អ្នកសង្កេតការណ៍អន្តរជាតិបានចោទជាសំណួរអំពីភាពត្រឹមត្រូវនៃការធ្វើប្រជាមតិនៅក្នុងប្រទេសតួកគី កាលពីថ្ងៃអាទិត្យម្សិលម្ង៉ៃ ដោយបាននិយាយថា ការធ្វើប្រជាមតិនេះបានធ្វើឡើងដោយមិនស្មើភាព។
ការធ្វើប្រជាមតិឲ្យផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងអាស្រ័យសភា ទៅជាប្រព័ន្ធគ្រប់គ្រងអាស្រ័យប្រធានាធិបតីនេះ បានទទួលជោគជ័យក្នុងសំឡេងតិចតួចប៉ុណ្ណោះ។ ចំណែកឯគណបក្សប្រឆាំងវិញ កំពុងទាមទារឲ្យមានការធ្វើប្រជាមតិឡើងវិញ។
នៅឯសន្និសីទមួយកន្លែងនៅក្នុងទីក្រុងអង់ការ៉ា អ្នកសង្កេតការណ៍មកពីអង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអឺរ៉ុប ដែលហៅកាត់ថា OSCE បានបញ្ជាក់ថា យុទ្ធនាការមិនគាំទ្រចំពោះការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំនេះ បានជួបប្រទះឧបសគ្គជាច្រើន ដូចជា កង្វះសេរីភាពនៃការបញ្ចេញមតិ ការគំរាមកំហែង និងកង្វះលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាដើម។ អង្គការ OSCE ក៏បានចោទប្រកាន់លើលោកប្រធានាធិបតី Recep Tayyip Erdogan ថាបានប្រើប្រាស់ធនធានរដ្ឋបាលមិនត្រឹមត្រូវផងដែរ។
គេក៏ឃើញមានការរិះគន់ចំពោះការសម្រេចចិត្តដោយប្រទាំងប្រទើសនៅក្នុងការអនុញ្ញាតឲ្យប្រើប្រាស់សន្លឹកឆ្នោត ដែលមិនមានត្រាផ្លូវការផងដែរ។ នៅក្រោមច្បាប់បោះឆ្នោតឆ្នាំ ២០១០ របស់ប្រទេសតួកគី សន្លឹកឆ្នោតទាំងអស់តម្រូវឲ្យមានត្រាផ្លូវការ ដើម្បីការពារមិនឲ្យមានការលួចបន្លំសន្លឹកឆ្នោត។
ក្រសួងការបរទេសតួកគី បានចេញនូវសេចក្ដីប្រកាសមួយ ដែលបានបញ្ជាក់ថា ខ្លួនមានក្ដីបារម្ភអំពីការរកឃើញរបស់អង្គការ OSCE ដែលថា ការធ្វើប្រជាមតិនេះធ្វើឡើងមិនត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិនោះ។ ក្រសួងការបរទេសតួកគីបានហៅការរកឃើញនេះថា «ជារឿងដែលមិនអាចទទួលយកបាន» និងបានចោទប្រកាន់អង្គការ OSCE ថាមានភាពលំអៀងផ្នែកនយោបាយ៕