ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump បញ្ជា​ឲ្យ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ទីក្រុង Las Vegas កើត​ឡើង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​សេចក្តី​ថ្លែងការណ៍​ពី​ការ​បាញ់​រះ​នៅ​ក្នុង​ក្រុង Las Vegas កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​សេចក្តី​ថ្លែងការណ៍​ពី​ការ​បាញ់​រះ​នៅ​ក្នុង​ក្រុង Las Vegas កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បញ្ជា​ឲ្យ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កំពុង​ស្ថិត​ក្នុង​ភាព​តក់ស្លុត ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​សម្លាប់​រង្គាល​ដ៏​សាហាវ​បំផុត​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ខ្មាន់​កាំភ្លើង​តែ​ម្នាក់​គត់​បាន​កើត​ឡើង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​របស់​សហរដ្ឋ​អាមេរិក។

លោក Trump បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ដែល​ចាក់​ផ្សាយ​នៅ​ទូទាំង​ប្រទេស​បន្ទាប់ពី​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada នេះ បាន​កើត​ឡើង​មិន​ដល់ ១២ ម៉ោង​ផង​ថា៖ «យើង​ចូលរួម​ទាំង​អស់​គ្នា​នៅ​ក្នុង​សេចក្ដី​សោក​សង្រេង និង​ភាព​តក់ស្លុត​នេះ។ វា​ជា​សកម្មភាព​សាហាវ​យង់ឃ្នង​ជា​ទី​បំផុត‍»។

លោក Trump បាន​និយាយ​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Las Vegas នៅ​ថ្ងៃ​ពុធ​ស្អែក ដើម្បី​គោរព​ជន​រងគ្រោះ និង​ជួប​ជាមួយ​នឹង​អ្នក​នៅ​រស់រាន​មាន​ជីវិត។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក លោក Trump មិន​បាន​លើក​ឡើង​អំពី​បញ្ហា​កាំភ្លើង​នោះ​ទេ។ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត សោកនាដកម្ម​នៅ​ទីក្រុង Las Vegas នេះ បាន​បណ្ដាល​ឲ្យ​មាន​ការ​ជជែក​ដេញដោល​ថ្នាក់​ជាតិ​អំពី​ការ​គ្រប់គ្រង​អាវុធ។

មេដឹកនាំ​គណបក្ស​សំឡេង​ភាគ​តិច​នៃ​រដ្ឋ​សភា​លោកស្រី Nancy Pelosi បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធាន​រដ្ឋសភា​លោក Paul Ryan កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​នូវ​គណៈកម្មាធិការ​ពិសេស​មួយ​ទទួល​បន្ទុក​ខាង​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​កាំភ្លើង ដើម្បី​បង្កើត​ច្បាប់​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ការ​គ្រប់គ្រង​កាំភ្លើង៕

XS
SM
MD
LG