ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ព្រមាន​អំពី​ «ការ​បង្ក្រាប​ដោយ​ឥត​ប្រណី​‍» លើ​អ្នក​កាសែត​កម្ពុជា


រូបឯកសារ៖​ លោក យាង សុធារិន (ខាងស្តាំ) និង​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​ ចាកចេញ​ពី​ពន្ធនាគារ​ព្រៃស​ បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨។ 
រូបឯកសារ៖​ លោក យាង សុធារិន (ខាងស្តាំ) និង​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​ ចាកចេញ​ពី​ពន្ធនាគារ​ព្រៃស​ បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨។ 

ករណី​របស់​លោក សុធារិន និង​លោក អ៊ួន ឈិន ត្រូវ​បាន​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​រិះគន់ ដោយ​ហៅ​ថា​ជា​ការ«បង្ក្រាប​ដោយ​ឥត​ប្រណី‍»​ទៅ​លើ​អ្នក​កាសែត​នៅ​កម្ពុជា។

សម្រាប់​អតីត​អ្នក​កាសែត​របស់​វិទ្យុ​អាស៊ី​សេរី លោក យាង សុធារិន ជីវិត​របស់​លោក​ក្រឡាប់​ចាក់​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ប៉ូលិស​កម្ពុជា​បាន​ចាប់​ខ្លួន​លោក​និង​សហការី​របស់​លោក​គឺ​លោក អ៊ួន ឈិន ដាក់​ឃុំឃាំង​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៧។ ពួកគេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ចោទប្រកាន់​ថា ​បាន​ឃុបឃិត​ជាមួយ​នឹង​បរទេស ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ។

លោក សុធារិន ថ្លែង​ថា «កូនប្រុស​របស់​ខ្ញុំ​មាន​អាយុ​១០​ឆ្នាំ ហើយ​កូនស្រី​របស់​ខ្ញុំ​មាន​អាយុ​៨​ឆ្នាំ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ ខ្ញុំ​បាន​ព្យាយាម​លាក់​បាំង​រឿង​នេះ​ពី​ពួកគេ​ទាំង​ពីរ...ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​ទៅ​បន្ត​រៀន​ថ្នាក់​បណ្ឌិត​នៅ​ព្រៃស។ ពួកគេ​មិន​ដឹង​ថា​ព្រៃស​គឺ​ជា ​ពន្ធនាគារ​ទេ‍»។

លោក សុធារិន បាន​បន្ថែម​ទៀត​ថា «ពួកគេ​នឹក​ខ្ញុំ​ខ្លាំង​ណាស់។ ពួកគេ​និយាយ​ថា ប៉ាប៉ា​ឈប់​រៀន​ទៅ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ។ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​លួងលោម​ពួកគេ ហើយ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ត្រូវ​បន្ត​ការ​សិក្សា​រហូត​ទាល់​តែ​ប្រឡង​ជាប់ ទើប​អាច​ត្រឡប់​ទៅ​វិញ​បាន‍»។ ប៉ុន្តែ​កូនៗ​របស់​លោក​នៅ​តែ​ដឹង​ការ​ពិត​ដដែល តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

ខណៈ​ដែល​អ្នក​កាសែត​ទាំង​ពីរ​នាក់​ត្រូវ​បាន​ដោះលែង​កាល​ពី​ខែ​សីហា ឆ្នាំ​មុន និង​បាន​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួកគេ​វិញ ការ​ចោទប្រកាន់​ពួកគេ​នៅ​មិន​ទាន់​ត្រូវ​បាន​ទម្លាក់​ចោល​នៅ​ឡើយ​ទេ។ កាល​ពី​ប្រមាណ​មួយ​ខែ​មុន ចៅក្រម​ស៊ើបអង្កេត​បាន​បញ្ជូន​ករណី​នេះ​ទៅ​ជំនុំជម្រះ។

លោក សុធារិន បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាំងអស់ ហើយ​លោក​ជឿ​ថា ការ​ចាប់​ខ្លួន​លោក​គឺ​ជា ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​សេចក្តីរាយការណ៍​រិះ​គន់​រដ្ឋាភិបាល​របស់​វិទ្យុ​អាស៊ី​សេរី ក៏​ដូចជា​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ «បំបិទ​មាត់​អ្នក​កាសែត​ឯករាជ្យ ដែល​ហ៊ាន​សរសេរ​អំពី​អ្វី​ដែល​អាច​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​រដ្ឋាភិបាល‍»។

ករណី​របស់​លោក សុធារិន និង​លោក អ៊ួន ឈិន ត្រូវ​បាន​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​រិះគន់ ដោយ​ហៅ​ថា​ជា​ការ«បង្ក្រាប​ដោយ​ឥត​ប្រណី‍»​ទៅ​លើ​អ្នក​កាសែត​នៅ​កម្ពុជា។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា «វដ្ដ​ភ័យខ្លាច‍» ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​មុន​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ថ្ងៃ​ទី​ ៣ ខែ ឧសភា ខាង​មុខ​នេះ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ការ​រឹតត្បិត​សេរីភាព‍«បាន​ក្លាយ​ទៅ​ជា​រឿង​ធម្មតា‍»ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កម្ពុជា​បាន​ធ្លាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ប្រចាំឆ្នាំ​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​មួយ​លេខ​គឺ​ពី​ចំណាត់ថ្នាក់​១៤២​ទៅ​១៤៣​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​។ កាល​ពី​ឆ្នាំ​មុន ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ចំណាត់ថ្នាក់​ចំនួន​១០។

កាល​ពី​ពីរ​ឆ្នាំ​មុន កាសែតThe Cambodia Daily ត្រូវ​បាន​បង្ខំ​ឲ្យ​បិទទ្វារ វិទ្យុ​អាស៊ី​សេរី​ត្រូវ​បង្ខំ​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា ហើយ​ស្ថានីយ​វិទ្យុ​ជាង​៣០​ផ្សេង​ទៀត​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ។ ​

របាយការណ៍​ឆ្នាំ​នេះ​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អង្គការ​នេះ​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​កាល​ពី​ឆ្នាំ​មុន «កាសែត ភ្នំពេញ​ប៉ុស្តិ៍ ដែល​ជា​កាសែត​ឯករាជ្យ​ចុងក្រោយ​បង្អស់ ត្រូវ​បាន​អ្នក​ជំនួញ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ដែល​មាន​ទំនាក់ទំនង​នឹង​រដ្ឋាភិបាល​កម្ពុជា​ទិញ​យក‍»។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា «អ្នក​កាសែត​ណា​ដែល​នៅ​តែ​ហ៊ាន​ធ្វើ​សេចក្តីរាយការណ៍​ស៊ើបអង្កេត​ទៅ​លើ​ប្រធានបទ​នានា​ដែល​រដ្ឋាភិបាល​មិន​ចូលចិត្ត ដូចជា​ការ​បម្រើ​ផ្លូវ​ភេទ​ដោយ​អនីតិជន ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ‍»។ បន្ទាប់​ពី​របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា រដ្ឋាភិបាល​មាន​ការ​ប្តេជ្ញា​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។

លោក​ យាង​ សុធារិន និង​លោក​អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី ដែល​ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​ អង្គុយ​នៅ​ខាង​ក្នុង​រថយន្ត​ប៉ូលិស​ ខណៈ​ពេល​អ្នក​ទាំងពីរ​មក​ដល់​សាលាឧទ្ធរណ៍​ កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៨។
លោក​ យាង​ សុធារិន និង​លោក​អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី ដែល​ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​ អង្គុយ​នៅ​ខាង​ក្នុង​រថយន្ត​ប៉ូលិស​ ខណៈ​ពេល​អ្នក​ទាំងពីរ​មក​ដល់​សាលាឧទ្ធរណ៍​ កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៨។

ប៉ុន្តែ​លោក សុធារិន ដែល​បច្ចុប្បន្ន​នេះ​កំពុង​បម្រើការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​និយាយ​ថា លោក​មិន​អាច​ធ្វើ​ជា​អ្នក​កាសែត​បាន​ទៀត​ទេ ព្រោះ​លោក​នៅ​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​នៅ​ឡើយ។ លោក​ថ្លែង​ថា «នៅ​ពេល​ដែល​ខ្ញុំ​សរសេរ​អត្ថបទ​មួយ​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​នរណា​ម្នាក់​មិន​សប្បាយ​ចិត្ត​នឹង​ខ្ញុំ ពួកគេ​ប្រហែល​ជា​អាច​ចាត់​វិធានការ​មក​លើ​ខ្ញុំ‍»។

លោក ហ៊ុយ វណ្ណៈ ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​ថ្លែង​ថា ការ​ភ័យ​ខ្លាច​របស់​លោក សុធារិន​ គឺ​មិន​មាន​នោះ​ទេ។ លោក វណ្ណៈ ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ផង​និង​ជា​ប្រធាន​សហជីព​អ្នក​កាសែត​កម្ពុជា​ផង​នោះ​បាន​អះអាង​ថា ការ​ធ្វើ​សេចក្តីរាយការណ៍​នៅ​កម្ពុជា​គឺ​ខ្វះ​គុណភាព មិន​មែន​សេរីភាព​នោះ​ទេ។

លោក ហ៊ុយ វណ្ណៈ បាន​និយាយ​ថា «អ្នក​ត្រូវ​ហ៊ាន​រិះគន់។ ខ្ញុំ​មិន​ដែល​ឃើញ​នរណា​ម្នាក់​ជាប់​ពន្ធនាគារ​ដោយសារ​តែ​ការ​សរសេរ​នោះ​ទេ លើកលែង​តែ​អ្នក​មាន​កំហុស‍»។

សម្រាប់​លោក សុធារិន ការ​សរសេរ​រិះគន់​រដ្ឋាភិបាល​គឺ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​លោក។ លោក​ថ្លែង​ថា លោក​នៅ​កំពុង​តែ​រង់ចាំ​មើល​ភស្តុតាង​នៅ​ក្នុង​ករណី​ចោទប្រកាន់​លោក​និង​សហការី​របស់​លោក​នៅឡើយ។

លោក​និយាយ​ថា ខណៈ​ដែល​ករណី​នេះ​កំពុង​រង់ចាំ​ការ​ជំនុំជម្រះ កូនៗ​របស់​លោក​នៅ​តែ​សួរ​ដដែល​ថា​តើ​លោក​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​វិញ​ទៀត​ដែរ​ឬ​ទេ។ លិខិត​ឆ្លង​ដែន​របស់​លោក​ត្រូវ​បាន​ដកហូត ដូច្នេះ​លោក​មិន​អាច​ចាកចេញ​ពី​កម្ពុជា​បាន​ទេ សូម្បី​តែ​ទៅ​សួរ​សុខទុក្ខ​ឪពុកម្ដាយ​របស់​លោក​ក្នុង​តំបន់​មួយ​ដែល​ឥឡូវ​នេះ​បាន​ក្លាយ​ជា​ទឹកដី​វៀតណាម​ហើយ​នោះ​ក៏​មិន​អាច​ដែរ។ ​

អ្នក​កាសែត​មួយ​ចំនួន​នៅ​កម្ពុជា​និយាយ​ថា ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​រឹតត្បិត​ខ្លួន​ឯង ដោយ​ចៀសវាង​សរសេរ​អំពី​ប្រធានបទ​ណា ដែល​អាច​ឲ្យ​ពួកគេ​ប៉ះទង្គិច​ជាមួយ​នឹង​អាជ្ញាធរ។

លោក ថៃ សុធា ស្ថាបនិក​នៃ​គេហទំព័រ​ព័ត៌មាន Cambonomist ថ្លែង​ថា លោក​ចៀសវាង​ប្រធានបទ​ពាក់ព័ន្ធ​នឹង​នយោបាយ ដោយសារ​តែ​វា​ជា​រឿង​រសើប។ ផ្ទុយ​ទៅ​វិញ លោក​ផ្តោត​លើ​ព័ត៌មាន​ទាក់ទង​នឹង​ជំនួញ។

លោក​បាន​និយាយ​ថា «ខ្ញុំ​ត្រូវ​តែ​ទទួលស្គាល់​ថា យើង​មាន​ការ​រឹតត្បិត​ខ្លួន​ឯង​ខ្ពស់​គួរសម...យើង​ដឹង​ខ្លួនថា យើង​អាច​សរសេរ​ប្រធានបទ​ត្រឹម​កម្រិត​ណា​»។

លោក សុធា និយាយ​ថា ការ​ផ្ដោត​ទៅ​លើ​ជំនួញ​អនុញ្ញាត​ឲ្យ​លោក​បន្ត​ធ្វើការ​ជា​អ្នក​កាសែត​បាន។ លោក​ថ្លែង​ថា «ខ្ញុំ​ត្រូវ​ព្យាយាម​ធ្វើ​ជា​បុគ្គល​ម្នាក់ ដែល​នៅ​តែ​អាច​ជូន​ដំណឹង​ដល់​សាធារណជន ហើយ​ខ្លួន​ខ្ញុំ​ក៏​មាន​សុវត្ថិភាព‍»។

ប៉ុន្តែ​លោក វណ្ណៈ ទទូច​ថា ការ​ចោទប្រកាន់​ថា អ្នក​កាសែត​មាន​ការ​រឹតត្បិត​ខ្លួន​ឯង​គឺ​ផ្អែក​លើ​ការ​មិន​យល់​វប្បធម៌​តែ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា «ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការ​យល់​ខុស​ ដោយសារ​តែ​វប្បធម៌​ខុស​គ្នា។ នៅ​កម្ពុជា យើង​ហៅ​ថា​ជា​ការ​ប្រុងប្រយ័ត្ន​ខ្លួន​ឯង...គ្រប់គ្នា​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លួនឯង​ដើម្បី​អនុវត្ត​ទៅ​តាម​ក្រម​សីលធម៌​ចំពោះ​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស។ ខ្ញុំ​គិត​ថា វា​គឺ​ជា​រឿង​ធម្មតា​ដែល​គ្រប់គ្នា​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លួន​ឯង‍»។

​លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា «ក្រឡេក​មើល​វប្បធម៌​របស់​យើង។ វា​គឺ​ជា​វប្បធម៌​ដ៏​គួរ​ឲ្យ​គោរព។ យើង​គឺ​ជា​ពុទ្ធសាសនិក។ យើង​ស្តាប់​គ្រូ​បារអាចារ្យ យើង​ស្តាប់​លោក និង​ស្តាប់​ឳពុកម្តាយ‍»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG