​របស់​វិទ្យុ​អាស៊ីសេរី ​(RFA)​ គ្រោង​នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ឧទ្ធរណ៍​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ ដក​ការ​ឃ្លំាមើល​របស់​តុលាការ​ ​និង​ប្រគល់​សម្ភារៈ​ដែល​បាន​រឹប​អូស ​ក្រោយ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ពី​ចុងឆ្នាំ​២០១៧។

អតីត​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​គឺ​លោក​ យាង សុធារិន្ទ​ និង​លោក​ អ៊ួន ឈិន​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី១៨​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ ពី​បទ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ។​ ​អ្នក​ទាំង​ពីរ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ ៧ដល់​១៥​ឆ្នាំ។

លោក​ យាង សុធារិន្ទ​ ដែល​សមត្ថកិច្ច​បាន​រឹប​អូស​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង​នោះ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្នុង​ពេល​លោក​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការនោះ​ លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​នៅ​ទឹកដី​កម្ពុជា​ក្រោម​នោះ​ទេ​ ហើយ​ក៏​មិន​អាច​ចេញ​ទៅ​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ខ្លីៗ​នៅ​ក្រៅ​ប្រទេស​កម្ពុជា​បាន​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖​

«សម្រាប់​ពួក​ខ្ញុំ​ អា​ការណ៍​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​ហ្នឹង​ ទាក់​ទង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ជា​ពិសេស​ហ្នឹងគឺថា​ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់ខ្ញុំ​នៅ​ដែន​ដី​កម្ពុជា​ក្រោម​បាន​ទី១។ ទី​២ វា​ពិបាក​ វា​ពិបាក​ត្រង់​ថា​ ពេល​ខ្លះ​យើង​ចង់​មាន​ឱកាស​បាន​ទៅ​ training [វគ្គ​បណ្តុះ​បណ្តាល] ចូលរួម​ training [វគ្គ​បណ្តុះ​បណ្តាល] ឬក៏​ចង់​បានចូល​រួម​នៅ​ក្នុង​វគ្គ​អី​ខ្លីៗ​នៅ​ក្រៅប្រទេស​អីចឹង​ ដែល​យើង​ចង់​ទៅ​ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​របស់​យើង​ យើង​អត់​មាន​ឱកាស​ទៅ​បាន​ទេ»។

អតីត​អ្នក​កាសែត​រូប​នេះ​ ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នោះ​ ថ្លែង​បន្ថែម​ថា​ ការណ៍​ដែល​តម្រូវ​ឲ្យ​លោក​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ជា​ប្រចាំខែ​នោះ​ បាន​បង្ក​ផល​ប៉ះ​ពាល់អាក្រក់​ដល់​ការងារ​របស់​លោក។​

លោក​យល់​ថា​ ក្នុង​កាលៈទេសៈ​ដែល​រដ្ឋាភិបាល​កំពុង​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លើក​កម្ពស់​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ​ តុលាការ​គួរ​ពិចារណា​អនុញ្ញាត​ឲ្យ​លោកលែង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ហើយ​ប្រគល់​សម្ភារៈ​ដល់​លោក​ និង​សហការី​របស់​លោក​វិញ​ គឺ​លោក​ អ៊ួន ឈិន។

«កន្លង​ទៅ​ឃើញ​ថា​ សាលាឧទ្ធរណ៍​ហ្នឹង​ ក៏បាន​ទម្លាក់​នូវ​បទ​ចោទ​ប្រកាន់​ទៅ​លើ​សហជីព​ ទាំង​៦រូប​ដែរ​ ហើយ​ ហ្នឹង​ហើយ​ ខ្ញុំ​ថា​ វា​ជា​រឿង​មួយ​ល្អ​ វា​ជា​មុខ​មាត់​ល្អ​សម្រាប់​កម្ពុជា​យើង​ នៅ​ពេល​ដែល​យើង​ប្តេជ្ញា​ថា​ យើង​មិន​មាន​ការ​គាបសង្កត់​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ យើង​គួរ​តែ​ អ៊ី​ចឹង​ខាង​តុលាការ​ខ្ញុំ​គិត​ថា... គួរតែ​ផ្តល់​នូវ​ភាព​អនុគ្រោះ​ទៅ​ដល់​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​ ដើម្បី​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា​ ប្រទេស​កម្ពុជា​យើង​ គឺ​មិនមាន​ការ​រឹត​ត្បិត​គាប​សង្កត់​ទៅ​លើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​អ៊ីចឹង​បាទ»។

កាល​ពីខែ​ឧសភា​កន្លងទៅ​នេះ​ សាលាឧទ្ធរណ៍​បាន​សម្រេច​ទម្លាក់​ចោល​ជា​ផ្លូវ​ការ​ចំពោះ​បទចោទប្រកាន់​លើ​មេដឹកនាំ​សហជីព​សំខាន់ៗ​ ចំនួន​៦នាក់​ ក្នុង​សំណុំរឿង​បាតុកម្ម​ហិង្សា​ទាមទារ​ប្រាក់​ឈ្នួល​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ដែល​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​វេងស្រេង​ ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ចុងឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤។​ ចុងក្រោយ​នេះ​ រដ្ឋាភិបាល​ក៏បាន​អនុញ្ញាត​ឲ្យ​សំឡេង​សហរដ្ឋ​អាមេរិក​ ដំណើរការ​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ​ផង​ដែរ។

លោក អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ លើក​ឡើង​ថា​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​រដ្ឋាភិបាល​កម្ពុជា​ចង់​ស្តារ​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើងវិញ​នោះ តុលាការ​គួរ​ពិចារណា​ និង​អនុញ្ញាត​ឲ្យ​អតីត​អ្នក​យក​ព័ត៌មាន​របស់​ RFA​ បាន​រួចផុត​ពី​ការ​ឃ្លាំមើល​របស់​តុលាការ។

​«រឿងនេះ​ បើសិន​ជា​មានការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ ឬក៏​ការ​ប្រគល់​សិទ្ធិ​ឲ្យ​គាត់​វិញ​ សម្ភារៈ​ឲ្យ​គាត់​វិញ​ហ្នឹង​ អាហ្នឹង​ក៏វា​ជា​លក្ខខណ្ឌ​មួយ​ ជា​ការ​ជួយ​សម្រួល​ដែរ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ ពីព្រោះ​រឿង​លោក ​យាង​ សុធារិន្ទ​ និង​លោក​ អ៊ួន​ ឈិន ​នេះ​ ​ធ្វើ​ឲ្យ​គេ​រិះគន់​ថា​ វា​ជារឿង​ដែល​ពាក់​ព័ន្ធ​នឹង​នយោបាយ​ ហើយ​ជា​ការ​ដាក់​គំនាប​ ជា​ការ​គំរាម​កំហែង​សម្រាប់​អ្នក​យក​ព័ត៌មាន។ អ៊ីចឹង​ ចំណុច​ទាំង​អស់​នេះ​ ក៏​វា​ជា​ស្ថានភាព​ល្អ​ប្រសើរ​មួយ​ដែរ​ ​បើ​សិន​ជា​អ្នក​ទាំង​ពីរ​ត្រូវបាន​ទម្លាក់​បទ​ចោទ​នោះ​បាទ»។

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ទូច ថារិទ្ធ​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។

កាល​ពីដើម​ខែ​មិថុនា​នេះ​ ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ (Working Group on Arbitrary Detention)​ ​បាន​បញ្ចេញ​សេចក្តី​វិភាគ​ខាង​ច្បាប់​មួយ​ដែល​បង្ហាញ​ថា​ អតីត​អ្នក​កាសែត​ពីរ​នាក់​របស់​វិទ្យុ​អាស៊ី​សេរី គ្មាន​ទោស​ ហើយ​ពួកគេ​ទាំង​ពីរ​រូប​គួរ​ទទួល​បាន​សេរីភាព​ពេញលេញ​ និង​លទ្ធភាព​ទទួល​បាន​សំណង។

ក្រុម​ការងារ​បាន​ផ្តល់​ហេតុផល​ថា​ ​ការ​ឃុំ​ខ្លួន​ពួក​គេ​គឺ​ជា​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ ដោយ​សារ​មិន​មាន​មូលដ្ឋាន​ច្បាប់​ណាមួយ​អាច​យក​មក​ប្រើ​ប្រាស់​ ដើម្បី​ធ្វើ​យុត្តិកម្ម​ដក​ហូត​សេរីភាព​របស់​ពួក​គេ​ឡើយ ​ហើយ​ការ​ឃុំ​ខ្លួន​ពួកគេ​កើត​ចេញ​ពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​គំនិត​ និង​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី។​ ការ​ឃុំ​ខ្លួននេះ​ ជា​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​របស់​ពួក​គេ។

យ៉ាង​ណាក៏ដោយ​ អ្នក​យក​ព័ត៌មាន​ទាំងពីរ​នាក់​របស់​វិទ្យុអាស៊ីសេរី​នឹង​បង្ហាញ​ខ្លួន​នៅ​សាលា​ឧទ្ធរណ៍​នៅថ្ងៃ​ទី​២១ ខែ​មិថុនា​ ខាង​មុខ​នេះ​ វេលា​ម៉ោង​៨ព្រឹក​ ដើម្បី​ជម្រះ​រឿងក្តី​របស់​ពួកគេ។​ នេះ​បើ​យោង​តាម​លិខិត​អញ្ជើញ​របស់​មហា​អយ្យការ​អមសាលា​ឧទ្ធរណ៍ក្នុង​ទីក្រុង​ភ្នំពេញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG