បុរសជាជនជាតិចិន២នាក់ដែលកាន់លិខិតឆ្លងដែនខ្មែរត្រូវបានបញ្ជូនចេញពីប្រទេសសិង្ហបុរីមកកម្ពុជា កាលពីពេលថ្មីៗនេះ ក្រោយពួកគេទាំង២នាក់ត្រូវបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់របស់ប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី The Straits Times និងអាជ្ញាធរកម្ពុជា។
បុរសទាំង២នាក់នោះ ត្រូវបានកំណត់អត្តសញ្ញាណ ឈ្មោះ Su Wenqiang និង Wang Baosen ហើយត្រូវបាននិរទេសមកកម្ពុជា កាលពីថ្ងៃទី ៦ ខែឧសភា។
យោងតាមសារព័ត៌មានសិង្ហបុរី បុរសទាំង២នាក់ដែលមានអាយុ៣២ឆ្នាំដូចគ្នា ជាក្រុមតែមួយក្នុងចំណោមក្រុមជនបរទេសចំនួន១០នាក់ដែលត្រូវបានចាប់ខ្លួន កាលពីខែសីហា ឆ្នាំមុន ពាក់ព័ន្ធនឹងការស៊ើបអង្កេតការលាងលុយកខ្វក់ជាសាច់ប្រាក់និងទ្រព្យសម្បត្តិជាង២ពាន់លានដុល្លារអាមេរិក។
លោក Wenqiang ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៣ខែ កាលពីថ្ងៃទី ២ ខែមេសា ចំពោះការចោទប្រកាន់ពីបទលាងលុយកខ្វក់ដោយទទួលស្គាល់ថាមានសាច់ប្រាក់ជាង៤៤ម៉ឺនដុល្លារអាមេរិកពីការលេងល្បែងអនឡាញខុសច្បាប់ និងប្រើប្រាស់ប្រាក់ប្រមាណ៣៧ម៉ឺនដុល្លារដើម្បីទិញរថយន្តម៉ាក Mercedes-Benz។
ចំណែកលោក Baosen ត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន១៣ខែដូចគ្នា កាលពីថ្ងៃទី ១៦ ខែមេសា សម្រាប់ការចោទប្រកាន់ស្រដៀងគ្នា រួមទាំងការកុហកអំពីប្រភពនៃមូលនិធិ និងស្ថានភាពការងាររបស់លោកនៅក្នុងប្រទេសសិង្ហបុរី។
ពួកគេទាំង២នាក់នឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសសិង្ហបុរីវិញឡើយ។
កាលពីខែសីហា ឆ្នាំមុន នគរបាលសិង្ហបុរីបានឃាត់ខ្លួនមនុស្ស១០នាក់ ដោយសង្ស័យក្នុងបទល្មើសលាងលុយកខ្វក់និងក្លែងបន្លំឯកសារ ដែលក្នុងនោះមានមនុស្ស៣នាក់ មានឈ្មោះជាជនជាតិចិន ប៉ុន្តែកាន់លិខិតឆ្លងដែនខ្មែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ប៉ូលិសសិង្ហបុរី ឈ្មោះ Singapore Police Force និងសារព័ត៌មានសិង្ហបុរីឈ្មោះ Channel News Asia ឬហៅថា CNA ដែលចេញផ្សាយកាលនោះ។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាជនជាតិចិនទាំង២នាក់នេះកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថាអាជ្ញាធរកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកបទល្មើសកន្លងមកថាតើជនបរទេសទាំង២នាក់នេះបានប្រព្រឹត្តបទល្មើសនៅកម្ពុជាដែរឬទេ។ លោកបន្ថែមថាប្រសិនបើមាននោះ អាជ្ញាធរនឹងចាត់វិធានការឃុំខ្លួនពួកគេ។
លោក សុខ វាសនា ថ្លែងថា៖ «បាទគាត់ចូលមកកម្ពុជាហើយឥឡូវនេះ ប៉ុន្ដែយើងនឹងពិនិត្យមើលបន្តថាតើសកម្មភាពយ៉ាងណាទីមួយ។ ទីពីរមានជាប់ពាក់ព័ន្ធការងារជាប់ទោសអីនៅស្រុកខ្មែរអត់ យើងនឹងពិនិត្យមើលបន្តទៀត»។
បើតាមលោក សុខ វាសនា ជនជាតិចិនទាំង២នាក់នេះពិតជាមានសញ្ជាតិខ្មែរ ហើយចំពោះចំណាត់ការដំបូងនេះ គឺមិនមានការបញ្ជូនជនបរទេសទាំង២នាក់នេះទៅប្រទេសដើមកំណើតវិញនោះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាចំពោះការបញ្ជូនជនជាតិចិនទាំង២នាក់នោះទៅប្រទេសកំណើតរបស់ពួកគេឬយ៉ាងណា ជានីតិវិធីរវាងរដ្ឋនិងរដ្ឋ។ អ្នកនាំពាក្យរូបនេះស្នើឱ្យសួរទៅកាន់ក្រសួងការបរទេសកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានបញ្ជាក់ថាការងារនេះមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងការបរទេសឡើយ។ ដូច្នេះលោកថាមិនមានព័ត៌មានផ្តល់ឱ្យអ្នកសារព័ត៌មានឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រសួងការបរទេសសិង្ហបុរី និងស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជាតាមសារអ៊ីម៉ែលបាននៅឡើយទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេថានេះគឺជាការសោកស្ដាយមួយ នៅពេលដែលកម្ពុជាបានផ្ដល់សញ្ជាតិដល់ជនបរទេស ប៉ុន្ដែជនបរទេសនោះបែរជាទៅប្រព្រឹត្តបទល្មើសទៅវិញ។ លោកបន្តថាបញ្ហានេះអាចធ្វើអាចប៉ះពាល់ទៅដល់កេរ្ដិ៍ឈ្មោះកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រទេស។
លោក នី សុខា ថ្លែងថា៖ «ចឹងនៅពេលណាដែលមានបញ្ហាហ្នឹងកើតឡើងវាអាចធ្វើឱ្យជះឥទិ្ធពលមិនល្អទៅដល់អ្នកវិនិយោគផ្សេងៗទៀត ដូចថានៅប្រទេសកម្ពុជាយើងមានការត្រួតពិនិត្យមិនបានដិតដល់ចំពោះបញ្ហាទាំងអស់ហ្នឹង វាអាចធ្វើឱ្យអ្នកវិនិយោគផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋគេមើលឃើញទៅគឺហានិភ័យទៅដល់គេ ជាពិសេសអ្នកវិនិយោគផ្សេងៗ»។
លោក នី សុខា យល់ថាការផ្ដល់សញ្ជាតិដល់ជនបរទេសគួរតែពិនិត្យមើលទៅលើគោលការណ៍ច្បាប់ឱ្យបានហ្មត់ចត់ និងពិនិត្យមើលទៅលើប្រវត្តិការរស់នៅ សីលធម៌ លក្ខណៈសម្បត្ដិ និងសកម្មភាពផ្សេងៗរបស់ជនបរទេសនោះបានជួយជាប្រយោជន៍អ្វីសម្រាប់សង្គមជាតិ៕
វេទិកាបញ្ចេញមតិ