ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ៖ ជន​ជាតិ​ជប៉ុន​២៥​នាក់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពីកម្ពុជា​ ខណៈ​៣​នាក់​ទៀត​​កំពុង​រត់​គេច​ខ្លួន


រូបឯកសារ៖ ប៉ូលិសកម្ពុជាម្នាក់សម្រួលចរាចរណ៍ ខណៈ​រថយន្ត​ប៉ូលិស​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ដឹក​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា​បាន​ឆបោក​តាម​ទូរសព្ទ ធ្វើដំណើរ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ ប៉ូលិសកម្ពុជាម្នាក់សម្រួលចរាចរណ៍ ខណៈ​រថយន្ត​ប៉ូលិស​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ដឹក​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា​បាន​ឆបោក​តាម​ទូរសព្ទ ធ្វើដំណើរ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ជន​ជាតិ​ជប៉ុន​ចំនួន​ ២៥ នាក់​ នឹង​ត្រូវបណ្តេញ​ចេញ​ពីកម្ពុជា​ ក្រោយ​ការ​ចាប់ខ្លួន​ពីបទ​សង្ស័យ​ថា​មាន​ការ​ពាក់​ព័ន្ធនឹង​ការ​ចាប់​បង្ខាំង​មនុស្ស​ និង​ប្រើ​អំពើ​ហិង្សា។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​ក្រសួង​មហាផ្ទៃ។ ​ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​ភាគី​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ភ្នំពេញ។ ​ជនជាតិ​ជប៉ុន​ដែល​ត្រូវបាន​ចាប់​ខ្លួន​នោះ​ស្ថិតនៅ​ក្នុង​ចំណោម​ជនជាតិ​ជប៉ុន​ ២៨ ​នាក់ ​ដែល​ត្រូវ​បាន​កំណត់​ថា​ ជា​មុខ​សញ្ញា​នៃ​ក្រុម​ដែល​បាន​បង្ក​អំពើ​បង្ខាំង​មនុស្ស​ក្នុង​ប្រទេស​ប្រទេស​កម្ពុជា។

​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ទូច សុខៈ បាន​បញ្ជាក់​វីអូអេ​ឱ្យ​ដឹង​ថា​ ការ​ចាប់​ខ្លួន​ជន​ជាតិ​ជប៉ុន​ទាំង​ ២៥ ​នាក់​នេះ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​ស្ថានទូត​ជប៉ុន​ដែល​បាន​ស្នើសុំកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​មហាផ្ទៃ ក្រោយ​ជន​ជាតិ​ជប៉ុន​ម្នាក់​ផ្តល់​ព័ត៌មានថា មាន​ការ​ចាប់​បង្ខាំង​និង​ប្រើ​អំពើ​ហិង្សា​លើ​រាងកាយ​គាត់។

លោក​ថ្លែងថា៖«អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​គឺ លោក​បាន​កំណត់​មុខ​សញ្ញា​ជន​ជាតិ​ជប៉ុន​ទាំង​អស់​ ២៨ នាក់។ ហើយ​បាន​ធ្វើ​ប្រតិបត្តិការ​ចាប់​បាន​ជាក់​ស្តែង​ឃាត់​ខ្លួន​បាន​ ២៥ [នាក់​] អ៊ីចឹង​ ៣នាក់​ទៀត​រត់​គេច​ខ្លួន​ ដែល​អគ្គស្នងការ​កំពុង​តែ​បន្ត​នីតិវិធី​និង​ជំនាញ​ក្នុង​ការងារបន្ត​ទៀត។ ហើយ​ករណី​ទាក់ទង​នឹង​បណ្តឹង​របស់​ជន​ជាតិ​ជប៉ុន​ម្នាក់​ប្តឹង​ថា​ មាន​ការ​បង្ខាំង​និង​ប្រើ​អំពើ​ហិង្សា​លើ​គាត់ គាត់​ប្តឹង​ហ្នឹង​ ប្តឹង​ទៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​យើង»។

បើតាម​អ្នកនាំពាក្យ​រូបនេះ​ ជនជាតិ​ជប៉ុន​ទាំង​ ២៥ នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣ ហើយ​ជនជាតិ​ជប៉ុន​ ៣ ​នាក់​ទៀត ​កំពុង​សម្ងំ​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។

គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ​ ជនជាតិ​ជប៉ុន​ដែលត្រូវបាន​ឃាត់​ខ្លួន​ទាំង​ ២៥ នាក់​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​នីតិវិធី​បណ្តេញ​ចេញ​ពី​កម្ពុជាទៅ​ប្រទេស​ជប៉ុន​វិញ។ នេះ​បើតាម​ក្រុមម​ន្ត្រី​ប្រចាំ​ក្រសួង​មហាផ្ទៃ។

អគ្គនាយក​រង​ និង​ជា​អ្នក​នាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍លោក កែវ វណ្ណថន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ មន្ត្រីអន្តោ​ប្រវេសន៍កំពុង​កសាង​ឯកសារ​ស្នើសុំ​គោល​ការណ៍​ពី​ក្រសួង​មហាផ្ទៃ​ជា​មុន​សិន ទើបអាចបញ្ជូន​ជនជាតិ​ជប៉ុន​ទាំង​នោះ​ទៅ​កាន់​ប្រទេសរបស់​ពួកគេ​វិញបាន។

លោក​លើក​ឡើង​ថា៖ «នៅ​ទេ យើង​រក្សា​ទុក​[ជន​ជាតិ​ជប៉ុន​ ២៥ នាក់​បណ្តោះ​អាសន្ន នៅ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ កំពុង​តែ​កសាង​ឯកសារ​សុំ​គោល​ការណ៍​រដ្ឋមន្ត្រី​មហាផ្ទៃ។ កាល​ណា​បាន​ប្រកាស​ពី​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​មក​បាន​យើង​រៀបចំ​បណ្តេញ​ចេញ»។

ដោយ​ឡែក​ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​លោក​ ឆាយ គឹមខឿន ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​ថា ការ​ចាប់ខ្លួនជន​ជាតិ​ជប៉ុន​ចំនួន​ ២៥​ នាក់​នេះ​ គឺ​ធ្វើឡើង​ក្រោម​ការសង្ស័យថា​ ពួក​គេ​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ឆបោក​ជនជាតិ​ជប៉ុន​នៅឯ​ប្រទេសជប៉ុន។

ស្ថានទូតជប៉ុន​ប្រចាំ​នៅ​ប្រទេសកម្ពុជា​ បាន​បញ្ជាក់​វីអូអេ​ឱ្យ​ដឹង​ថា​ ស្ថានទូតបាន​ដឹង​អំពី​ករណីនៃ​ការចាប់ខ្លួន​ជនជាតិ​ជប៉ុន​ទាំង​ ២៥​នាក់​នោះ​ ប៉ុន្តែ​បដិសេធ​ការផ្តល់​នូវ​សេចក្តី​លម្អិត។

អ្នកនាំពាក្យ​ស្ថានទូត​ជប៉ុន​អ្នកស្រី​ អាសាជី មីយោហ្ស៊ី Asagi Miyoshi បាន​លើក​ឡើង​តាមសារអ៊ីមែល​ថា៖«ចំពោះ​ករណី​នេះ ដោយសារ​វា​ជា​រឿង​មួយ​ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត ស្ថាន​ទូត​មិន​អាច​បង្ហាញ​ព័ត៌មាន​លម្អិត​បាន​ទេ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​លើក​ឡើង​ថា​ អាជ្ញាធរ​កម្ពុជា​គួរតែ​ពង្រឹង​វិធានការ​នៃ​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​ជនជាតិ​បរទេស​ដែល​មក​ប្រព្រឹត្ត​បទ​រល្មើស ឬ​បទ​ឧក្រិដ​ផ្សេងៗ​នៅ កម្ពុជា​ ដើម្បី​បញ្ចៀស​ការ​ខាត​ប្រយោជន៍​នានារបស់​កម្ពុជា ទាំង​ក្នុង​វិស័យ​ទេសចរណ៍​ និង​ការវិនិយោគ។

លោក​ប្រាប់​វីអូអេ​ថា៖ «អ៊ីចឹង​កម្ពុជា​យើង​ ត្រូវ​តែ​ពង្រឹង​វិធាន​ការនៃ​ការអនុវត្ត​ច្បាប់​ ទាំង​ច្បាប់​អន្តោ​ប្រវេសន៍​ ទាំង​ច្បាប់​ក្នុង​ស្រុក​ ទៅ​ជន​បរទេស​ទាំង​ឡាយ​ដើម្បី​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត​ ឬ​ក៏​ការ​ទប់​ស្កាត់​ និង​ការ​បង្ក្រាប​ទៅ​លើ​បទ​ល្មើស​ផ្សេងៗ​ ជាពិសេស​ទាក់​ទង​ជា​មួយ​នឹង Cyber Crime ​[អំពើឆបោកតាម​អនឡាញ]»។

បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន​ The Japan Times ​ករណី​ជា​ច្រើន​កើត​ឡើង​ជា​បន្តបន្ទាប់​ ដែល​ក្រុម​ទុច្ចរិត​ជន​ជាតិ​ជប៉ុន​ជាច្រើន​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​កំពុង​ប្រើ​ប្រាស់​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ធ្វើ​ជា​កន្លែង​លាក់​ខ្លួន​ ដើម្បី​ប្រព្រឹត្ត​អំពើ​ឆបោក។

កាល​ពី​ខែ​មេសា​ អាជ្ញាធរ​កម្ពុជា​បាន​និរទេស​ជនជាតិ​ជប៉ុនចំនួន​ ១៩​ នាក់​ ចំពោះ​ការ​សង្ស័យ​ថា​បាន​ពាក់​ព័ន្ធ​នៅ​ក្នុងអំពើ​ឆបោក​តាម​ទូរសព្ទ ហើយ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត​នៅ​ពេល​បញ្ជូន​ដល់​ប្រទេស​ជប៉ុន៕

XS
SM
MD
LG