អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ចំនួនមនុស្សស្លាប់បណ្តាលមកពីការផ្ទុះ២គ្រាប់នៅកណ្តាលក្រុង Homs នៃប្រទេសស៊ីរី បានកើនឡើង៤៦នាក់ដោយមានមនុស្សរាប់សិបនាក់ទៀតបានរងរបួស។
អង្គការសិទ្ធិមនុស្សឈ្មោះថា Syrian Observatory ដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេសនិយាយថា ការផ្ទុះគ្រាប់២គ្រាប់នៅថ្ងៃអាទិត្យនេះ បានកើតមានឡើងនៅសង្កាត់ al-Zahraa ហើយអ្នកស្លាប់ភាគច្រើនទំនងជាជនស៊ីវិល។
ទីក្រុង Homs ជាទីដៅនៃការវាយប្រហារជាច្រើននៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានសម្លាប់ហើយនឹងធ្វើឲ្យមនុស្សរបួសមួយចំនួន។ អង្គការសិទ្ធិមនុស្ស Syrian Observatory បានប្រាប់ឲ្យដឹងទៀតថា ការផ្ទុះនៅថ្ងៃអាទិត្យនេះស្ថិតក្នុងចំណោមនៃការវាយប្រហារដ៏ធំបំផុតនៅក្នុងសង្កាត់នោះនៅក្នុងសង្គ្រាមស៊ីវិលដែលអូសបន្លាយរយៈពេល៥ឆ្នាំនេះ។
គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏ប្រល័យនេះទេ ដែលការវាយប្រហារនេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋ John Kerry ហើយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីវិបត្តិនៅក្នុងប្រទេសស៊ីរី។
ក្រុមឧទ្ទាមចម្រុះដ៏សំខាន់មួយនៅក្នុងប្រទេសស៊ីរីបាននិយាយថា ខ្លួនមានឆន្ទៈទទួលយកការឈប់បាញ់គ្នាជាបណ្តោះអាសន្ន ក៏ប៉ុន្តែ ល្គឹកណារុស្ស៊ីបញ្ឈប់ការវាយប្រហារតាមអាកាសហើយរដ្ឋាភិបាលទីក្រុងដាម៉ាស បញ្ចប់ការវាយប្រហាររបស់ខ្លួននៅជិតព្រំដែនស៊ីរីនិងតួកគី។
គ្មានការចង្អុលបង្ហាញថា លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov បានធ្វើឲ្យមានការជឿនលឿនស្តីពីបញ្ហាការឈប់បាញ់គ្នានេះទេ។
ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួននឹងបញ្ឈប់ការវាយប្រហារតាមអាកាសប្រឆាំងនឹងអ្វីដែលរុស្ស៊ី ហៅថាទីដៅភេរវជននៅក្នុងប្រទេសស៊ីរី ទោះជាមានកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការបញ្ឈប់ការបាញ់គ្នាបណ្តោះអាសន្នក៏ដោយ ដែលពួកអ្នកការទូត បានហៅថា ការឈប់បាញ់គ្នាដោយអារិភាព។
សហរដ្ឋអាមេរិកហើយនិងប្រទេសផ្សេងទៀតដែលពាក់ព័ន្ធក្នុងការព្យាយាមបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី បាននិយាយថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីភាគច្រើន គឺទៅលើពួកឧទ្ទាមដែលប្រយុទ្ធរដ្ឋាភិបាលស៊ីរី មិនមែនទៅលើក្រុមរដ្ឋឥស្លាមទេ៕