នៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តការតវ៉ាអំពីការរំលោភព្រំដែនកម្ពុជា ពីភាគីវៀតណាម ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានស្នើឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់សកម្មភាពជួលដីខ្មែរឲ្យវៀតណាមធ្វើស្រែនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមក្នុងខេត្តស្វាយរៀង។
ក្រុមអ្នកតំណាងរាស្ត្រប្រាំរូបនៃគណបក្សប្រឆាំង បានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការបញ្ឈប់ការជួលដីខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម នៅក្នុងខេត្តស្វាយរៀងឲ្យទៅជនជាតិវៀតណាមធ្វើស្រែ។ នេះបើយោងទៅតាមលិខិតរបស់គណបក្សសង្គ្រោះជាតិផ្ញើជូនទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃពុធម្សិលមិញ និងតាមការបញ្ជាក់ពីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅថ្ងៃព្រហស្បតិ៍នេះ។
ការស្នើរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង កើតមានឡើង នៅស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្តតវ៉ាទាមទារវៀតណាមឲ្យបញ្ឈប់ការរំលោភបំពានដែនដីកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ដែលស្ថិតក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមមានខេត្តនៅភាគឥសាន្ត គឺខេត្តរតនគីរី និងមណ្ឌលគីរី និងខេត្តនៅភាគបូព៌ា គឺខេត្តស្វាយរៀង តាកែវ និងខេត្តកណ្តាល។
លិខិតក្រុមអ្នកតំណាងរាស្ត្របានបញ្ជាក់ទៅលោក ស ខេង ថា ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមមិនឲ្យជួលដីខ្មែរនៅតាមព្រំដែនឲ្យទៅជនជាតិវៀតណាមធ្វើស្រែក៏ដោយ ក៏សកម្មភាពជួលដីស្រែទៅឲ្យជនជាតិវៀតណាមនៅតាមព្រំដែនកម្ពុជាវៀតណាម នាខេត្តស្វាយរៀងនៅតែបន្តកើតមានតាមរូបភាពឲ្យជនជាតិខ្មែរធ្វើជាតំណាងដែលមានអាជ្ញាធរមូលដ្ឋានជួយបិទបាំង។
លិខិតដដែលនោះបន្តថា ការជួលដីឲ្យទៅជនជាតិវៀតណាម កំពុងកើតមាននៅក្នុងឃុំ និងស្រុកមួយចំនួនក្នុងខេត្តស្វាយរៀង រួមមានការជួលដីឲ្យប្រជាពលរដ្ឋវៀតណាមធ្វើស្រែចំនួន ១៩៦ ហិកតា នៅឃុំទួលស្តី និងចំនួន ២០០ហិកតានៅឃុំចន្ទ្រា ក្នុងស្រុកចន្ទ្រា ហើយនិងនៅសង្កាត់ប្រាសាទ ក្រុងបាវិត ចំនួន ៤០ហិកតា។
ក្រុមអ្នកតំណាងរាស្ត្របានសរសេរនៅក្នុងលិខិតរបស់ខ្លួនថា៖
«អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំសូម សម្តេចក្រឡាហោម ចាត់វិធានការបញ្ឈប់កុំឲ្យមានការជួលដីខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម នៅក្នុងខេត្តស្វាយរៀងឲ្យទៅជនជាតិវៀតណាមធ្វើស្រែ ដើម្បីការពារបូរណភាពទឹកដីកម្ពុជាកុំឲ្យមានការបាត់បង់ដោយសារតែការជួលដីស្រែ»។
លោក ងឹម ញេង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តពោធិ៍សាត់បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ការដាក់លិខិត ទៅកាន់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នេះគឺជាការបញ្ជាក់ម្តងទៀតពីសកម្មភាពជួលដីខ្មែរឲ្យទៅឲ្យវៀតណាម ហើយថា សកម្មភាពនេះ អាចនឹងត្រូវបានបញ្ឈប់ឬក៏បន្តទៀតនោះ គឺអាស្រ័យលើឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល។
«អាហ្នឹងគឺអាស្រ័យទៅលើឆន្ទៈក្នុងការដោះស្រាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាយើងបាទ ព្រោះយើងជាម្ចាស់ទឹកម្ចាស់ដីនៃប្រទេសនេះ»។
នៅពេលសួរអំពីការប្រមូលព័ត៌មានអំពីការបន្តជួលដីពីភាគីខ្មែរឲ្យទៅភាគីវៀតណាមនោះ លោក ងឹម ញេង បានបង្វែរសំណួរទៅលោក គង់ សភា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តស្វាយរៀង។ តែ VOA មិនទាន់អាចទាក់ទង លោក គង់ សភា បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងការបរទេសកម្ពុជា កាលពីសប្តាហ៍មុន មិនបានបញ្ជាក់ពីការជួលដីខ្មែរឲ្យវៀតណាមនៅក្នុងលិខិតរបស់ខ្លួនផ្ញើទៅភាគីវៀតណាមប្រឆាំងនឹងការរំលោភដែនដីកម្ពុជានោះទេ។ ប៉ុន្តែលិខិតនោះ បានបញ្ជាក់ព័ត៌មានលម្អិតធ្វើឡើងដោយភាគីកម្ពុជា អំពីការរំលោភបំពាននានាពីសំណាក់ភាគីវៀតណាម រួមមានការជីកស្រះ៩កន្លែង និងការសង់អគារ និងផ្លូវបេតុងក្នុងខេត្តរតនគីរី ការធ្វើផ្លូវ និងប៉ុស្តិ៍រដ្ឋបាលនៅតំបន់ដាក់ដាង ដាក់ហ៊ូត ខេត្តមណ្ឌលគីរី ការធ្វើផ្លូវនៅខេត្តស្វាយរៀង ការសាងសង់បុស្តិ៍យោធា នៅខេត្តកណ្តាល និងការធ្វើប៉ុស្តិ៍នៅច្រកទា្វរហួយដុង ជាប់បង្គោលព្រំដែនលេខ ២៦០ ទល់មុខច្រកទ្វារកំពង់ក្រសំាងស្រុកបូរីជលសារខេត្តតាកែវ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានប្រាប់ VOAថា រាជរដ្ឋាភិបាលអាចមានសមត្ថភាពគ្រប់គ្រាន់នឹងបញ្ចប់ការជួលដីនេះបាន ក្នុងរយៈពេលខ្លី។ លោកថា ប្រសិនបើរាជរដ្ឋាភិបាលចង់បញ្ឈប់រឿងនេះទាំងស្រុងបាននោះ ទាល់តែភាគីកម្ពុជា និងវៀតណាមកំណត់ឲ្យបានខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមជាក់លាក់មួយជាមុនសិន។
«ខ្ញុំថា រឿងជួលដីហ្នឹងគឺ ខ្ញុំមើលទៅរដ្ឋាភិបាលជាអាចធ្វើកើត បើសិនជាមានការទាមទារខ្លាំងពីប្រជាពលរដ្ឋ។ ប៉ុន្តែមិនមានប្រសិទ្ធភាពទាំងស្រុងទេ ទោះបីធ្វើកើតក៏ដោយ ព្រោះអីរឿងជួលដីនេះ ជាផ្នែកមួយដោះស្រាយក្នុងរយៈពេលខ្លីទេ ដល់ ដល់រយៈពេលវែង ទាល់តែមានព្រំដែនមួយជាក់លាក់ ហើយមានការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ទើបអាចការពារបានបាទ»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ VOA នាល្ងាចថ្ងៃព្រហស្បតិ៍នេះថា ក្រសួងពុំទាន់ទទួលបានលិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនោះនៅឡើយទេ។
«ក្នុងនាមខុទ្ទកាល័យលោក ពូ មិនទាន់បានឃើញនៅឡើយទេ ថ្មើរហ្នឹងក្មួយណាស់។ ហើយចាំបានឃើញពូនឹងដាក់ជូនសម្តេច សម្តេចលោកមានប្រសាសន៍ថា ម៉េចហ្នឹងហើយ»។
យ៉ាងណាក៏ដោយ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សមកនេះ បានលើកពីសារនយោបាយអំពីការហាមមិនឲ្យមានការជួលដីខ្មែរទៅឲ្យវៀតណាម ដោយសំដៅទៅខេត្តតាកែវកាលពីថ្ងៃទី១៧ ខែសីហាថា៖
«ខេត្តតាកែវជាប់ព្រំដែនវៀតណាម ដូច្នេះអាជ្ញាធរខេត្តត្រូវបង្កើនទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយណែនាំប្រជាពលរដ្ឋទាំងសងខាងឲ្យចេះយោគយល់គ្នា»។
សារនយោបាយរបស់លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖
«ហាមដាច់ខាតការជួលដីឲ្យប្រជាជនវៀតណាម។ នេះមិនមែនសម្រាប់តែខេត្តតាកែវមួយទេ គឺសម្រាប់ខេត្តទាំងអស់ដែលមានព្រំប្រទល់ជាមួយវៀតណាម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់សារជាថ្មី អំពីការការពារព្រំដែននៅក្នុងវេទិកាស្តីពី«ការការពារនិងអភិរក្សធនធានធម្មជាតិ» រៀបចំឡើងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទកន្លងទៅថា លោកបានណែនាំឲ្យធ្វើការដាក់ពង្រាយប្រជាជនខ្មែរ អភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីការពារទល់ដែនកម្ពុជា ដែលមិនមានបញ្ហាចម្រូងចម្រាសជាមួយប្រទេសក្បែរខាង។ លោកថ្លែងនាពេលនោះថា៖
«បានណែនាំ ខេត្តតាកែវថ្ងៃមុន ហើយបានណែនាំបណ្តាខេត្ត វិធីដែលល្អជាងគេ គឺពង្រាយប្រជាជនទៅតាមទល់ដែន ទាំងខាងកើត ទាំងខាងលិច ទាំងខាងជើង»។
ដើម្បីឈានដល់ការបញ្ចប់វិវាទព្រំដែនកម្ពុជាវៀតណាមដែលនៅសេសសល់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាមបានព្រមព្រៀងគ្នា កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៦ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ថា នឹងស្នើសុំប្រទេសបារំាងឲ្យផ្តល់អ្នកជំនាញបច្ចេកទេសខាងផែនទីក្នុងការផ្ទៀងផ្ទាត់ចំណុចព្រំដែនដែលនៅមានការខ្វែងគំនិតគ្នាសម្រាប់ការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន។
មន្ត្រីបក្សប្រឆាំង បានលើកឡើងកាលពីពេលកន្លងមកថា តុលាការអន្តរជាតិ ជាជម្រើសល្អមួយទៀតសម្រាប់ដោះស្រាយវិវាទព្រំដែនជាមួយប្រទេសក្បែរខាង ប្រសិនបើប្រទេសទីបី មិនអាចដោះស្រាយបញ្ហានេះ បានទេនោះ៕