ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស ២៦ នាក់​ស្លាប់ នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​វិហារ​គ្រិស្ត​សាសនា​មួយ​កន្លែង​ក្នុង​រដ្ឋ Texas


អ្នក​សារព័ត៌មាន​ប្រមូលផ្តុំ​នៅ​ក្នុង​ក្រុង Sutherland Springs រដ្ឋ Texas ដើម្បី​យក​ព័ត៌មាន​អំពី​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ព្រះវិហារ​ក្នុង​ស្រុក​មួយ។

បុរស​ម្នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​ប្រើ​កាំភ្លើង​បាញ់​ដោយ​ស្វ័យប្រវត្តិ​ទៅ​លើ​វិហារ​គ្រិស្ត​សាសនា​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង San Antonio រដ្ឋ Texas កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​សម្លាប់​អ្នក​គោរព​សាសនា​ចំនួន ២៦ នាក់ និង​ធ្វើ​ឲ្យ​របួស​យ៉ាង​តិច ២០ នាក់​ផ្សេង​ទៀត។

ជន​រងគ្រោះ​មាន​ចាប់​ពី​អាយុ ៥ ឆ្នាំ រហូត​ដល់ ៧២ ឆ្នាំ។

ខ្មាន់​កាំភ្លើង​ក៏​បាន​ស្លាប់​ផង​ដែរ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​អំពី​គោល​គំនិត​របស់​ខ្មាន់​កាំភ្លើង​នេះ​ក្នុង​ការ​ធ្វើ​ដូច្នេះ​នោះ​ទេ។

អ្នក​ស៊ើប​អង្កេត​មក​ពី​ទីភ្នាក់ងារ FBI និង​ការិយាល័យ​គ្រឿង​ស្រវឹង ថ្នាំ​ជក់ និង​អាវុធ​ជាតិ​ផ្ទុះ បាន​សហការ​ជាមួយ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ក្នុង​សហគមន៍ Sutherland Springs ក្នុង​រដ្ឋ Texas នេះ ដែល​ជា​សហគមន៍​ដ៏​តូច​មួយ​មាន​ចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ​ពី​ទីក្រុង San Antonio ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។

នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា ការ​បាញ់​ប្រហារ​នេះ «គឹ​មិន​មែន​ជា​បញ្ហា​រឿង​អាវុធ​នោះ​ទេ» ប៉ុន្តែ​គឺ​ជា «បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​កម្រិត​ខ្ពស់​បំផុត​មួយ»។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុវត្ថិភាព​សាធារណៈ​ប្រចាំ​រដ្ឋ Texas លោក Freeman Martin ខ្មាន់​កាំភ្លើង​នោះ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ Devin Kelly អាយុ ២៦ ឆ្នាំ គឺ​ជា​បុរស​ស្បែក​ស ដែល​ស្លៀក​សំលៀក​បំពាក់​ខ្មៅ​និង​បំពាក់​ដោយ​អាវ​កាក់​ការពារ​គ្រាប់​កាំភ្លើង។

អាជ្ញាធរ​បាន​បញ្ជាក់​ថា ខ្មាន់​កាំភ្លើង​នេះ​រស់នៅ​តំបន់​ជាយ​ក្រុង San Antonio នឹង​ទំនង​ជា​មិន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​ភេរវកម្ម​ណា​មួយ​នោះ​ទេ។ អាជ្ញាធរ​ក៏​បាន​បញ្ជាក់​ទៀត​ថា អាវុធ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្ត​របស់​ខ្មាន់​កាំភ្លើង​នេះ៕

XS
SM
MD
LG