ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ស្ត្រី​ពីរ​នាក់​មក​ពី​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ប្រកួត​ប្រជែង​យក​តំណែង​មេឃុំ


លោកស្រី កែវ សុផាត អាយុ៥៤ឆ្នាំ មេឃុំ​ត្រែង​ត្រយឹងបច្ចុប្បន្ន​ និង​ជា​បេក្ខជន​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​អ្នកនាង​ កឹម តុលា អាយុ​៣០ឆ្នាំ បេក្ខជន​មក​ពីគណបក្ស​សង្រ្គោះជាតិ ប្រកួតប្រជែង​យក​តំណែង​មេឃុំ​ត្រែង​ត្រយឹង ក្នុង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្

នៅ​ក្នុង​ឃុំ​ត្រែងត្រយឹង នៃ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បេក្ខជន​ជា​ស្ត្រី​ដូច​គ្នា​មក​ពី​បក្ស​កាន់​អំណាច និង​បក្ស​សង្គ្រោះ​ជាតិ នឹង​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ ដើម្បី​រក្សា​និង​ដណ្ដើម​យក​តំណែង​មេឃុំ​នេះ។

សំឡេង​គាំទ្រ​គណបក្ស​ប្រឆាំង​ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ ដែល​នៅ​ពេល​នោះ គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បានអាសនៈ​សភា​ចំនួន​៣ស្មើ​គ្នា​សម្រាប់​ខេត្ត​កំពង់ស្ពឺ។ ការណ៍​នេះ ​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹម​ថា​ ពួកគេ​នឹង​ទទួល​បាន​តំណែង​មេឃុំ ចៅសង្កាត់​ច្រើនក្នុង​ខេត្ត​នេះ​ នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ប៉ុន្តែ នៅ​ក្នុង​ឃុំ​ត្រែងត្រយឹង នៃ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បេក្ខជន​ជា​ស្ត្រី​ដូច​គ្នា​មក​ពី​បក្ស​កាន់​អំណាច និង​បក្ស​សង្គ្រោះ​ជាតិ នឹង​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ ដើម្បី​រក្សា​និង​ដណ្ដើម​យក​តំណែង​មេឃុំ​នេះ។

សាលា​ឃុំ​ត្រែង​ត្រយឹង ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ឃុំត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)
សាលា​ឃុំ​ត្រែង​ត្រយឹង ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ឃុំត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​នេះ បេក្ខជន​ស្ត្រី​ពីរ​នាក់ ម្នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ម្នាក់​ទៀត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ចូលរួម​ប្រកួត​ប្រជែង​យក​តំណែង​មេឃុំ​ត្រែងត្រយឹង ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

លោកស្រី កែវ សុផាត អាយុ​៥៤ឆ្នាំ ដែល​ជា​មេឃុំ​បច្ចុប្បន្ន​មក​ពី​គណបក្ស​កាន់​អំណាច នឹង​ប្រកួត​ប្រជែង​ជាមួយ​អ្នកនាង កឹម តុលា អាយុ​៣០​ឆ្នាំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ បេក្ខជន​ទាំង​ពីរ​ធ្លាប់​បាន​ស្គាល់​គ្នា​ពី​មុន​មក​ ដោយសារ​អ្នកនាង កឹម តុលា ធ្លាប់​បំពេញ​ការងារ​ជាក្រុមប្រឹក្សា​ឃុំ ​ទទួល​បន្ទុក​ផ្នែក​ស្ត្រី និង​កុមារ។

​លោកស្រី កែវ សុផាត បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ​លោកស្រី​នឹង​ទទួល​បាន​ការ​គាំទ្រ​ដដែល សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ ដោយ​លោកស្រី​អះអាង​ថា​ លោកស្រី​បំពេញ​ការងារ​បាន​ល្អ។

លោកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «និយាយ​ទៅ សុខ​ទុក្ខ​ប្រជាពលរដ្ឋ គឺ​យើង​យក​ចិត្ត​ទុក​ដាក់ ចុះ​ផ្ទាល់ ដោះស្រាយ​ឲ្យ​គាត់​ទាន់​ពេលវេលា សង្កត់ធ្ងន់ គឺ​សេវា​សាធារណៈ​យើង​អត់​ទារ​លុយ​កំណត់ គាត់​ឲ្យ​ប៉ុន្មាន​ ឲ្យ​ទៅ ហើយ​អនុវត្ត​ទៅ​តាម​អន្តរ​ក្រសួង។ ក្រៅ​ពី​នោះ​ មាន​តែ​យើង​ឧបត្ថម្ភ​គាត់ ដូច​ថា​គាត់​អត់(មាន​លុយ​) ជូន​លុយ​គាត់​ទៅ​វិញ»។

លោកស្រី កែវ សុផាត អាយុ៥៤ឆ្នាំ មេឃុំ​ត្រែង​ត្រយឹងបច្ចុប្បន្ន​ និង​ជា​បេក្ខជន​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា ប្រកួត​ប្រជែង​យកតំណែង​មេឃុំនៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
លោកស្រី កែវ សុផាត អាយុ៥៤ឆ្នាំ មេឃុំ​ត្រែង​ត្រយឹងបច្ចុប្បន្ន​ និង​ជា​បេក្ខជន​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា ប្រកួត​ប្រជែង​យកតំណែង​មេឃុំនៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ទោះ​ជា​យ៉ាង​ណា លោកស្រី​ថា​ ដោយសារ​ឃុំ​ត្រែងត្រយឹង​ មាន​ភូមិ​ច្រើន​រហូត​ទៅ​ដល់​២០​ភូមិ ដូច្នេះ​ការ​ផ្ដល់​ព័ត៌មាន​មួយ​ចំនួន មិន​ទាន់​ពេលវេលា និង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​អាច​ជួយ​បាន​សព្វគ្រប់​ទាំងអស់​ដែរ។

លោកស្រី​ក៏​បាន​ទទួល​ស្គាល់​ថា​ បញ្ហា​ដីធ្លី​រ៉ាំរ៉ៃ​កាល​ពី​កន្លងទៅ ក៏​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់​នឹង​អាជ្ញាធរ រហូត​ដល់​មាន​ការ​ធ្លាក់​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ុន្តែ លោកស្រី​មេឃុំ​បន្ត​ថា អាជ្ញាធរ​បាន​ខិត​ខំ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ជា​បន្តបន្ទាប់​ដោយ​សង្ឃឹម​ថា​ ប្រជាពលរដ្ឋ​នឹង​បន្ត​ការ​គាំទ្រ​របស់​ពួកគេ​តទៅទៀត។កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១២ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​៧អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១១​នៅ​ក្នុង​ឃុំ​ត្រែង​ត្រយឹង។ គណបក្ស​សម រង្ស៊ី ទទួល​បាន​២អាសនៈ និង​គណបក្ស​សិទ្ធិមនុស្ស​ទទួល​បាន​២​អាសនៈ​ដែរ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ជា​ការ​ប្រកួត​ប្រជែង​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើត​ចេញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​នេះ ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ ខ្លួន​នឹង​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ច្រើន​ជាង​នេះ​ ដោយសារ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​សំឡេង​គាំទ្រ​លើស​គណបក្ស​ប្រជាជន​កម្ពុជា​ ជាង​២ពាន់​សំឡេង​ក្នុង​ឃុំ​នេះ។

អ្នកនាង កឹម តុលា បេក្ខជន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកួត​ប្រជែង​ដណ្ដើម​យក​តំណែង​មេ​ឃុំ​នេះ បាន​បង្ហាញ​ក្ដី​សង្ឃឹមថា​ អ្នកនាង​នឹង​ឈ្នះ​ការ​បោះឆ្នោត​ ដោយសារ​សំឡេង​គាំទ្រកើន​ឡើង​កាល​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ឆ្នាំ២០១៣​នោះ។

អ្នកនាង​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​ឡើង​កាល​ពី​កន្លង​មក ពី​២០១៣ បន្ត​រហូត​មក​ដល់​២០១៧​នេះ គឺ​មិន​ថយ​ចុះ​ទេ គឺ​សំឡេង​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ព្រោះ​ថា​ប្រជាពលរដ្ឋ​នៅ​កន្លែង​នេះ គាត់​មាន​ការ​គាំទ្រ​ ទាំង​ចេញ​មុខ និង​មិន​ចេញ​មុខ»។

អ្នកនាង​ កឹម តុលា អាយុ​៣០ឆ្នាំ បេក្ខជន​មក​ពីគណបក្ស​សង្រ្គោះជាតិ ប្រកួតប្រជែង​យក​តំណែង​មេឃុំ​ត្រែង​ត្រយឹង ក្នុង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)
អ្នកនាង​ កឹម តុលា អាយុ​៣០ឆ្នាំ បេក្ខជន​មក​ពីគណបក្ស​សង្រ្គោះជាតិ ប្រកួតប្រជែង​យក​តំណែង​មេឃុំ​ត្រែង​ត្រយឹង ក្នុង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)

អ្នកនាង​ កឹម តុលា ដែល​មាន​កម្រិត​វប្បធម៌​ត្រឹម​ថ្នាក់​ទី​១២ បាន​អះអាង​ថា ​អ្នក​នាង​អាច​ដឹកនាំ​ឃុំ​បាន​ ប្រសិន​បើ​ឈ្នះ​ការ​បោះឆ្នោត​ជា​មេឃុំ ដោយសារ​បទ​ពិសោធន៍​៥ឆ្នាំ ធ្វើ​ជា​ក្រុមប្រឹក្សា និង​ភាព​ឈ្លាស​វៃ​របស់​នាង។

អ្នកនាង​បាន​ថ្លែង​ប្រាប់​ VOAថា៖ «កន្លង​មក​បទពិសោធន៍​ខ្ញុំ ចូល​រួម​ជាមួយ​ឃុំ​សង្កាត់​បាន​មួយ​អាណត្តិ​ដែរ តែ​ក្នុង​នោះ ទោះជា​ខ្ញុំ​មិន​មែន​ជា​ជំទប់ ការងារ​ធំដុំ​ដូចជា​មេឃុំ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​បទពិសោធន៍​ខ្លះ»។

អ្នកនាង​ក៏​បាន​សន្យា​ថា នឹង​ធ្វើ​ជា​មេឃុំ ដែល​មិន​ប្រព្រឹត្ត​អំពើពុករលួយ និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្ដល់​សេវា​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ និង​មិន​ឲ្យ​មាន​បញ្ហា​ដី​ធ្លី​កើត​ឡើង​នោះ​ទេ។

អ្នកនាង​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​ខ្ញុំ​ជាប់​ជា​មេ​ឃុំ ចៅសង្កាត់ គឺ​ខ្ញុំ អត់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អ្នក​មាន​ក៏​ដោយ អ្នក​ក្រ​ក៏ដោយ ដែល​គាត់​មក​ប្រើប្រាស់​សេវា​រដ្ឋបាល​នៅ​សាលា​ឃុំ មិន​ឲ្យ​គាត់​មាន​ការ​រង់ចាំ​ច្រើន ឬ​ទាល់​តែ​មាន​លុយ​បាន​លឿន អត់​លុយ​នៅ​កប់​ឯកសារ​ហ្នឹង គឺ​ខ្ញុំ​អត់​ប្រើ​រូបភាព​ហ្នឹង​ទេ ព្រោះ​ខ្ញុំ​យល់​ពី​អារម្មណ៍​បែប​នេះ»។

កំពង់ស្ពឺ គឺជា​ខេត្ត​មួយ​ដែល​សំបូរ​ទៅ​ដោយ​ទំនាស់​ដី​ធ្លី។ លោក ហ៊ុន ម៉ានី ​ដែល​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គឺ​ជា​តំណាងរាស្ត្រ​ម្នាក់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​នេះ បាន​មួយ​អាណត្តិ​មក​ហើយ។

ស្លាកសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ខេត្ត​កំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)
ស្លាកសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ខេត្ត​កំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ ​២នាក់ ​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​រឿង​ជម្លោះ​ដីធ្លី​ដ៏​ចម្រូងចម្រាស​ ដោយ​មាន​ការ​ចុះ​ទៅ​អន្តរាគមន៍​ទាំង​យប់ ពី​សំណាក់​កូន​ប្រុស​២​នាក់​របស់​នាយករដ្ឋមន្ត្រី​ គឺ​លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ានិត។

សម្រាប់​ឃុំ ត្រែងត្រយឹង គណបក្ស​ចំនួន​៤​ប៉ុណ្ណោះ​ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួតប្រជែង​យក​តំណែង​មេឃុំ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុង​ភូមិ​ព្រីង ក្នុង​ឃុំ​ត្រែងត្រយឹង​គឺ​អ្នកស្រី អ៊ឹម ពៅ អាយុ​៣២​ឆ្នាំ មាន​ប្រសាសន៍​ថា អ្នកស្រី​នឹង​បោះឆ្នោត​ផ្លាស់ប្ដូរ​មេឃុំ​បច្ចុប្បន្ន​នេះ ដោយសារ​អ្នកស្រី​ឃើញ​មាន​ការ​អភិវឌ្ឍ​តិច​តួច​នៅ​ក្នុង​ឃុំ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «ឥឡូវ​ខ្ញុំ​ថា​ចង់​ដូរ​មេឃុំ​ម្ដង។ ចាំ​មើល​វា​រីកចម្រើន​ជាង​មុន ​ឬ​អត់។ ខ្ញុំ​ចង់​ប្ដូរ​ម្ដង ព្រោះ​មេឃុំ​មុន ដូច​អត់​មាន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ប្រជាជន»។

អ្នកស្រី​ចង់​ឲ្យ​មេ​ឃុំ​ថ្មី​ជួយ​ដោះស្រាយ​បញ្ហា​ទឹក និង​ភ្លើង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយសារ​បច្ចុប្បន្ន​នេះ មិន​មាន​អគ្គិសនី​ទៅ​ដល់​តំបន់​អ្នកស្រី ដែល​មាន​ចម្ងាយ​ជាង​២០គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ពី​ផ្លូវ​ជាតិ​លេខ​៤។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ចង់​ឲ្យ​អង្គការ​ ឬ​មេឃុំ​អី​ ស្នើ​លូ(អណ្ដូង)ដាក់​តាម​ភូមិ ចង់​ជីក​ជា​លក្ខណៈ​គ្រួសារ។ ដាក់​លូ​ដាក់​អី ឲ្យ​មាន​មួយ​គ្រួសារ មាន​មួយ ពីរ​គ្រួសារ​ មាន​មួយ​អីចឹង»។

អ្នកស្រី សុន ផល អាយុ​៣៨ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ទី​មួយ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មាន​មុខរបរ​លក់​ដូរ​ផ្លែឈើ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤។ (ស៊ុន ណារិន/VOA)
អ្នកស្រី សុន ផល អាយុ​៣៨ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ទី​មួយ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មាន​មុខរបរ​លក់​ដូរ​ផ្លែឈើ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤។ (ស៊ុន ណារិន/VOA)

ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ខ្លាច​នឹង​មាន​សង្គ្រាម ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ការ​បោះឆ្នោត។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​ធ្លាក់ ខ្ញុំ​ខ្លាច​តែ​កើត​សង្គ្រាម​ទេ។ ខ្ញុំ​ព្រួយ​បារម្ភ​អញ្ចឹង​ដែរ​ហ្នឹង។ ធម្មតា​តែ​គេ​មាន​ គេ​ធំ​ហើយ គេ​មិន​ចង់​មក​ចុះ​វិញ​ទេ។ ខ្ញុំ​ខ្លាច​តែ​កែ​ប្រែ​មកវិញ ខ្លាច​តែ​កើត​មែន។ តែ​បើ​ខ្ញុំ​ឭ​ព័ត៌មាន​អី​គេ​និយាយ​ថា ​ប្រទេស​ជាតិ​យើង​ឥឡូវ គេ​អត់​ឲ្យ​កើត​សង្គ្រាម​ទេ ព្រោះ​គេ​មាន ​ស្អី​គេ​ យុត្តិធម៌​គេ​ម៉េច ខ្ញុំ​មិន​ដឹង ខ្ញុំ​អត់​សូវ​ស្គាល់​ដែរ»។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត រស់​នៅ​ភូមិ​ទី​មួយ អ្នកស្រី សុន ផល អាយុ​៣៨ឆ្នាំ ក៏​បាន​ស្នើ​ឲ្យ​មេឃុំ​ថ្មី​ដោះស្រាយ​បញ្ហា​ទឹក​ប្រើប្រាស់ ដោយសារ​អ្នកស្រី​ត្រូវ​ចំណាយ​ថវិកា​ជាង​១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដើម្បី​ទិញ​ទឹក​ប្រើប្រាស់​ប្រចាំ​ខែ។

អ្នកស្រី​បាន​ស្នើ​សុំ​អាជ្ញាធរ​ជីក​អណ្ដូងទឹក​ឲ្យ​ប្រជាពលរដ្ឋ ប្រសិន​បើ​មិន​ទាន់​មានលទ្ធភាព​ត​ភ្ជាប់​ទឹក​ម៉ាស៊ីន​ទៅ​ដល់​ផ្ទះ​អ្នកភូមិ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ « ជួយ​អណ្ដូង​ខ្ញុំ​ក៏​បាន​ដែរ បាន​ប្រើ។ បើ​ខ្ញុំ​អត់​មាន​ត​ទុយយោ​ទឹក ជីក​អណ្ដូង​ឲ្យ​មួយ​មក ចេះ​តែ​ដង យោង​នឹង​ដៃ​ទៅ​ ធ្វើ​ម៉េច​អត់​ហើយ។ ដប់ ម្ភៃ​ឆ្នាំ​ហើយ ទិញ​រហូត​ហ្នឹង»។

អ្នក​ភូមិ​រូ​ប​នោះ​ក៏​បាន​រិះគន់​ការ​ផ្ដល់​សេវា​ឯកសារ​នៅ​ក្នុង​ឃុំ​ផង​ដែរ ថា​ត្រូវ​ការ​លុយ ពេល​ធ្វើ​ម្តងៗ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «បើ​ថា​អត់​ឲ្យ​លុយ​គេ គ្មាន​អាណា​ គេ​ធ្វើ​ឲ្យ​ទេ។ និយាយ​ត្រង់​អញ្ចឹង​ហ្មង»។

លោក សុខ ហុង អាយុ​៥៨ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ទី​មួយ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ (ស៊ុន​ ណារិន/VOA)
លោក សុខ ហុង អាយុ​៥៨ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ទី​មួយ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ (ស៊ុន​ ណារិន/VOA)

ចំណែក លោក សុខ ហុង អាយុ​៥៨ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ទី១ ក៏​បាន​រិះគន់​ផង​ដែរ​ចំពោះ​ការ​ផ្ដល់​សេវា​ឯកសារ​នៅ​ក្នុង​ឃុំ។

លោក​បាន​ថ្លែង​ប្រាប់​ VOAថា៖ «គ្រាន់​ថា​ធ្វើ​អ្វី​ក៏​ដោយ ស៊ីញេ​អី​ក៏ដោយ ធ្វើ​អី​ក៏ដោយ គឺ​ថា​គ្មាន​លុយ​ គេ​អត់​ធ្វើ​ឲ្យ​យើង​ទេ»។

លោក​បាន​អះអាង​ទៀត​ថា អាជ្ញាធរ​ឃុំ​ មិន​ស្ដាប់​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ រហូត​ដល់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត។

លោក​ សុខ ហុង មាន​ប្រសាសន៍​ថា៖ «ប្រជាជន រាល់ថ្ងៃ​នេះ គេ​មិន​ស្អប់​ទេ គណៈ​ឃុំ​ គណៈ​ភូមិ​អី​ហ្នឹង តែ​គ្រាន់​ថា ធ្វើ​អ្វី​ក៏ដោយ បើ​សំណូម​ពរ​ប្រជាជន​ គេ​ឲ្យ​ធ្វើ យើង​ធ្វើ​តាម​ប្រជាជន​ទៅ វា​អត់​ធ្វើ​តាម​ទេ។ ដូច​ថា​ឥឡូវ​ផ្លូវ បាក់​បែក​ខូច​អស់ គេ​សូម​សំណូមពរ​ឲ្យ​ធ្វើ អត់ អត់​ធ្វើ គ្រលុក​យ៉ាង​ម៉េច​ក៏​ដោយ អត់​ចាក់​ អត់​ធ្វើ។ ដល់​នេះ​ប្រជាជន​គេ​ខឹង គេ​អត់​ចង់​បោះឆ្នោត​ឲ្យ​ទេ»។

ទាក់ទង​នឹង​ការ​រិះគន់​ការ​ផ្ដល់​សេវា​ឯកសារ មេឃុំ​ត្រែងត្រយឹង លោកស្រី កែវ សុផាត មាន​ប្រសាសន៍​ថា​ ឃុំ​បាន​យក​ថ្លៃ​សេវា​មូលដ្ឋាន​ទៅ​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។

លោកស្រី​បន្ត​ថា ប្រសិន​បើ​ឈ្នះ​ការ​បោះឆ្នោត លោកស្រី​នឹង​បន្ត​ការងារ​ស្ថាបនា​ផ្លូវ​នៅ​ក្នុង​ឃុំ និង​ផ្ដល់​សេវា​មូលដ្ឋាន​ឲ្យ​បាន​ល្អ និង​ទាន់​ពេលវេលា។

អ្នកនាង កឹម តុលា បេក្ខជន​មក​ពី​គណបក្ស​ប្រឆាំង បាន​អះអាង​ថា​ ប្រសិន​បើ​ជាប់​ឆ្នោត អ្នកនាង​នឹង​អនុវត្ត​តា​គោល​នយោបាយ​របស់​គណបក្ស និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ។

គួរ​បញ្ជាក់​ថា ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​៨២៩២​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​១១៤៥៩ និង​ទទួល​បាន​តំណែង​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១៥៩២​ ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​១៦៣៣​ទូទាំង​ប្រទេស​នៅ​ក្នុង​អាណត្តិ​នោះ។

គណបក្ស ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​មួយ​ឆ្នាំ​ក្រោយ​មក បាន​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​សរុប​ចំនួន​២៩៥៥ ​និង​តំណែង​មេឃុំ​ចៅ​សង្កាត់​តែ​ចំនួន​៤០​ប៉ុណ្ណោះ។ សម្រាប់​ខេត្ត​កំពង់ស្ពឺ គណបក្ស​ប្រឆាំង​នេះ ​ទទួល​បាន​តំណែង​មេឃុំ​តែ​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ឃុំ​សង្កាត់​ចំនួន​៨៧៕

XS
SM
MD
LG