អតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់ លោក Antonio Guterres និង អតីតប្រធានស្លូវេនី លោក Danilo Turk លោកទាំងពីរនាក់ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសមាជិក ១៥រូបរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងការបោះឆ្នោតក្រៅផ្លូវការលើកដំបូង នៅថ្ងៃទី ២១ ខែកក្កដា ដើម្បីជ្រើសអគ្គលេខាធិការអង្គការសហប្រជាជាតិថ្មី។
ក្រុមប្រឹក្សានេះ បានផ្តល់អនុសាសន៍ចុងក្រោយមួយ ឲ្យមហាសន្និបាតសម្រាប់ការអនុម័ត ដែលទំនងជាធ្វើការបោះឆ្នោតច្រើនជុំមុនពេលធ្វើការសម្រេចចិត្តនៅក្នុងខែបន្តបន្ទាប់ខាងមុខ។ អគ្គលេខាធិការអង្គការសហប្រជាជាតិទីប្រាំបួន ត្រូវគេរំពឹងថានឹងជាប់ឈ្មោះមុនពេលបំណាច់ឆ្នាំនេះ។
បេក្ខភាពនាំមុខគេពីររូបនោះ មានបទពិសោធន៍ក្នុងអង្គការសហប្រជាជាតិយ៉ាងទូលំទូលាយ បន្ថែមលើប្រវត្តិរូបនយោបាយរបស់ពួកគេ។
លោក Guterres អាយុ ៦៧ឆ្នាំ គឺជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៩៥ ដល់ ២០០២ និងបានបន្តក្លាយជាឧត្តមស្នងការអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនរយៈពេលមួយទសវត្សរ៍ ហើយទើបចាកចេញពីតំណែងនេះកាលពីខែធ្នូ។ ក្រោមការដឹកនាំរបស់គាត់ ទីភ្នាក់ងារនេះបានគ្រប់គ្រងវិបត្តិជនភៀសខ្លួន និងជនចំណាកស្រុកធំជាងគេបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី II ។
លោក Turk អាយុ៦៤ឆ្នាំ ជនជាតិស្លូវេនី ជាមេធាវីសិទ្ធិមនុស្ស ដែលធ្លាប់ជាប្រមុខរដ្ឋនៃប្រទេសរបស់លោក ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២។ កាលពីមុន គាត់បានបម្រើការជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិស្លូវេនីដំបូងគេ និងធ្លាប់ជាប្រធានផ្នែកនយោបាយរងអង្គការសហប្រជាជាតិ ក្រោមអគ្គលេខាធិការ លោក កូហ្វីអាណាន់។
អ្នកការទូត បាននិយាយថាលោកស្រី Irina Bokova នៃប្រទេសប៊ុលហ្គារី ជាប្រធានអង្គការយូណេស្កូ និងលោកស្រី Helen Clark ពីប្រទេសនូវែលសេឡង់ ជាអ្នកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ក៏ធ្វើបានល្អនៅក្នុងការស្ទង់មតិជាលើកដំបូងផងដែរ។
មានការជម្រុញមួយ ដោយរដ្ឋជាសមាជិកច្រើនជាង៥០រូប នៅឆ្នាំនេះ ដើម្បីជ្រើសស្ត្រីដើម្បីបំពេញការងារកំពូលរបស់អង្គការសហប្រជាជាតិ។
នៅបាតតារាងនៃបេក្ខជន១២រូប គឺមានបេក្ខភាពមកពី ម៉ុងតេណេហ្គ្រោ សាធារណៈរដ្ឋម៉ុលដាវី និងក្រូអាស៊ី។ តំបន់អឺរ៉ុបខាងកើត មិនដែលបានកាន់តំណែងអង្គការសហប្រជាជាតិកំពូលទេ ហើយបានបញ្ជូនបេក្ខជនចំនួនប្រាំបីរូប ដោយសង្ឃឹមថានឹងឈ្នះ។
លទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការ របស់ក្រុមប្រឹក្សានេះ គឺពុំត្រូវបានផ្សាយជាសាធារណៈទេ។ ប៉ុន្តែប្រធានមហាសន្និបាត លោក Mogens Lykketoft បានកែប្រែនូវដំណើរការក្នុងឆ្នាំនេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ជូនបេក្ខជនរបស់ខ្លួនជាផ្លូវការ និងធ្វើបទសំភាសន៍ការងារជាសាធារណៈជាមួយពួកគេ ហើយយកទៅឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីរិះគន់ក្រុមប្រឹក្សា ដែលពុំចេញលទ្ធផលនៃការស្ទង់មតិជាសាធារណៈ។
គាត់បានសរសេរថា «សម្រាប់ការយល់ឃើញរបស់ខ្ញុំ ការកំណត់ការប្រាស្រ័យទាក់ទង ដែលការពិតណាស់ ថាការស្ទង់មតិក្រៅផ្លូវការបានកើតឡើង ដោយគ្មានព័ត៌មានលម្អិតបន្ថែម បានធ្វើឲ្យមានតម្លៃទាប និងមិនស្របតាមការរំពឹងទុក នៃសមាជិកភាព និងស្តង់ដាថ្មីនៃភាពបើកចំហ និងតម្លាភាពនោះទេ។»
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អ្នកស្រី Samantha Power បានប្រាប់អ្នករាយការណ៍ព័ត៌មានពីដំណើរការនៃការបោះឆ្នោតថា «យើងនឹងមិនមើលពីតំណែងរបស់យើង ទៅលើបេក្ខជនណាមួយទេ។» អ្នកស្រីបានបន្តទៀតថា «ប៉ុន្តែយើងមិនបានលាក់ការពិតដែលថាយើងកំពុងតែស្វែងរកបុគ្គលម្នាក់ដែលមានជំនាញ ភាពជាអ្នកដឹកនាំខ្លាំង ជំនាញគ្រប់គ្រងខ្លាំង អ្នកដែលមានការប្តេជ្ញាចិត្តដើម្បីភាពយុត្តិធម៌និងការទទួលខុសត្រូវ និងអ្នកដែលស្មោះស្ម័គ្រចំពោះស្ថាបនិកគោលការណ៍របស់អង្គការសហប្រជាជាតិ។»
បេសកជនអង្គការសហប្រជាជាតិរបស់ប្រទេសបារាំង លោក François Delattre បានប្រៀបធៀបការពិភាក្សាសម្ងាត់របស់ក្រុមប្រឹក្សានេះ ទៅនឹងការជ្រើសរើសសង្ឃរាជវិហារកាតូលិក «ជាមួយនឹងការលើកលែងដែលអ្នកសង្កេតការណ៍បាននិយាយថាគ្មានផ្សែងសឬខ្មៅទេ»។ លោកបានបន្ថែមថាដំណើរការនេះគឺពិតជា «មានសារៈសំខាន់ខ្លាំងណាស់» ហើយក្រុមប្រឹក្សាត្រូវតែធ្វើឱ្យប្រាកដថាពួកគេបានជ្រើសរើសបេក្ខជនដែលល្អបំផុត។
លោកនិយាយថា «វាជាការបំផុសគំនិត និងការជឿទុកចិត្ត និងធ្វើឱ្យប្រាកដថាសហគមន៍នៃប្រជាជាតិទទួលស្គាល់អគ្គលេខាធិការនាពេលអនាគត»៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង