ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្តាត​អូឡាំពិក​របស់​កម្ពុជា មាន​លក្ខណៈ​ពិសេស​ទាំង​ប្រវត្តិសាស្ត្រ វប្បធម៌ អត្តសញ្ញាណ និង​សេដ្ឋកិច្ច


ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាត់ប្រាណ​នៅ​ក្នុង​ទីលាន​ពហុកីឡាដ្ឋាន​អូឡាំពិក កាលពី​ឆ្នាំ២០០៨។ (រូបថត​ដោយ Tharum Bun)

លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ បាន​សង្កត់​ធ្ងន់​ថា ស្តាត​អូឡាំពិក​របស់​កម្ពុជា​មាន​លក្ខណៈ​ពិសេស​ជាង​ស្តាត​អូឡាំពិក​ដទៃ​ទៀត ដោយសារ​ប្រជាពលរដ្ឋ​ជាច្រើន​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​លើ​ប្រវត្តិសាស្ត្រ​នៃ​ស្តាតអូឡាំពិក​នៅ​កម្ពុជា​នេះ។

មាន​ការ​ស្រាវជ្រាវ​មួយ បាន​រកឃើញ​ថា ស្តាត​អូឡាំពិក​នៅ​ទីក្រុង​ភ្នំពេញ​របស់​កម្ពុជា មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ខាង​ប្រវត្តិសាស្ត្រ ​វប្បធម៌ អត្តសញ្ញាណ និង​សេដ្ឋកិច្ច បើ​ធៀប​នឹង​ស្តាត​អូឡាំពិក​នៅ​តាម​ប្រទេស​ដទៃទៀត។

លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ គឺជា​បេក្ខជន​ថ្នាក់​អនុបណ្ឌិត​ម្នាក់ នៅ​សកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី ខាង​ផ្នែក​គោលនយោបាយ​សាធារណៈ ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​មួយ​ទាក់ទង​នឹង​ស្តាត​អូឡាំពិក​របស់​កម្ពុជា។

អ៊ឹម ច័ន្ទបូរ៉ាជាតិ គឺជា​បេក្ខជន​ត្រៀម​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ នៅ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី ដែល​បាន​ស្រាវជ្រាវ​អំពី​សំណង់​ប្រវត្តិសាស្ត្រ ស្តាត​អូឡាំពិក​របស់​ប្រទេស​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ)
អ៊ឹម ច័ន្ទបូរ៉ាជាតិ គឺជា​បេក្ខជន​ត្រៀម​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ នៅ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី ដែល​បាន​ស្រាវជ្រាវ​អំពី​សំណង់​ប្រវត្តិសាស្ត្រ ស្តាត​អូឡាំពិក​របស់​ប្រទេស​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ)

លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ បាន​សង្កត់​ធ្ងន់​ថា ស្តាត​អូឡាំពិក​របស់​កម្ពុជា​មាន​លក្ខណៈ​ពិសេស​ជាង​ស្តាត​អូឡាំពិក​ដទៃ​ទៀត ដោយសារ​ប្រជាពលរដ្ឋ​ជាច្រើន​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​លើ​ប្រវត្តិសាស្ត្រ​នៃ​ស្តាតអូឡាំពិក​នៅ​កម្ពុជា​នេះ។

«‍ស្តាត​យើង​គឺខុស​ពី​ស្តាត​ដទៃ​ទៀត គឺ​ដោយសារ​ប្រជា​ពលរដ្ឋ​គាត់​គិត​ថា ស្តាត​នេះ​តំណាង​ឲ្យ​មោទនភាព​ជាតិ​មួយ។ បើ​យើង​គិត​ពី​ស្ថាបត្យកម្ម នេះ​គឺជា​ស្ថាបត្យកម្ម​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​មោទនភាព​ខ្លាំង ដែល​ពួកគាត់​គិត​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដែល​មាន​ការ​រីកចម្រើន​ច្រើន។ ហើយ​ពួក​គាត់​សម្លឹង​មក​ស្តាត​អូឡាំពិក​នៅ​ក្នុង​ទីក្រុង ដែល​ធ្វើ​ឲ្យ​មាន​មោទនភាព»។

លោក​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ស្តាត​អូឡាំពិក​ត្រូវបាន​ប្រើប្រាស់​ជា​ប្រចាំ​ដោយ​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ហាត់​កីឡា លំហែកាយ ជួបជុំ​មិត្តភក្តិ​ដោយ​ឥតគិត​ថ្លៃ និង​ដើម្បី​ចូលរួម​កម្មវិធី​កីឡា​ផ្សេងៗ​ដោយ​ចំណាយ​ប្រាក់​តិចតូច។

កម្មាភិបាល​ខ្មែរ​ក្រហម​តម្រង់ជួរ​នៅ​ក្នុង​ស្តាត​អូឡាំពិក នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ១៩៧៥។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ imgur)
កម្មាភិបាល​ខ្មែរ​ក្រហម​តម្រង់ជួរ​នៅ​ក្នុង​ស្តាត​អូឡាំពិក នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ១៩៧៥។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ imgur)

ក្នុង​អំឡុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​ទម្លាក់​គ្រាំបែក​នៅ​ប្រទេស​កម្ពុជា​ក្នុង​ដើម​ទសវត្សរ៍​១៩៧០ ស្តាតអូឡាំពិក​ត្រូវបាន​យក​ធ្វើ​ជា​ជម្រក​លាក់​ខ្លួន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​ខេត្ត​ក្រុង។ បន្ថែម​លើ​នេះ ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម ស្តាត​អូឡាំពិក​ត្រូវបាន​ប្រើប្រាស់​ដោយ​ខ្មែរ​ក្រហម​ដើម្បី​សម្លាប់​ទាហាន​ លន់ នល់ ធ្វើ​ជា​កន្លែង​សម​ទ័ព និង​កន្លែង​ប្រជុំ​បក្ស​ជាដើម។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ។

លោក​បាន​បកស្រាយ​ថា ទីសាធារណៈ​ក្នុង​ទីក្រុង​មាន​សារៈសំខាន់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ នៅ​ប្រទេស​កម្ពុជា ដូចគ្នាប្រទេស​ផ្សេងៗ​ទៀត គេ​ឃើញ​ថា រាល់​ការ​អភិវឌ្ឍ​ក្នុង​ទីក្រុង​តែងតែ​មាន​ផល​ប៉ះពាល់​ដល់​ទីសាធារណៈ។

«‍ទីសាធារណៈ​នៅ​ក្នុង​ទីក្រុង​មិន​ត្រឹម​តែ​សម្រាប់​ទាក់ទាញ​កំណើន​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ​ទេ វា​ជា​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​លំហែកាយ​ផង​ដែរ។ ទីកន្លែង​សាធារណៈ ដូចជា​ស្តាតអូឡាំពិក​នេះ​សំខាន់​មែន​ទែន ជាពិសេស​បើ​សិន​ជា​ប្រជាពលរដ្ឋ​គាត់​អត់មាន​ជីវភាព​ធូរធារ​ដូច​ប្រទេស​ដទៃ ទីសាធារណៈ​ជា​កន្លែង​ដែល​ពួកគាត់​អាច​លំហែកាយ​បាន ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ច្រើន ដូចជា​ទៅ​ផ្សារ​ទិញ​របស់របប​អ្វី​នោះ​ទេ»។

5 ការ​ដ្ឋាន​សំណង់​នៃ​គម្រោង​ក្រុងOlympia City ដែល​ស្ថិត​នៅ​ភាគ​ជើង​ឆៀង​ខាង​កើត​នៃ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)
5 ការ​ដ្ឋាន​សំណង់​នៃ​គម្រោង​ក្រុងOlympia City ដែល​ស្ថិត​នៅ​ភាគ​ជើង​ឆៀង​ខាង​កើត​នៃ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)

ខណៈដែល​សំណង់​អគារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ កំពុង​តែ​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស​នោះ លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​នាទី​សំខាន់​ក្នុង​ការ​ថែរក្សា​សំណង់​ប្រវត្តិសាស្ត្រ​នៃ​ស្តាត​អូឡាំពិក​នេះ ដែល​ជា​ទីសាធារណៈ​ដ៏​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ៕

XS
SM
MD
LG