កំណើនការទម្លាក់គ្រាប់បែករបស់ប្រទេសរុស្ស៊ីក្នុងប្រទេសស៊ីរី នឹងក្លាយទៅជាចំណុចសំខាន់មួយសម្រាប់ស.រ.អា.និងប្រទេសឯទៀតៗជាសមាជិកនៃក្រុមអន្តរជាតិគាំទ្រប្រទេសស៊ីរី នៅពេលដែលក្រុមនេះប្រជុំគ្នានៅក្នុងសប្តាហ៍នេះក្នុងប្រទេសអាល្លឺម៉ង់។
ក្រុមនេះ មានរួមបញ្ចូលប្រទេសរុស្ស៊ីនិងប្រទេសអ៊ីរ៉ង់ ដែលគាំទ្ររដ្ឋាភិបាលស៊ីរីដែរ នឹងប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នៅខាងក្រៅសន្និសីទសន្តិសុខក្រុង Munich។
នេះជាការប្រជុំពេញអង្គលើកទីមួយរបស់ក្រុមនេះ ចាប់តាំងពីកិច្ចចរចាសម្របសម្រួលដោយអ.ស.ប. អំពីអន្តរកាលនយោបាយនៅក្នុងប្រទេសស៊ីរីបានគាំងដំណើរ។ មួយផ្នែកនៃការជាប់គាំងនេះគឺដោយសារក្រុមប្រឆាំងបានតវ៉ាប្រឆាំងនឹងការវាយលុកតាមអាកាសគាំទ្រដោយរុស្ស៊ីនៅក្នុងក្រុង Aleppo។
យុទ្ធនាការទម្លាក់គ្រាប់បែកនេះបានបង្ខិតបង្ខំប្រជារាស្ត្រស៊ីរីរាប់ពាន់នាក់ ឱ្យរត់គេចខ្លួនចេញពីផ្ទះសំបែងពួកគេ ដោយច្រើននាក់បានធ្វើដំណើរទៅកាន់ព្រំដែនប្រទេសតួកគី ដែលមានមនុស្សច្រើនកកកុញហើយនោះ។
កាលពីថ្ងៃអង្គារ គឺមួយថ្ងៃមុនពេលលោកធ្វើដំណើរទៅកាន់ក្រុង Munich លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានលើកឡើងអំពីកង្វល់ស្តីពី
ប្រទេសរុស្ស៊ីនៅក្នុងការចេញបង្ហាញខ្លួនមួយនៅឯក្រសួងការបរទេសស.រ.អា.ជាមួយលោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប។
លោក Kerry បានមានប្រសាសន៍ថា «សកម្មភាពរបស់រុស្ស៊ីនៅ Aleppo និងក្នុងតំបន់នោះនៅពេលនេះធ្វើឱ្យប្រទេសនេះមានការពិបាកជាងមុនក្នុងការមកកាន់តុចរចា ដើម្បីឱ្យមានការសន្ទនាគ្នាដោយហ្មត់ចត់»៕