ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទួកគី​ថ្លឹងថ្លែងមើល​​ពី​វិធានការ​បន្ទាប់​ចំពោះ​​ស៊ីរី

  • Dorian Jones

យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ ជនជាតិ​ទួកគី​ភាគ​ច្រើន​លើស​លុប​ជំទាស់​​នឹងការ​ធ្វើ​​អន្តរាគមន៍​យោធា​នៅ​​ស៊ីរី ហើយ​ការ​ជំទាស់​បែប​នេះ​កំពុង​តែ​កើន​ឡើង។
ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា
នាយក​រដ្ឋមន្ត្រី​ទួកគី លោក រីសឹប តាយយីប អឺដូហ្គឹន (Recep Tayyip Erdogan) បាន​ព្រមាន​នៅចុង​សប្តាហ៍​នេះ​ថា​ប្រទេស​របស់លោក ស្ថិត​នៅ​«មិន​ឆ្ងាយ»​ពី​ការ​ធ្វើ​សង្រ្គាម​ជាមួយ​ប្រទេសស៊ីរី​ទេ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ត្បាល់ ដែល​បាន​សម្លាប់​ជនជាតិ​ទួកគី​ចំនួន​ប្រាំ​នាក់​កាល​ពី​សប្តាហ៍​មុន។ បទ​អត្ថាធិប្បាយ​របស់​លោក​បាន​ធ្វើ​ឡើង​ នៅ​ពេល​ដែល​ក្រុមមន្ត្រីទួកគី ​កំពុង​តែ​សម្តែង​ការ​ខក​ចិត្ត ដែល​ការ​ថ្កោល​ទោសទៅ​លើ​ប្រទេស​ស៊ីរី​ ពី​សំណាក់ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ​មិន​ខ្លាំងក្លាដូច​ដែល​ទួកគីបាន​រំពឹង​ទុក។
រដ្ឋាភិបាល​ក្រុង​អង់ការ៉ា (Ankara) បាន​ទាមទារថា ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំង​ក្លា​ បន្ទាប់​ពី​ការ​បាញ់​កាំភ្លើង​ត្បាល់​របស់​ស៊ីរី បាន​សម្លាប់​ជនជាតិ​របស់​ខ្លួនចំនួនប្រាំ​នាក់ នៅទីក្រុងតាមបណ្តោយ​ព្រំដែន​ អាកខាកាឡេ (Akcakale) នៅ​សប្តាហ៍​នេះ។
ប៉ុន្តែ ​សម្ពាធ​នោះ​ ហាក់​ដូចជា​ពុំ​សូវ​មាន​ប្រសិទ្ធិភាព​ ដូច​ដែល​ពួកគេ​បាន​រំពឹង​ទុក​នោះ​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ទួកគី លោក សេលខូក អូណាល (Selcuk Unal) ថ្លែង​ថា៖
«​ស្ថានការណ៍​នៅ​ឯ​ព្រំដែន​ទួកគី​និង​ស៊ីរី​នេះ មាន​ភាពធ្ងន់ធ្ងរ​គួរ​សម​ដែរ​ ហើយ​ខ្ញុំ​គិត​ថា ​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដូចយើង ​នឹង​ចង់​បាន​បែប​ផែនមួយឬភាសា​ខ្លាំងៗជាង​នេះ​ ជាក់​ជា​ពុំ​ខាន។»
ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​បន្ទាន់​មួយរបស់បណ្តាអគ្គរដ្ឋទូត​អង្គការ​ណាតូ (NATO) ក្រោយ​ពី​ឧបទ្ទវហេតុ​នេះ អង្គការ​ណាតូ​ មិន​បាន​ស្នើ​ឡើង​នូវ​មាត្រា​ទី​ប្រាំ​នៃ​ធម្មនុញ្ញ​របស់​ខ្លួន​ ដែល​នឹង​តម្រូវ​ឱ្យ​សមាជិក​ទាំងអស់​ការពារ​ប្រទេស​ទួកគីនោះ​ទេ។
ក្រុមអ្នក​វិភាគ​និយាយ​ថា​ បន្ទាប់​ពី​មាន​ការ​ច្រាន​ចោល​ជា​ច្រើន​សារពីសំណាក់សម្ព័ន្ធមិត្ត​របស់​ខ្លួន ទួកគី​យល់​ថា ​ខ្លួនកំពុង​តែ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ទុក​ឲ្យ​នៅឯកោហើយ។
លោក ស៊ីណាន អុលហ្គឹន (Sinan Ulgen) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​អេដាម (Edam) ដែល​មាន​មូលដ្ឋាន​នៅទីក្រុង​អ៊ីស្តង់ប៊ុល និយាយ​ថា ឥឡូវនេះ​ ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា កំពុង​គិតគូរ​សម្រាប់​រយៈពេល​វែង។
«​ប្រសិន​បើចៃដន្យ​ជម្លោះ​នេះ​កាន់​តែ​តានតឹង​ឡើង ​ពេលនោះទួកគី ​នឹង​ស្វះ​ស្វែងរក​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ពី​សម្ព័ន្ធ​មិត្ត​របស់​យើង​។ អាស្រ័យ​ហេតុ​នេះ​ ការ​ពិគ្រោះ​យោបល់​គ្នា​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង ​គឺ​ដើម្បី​រៀប​ចំ​មូលដ្ឋានសម្រាប់​តម្រូវការ​នា​ពេល​អនាគត ព្រោះ​ទួកគី​មិន​ចង់​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​វិធានការជា​ឯកតោ​ភាគី​នោះ​ទេ។»
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សភា​ទួកគី បាន​អនុម័ត​ញត្តិ​មួយ​ដើម្បី​អនុញ្ញាត​ឱ្យកងកម្លាំងរបស់​ខ្លួន ​ធ្វើ​អន្តរាគមន៍នៅ​ក្នុង​ប្រទេស​ស៊ីរី។ ប៉ុន្តែ​ នាយក​រដ្ឋមន្ត្រី​ទួកគី លោក រីសឹប តាយយីប អឺដូហ្គឹន បានសង្កត់​ធ្ងន់កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា​ ប្រទេស​ទួកគីមិន​ចង់​ឱ្យ​មាន​ជម្លោះ​ទេ។
លោក​បានថ្លែងថា៖ «យើង​គ្មានចេតនាចាប់​ផ្តើម​សង្គ្រាមជាមួយ​ស៊ីរី​ទេ» ហើយបាន​បន្ថែម​ទៀត​ថា «​គ្មាន​ប្រទេស​ណា​ហ៊ាន​សាកល្បង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ឡើយ។»
លោក អុណាល អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ទួកគី បាន​ឲ្យ​ដឹងថា ការ​បោះ​ឆ្នោត​សភា​គួ​រ​តែ​ត្រូវ​បានចាត់​ទុកថា​ជា​ការ​កម្លាមួយ​ទៅ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស (Damascus) ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​លើ​ទឹកដី​ខ្លួន​នា​ពេល​អនាគត។
បើ​ទោះ​ជា​មាន​ចេតនារបស់​ទួកគីក៏​ដោយ លោក អឺដូហ្គឹន បាន​ព្រមានកាល​ពី​ថ្ងៃ​សុក្រ​ថា សង្គ្រាម​ប្រហែល​ជា​ស្ថិត​នៅមិនឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បាន​សន្តិភាព​គឺ​ត្រូវត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម។
យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ ជនជាតិ​ទួកគី​ភាគ​ច្រើន​លើស​លុប​ជំទាស់នឹងការ​ធ្វើអន្តរាគមន៍​យោធា​នៅស៊ីរី ហើយ​ការ​ជំទាស់​បែប​នេះ​កំពុង​តែ​កើន​ឡើង។
ក្រុម​អ្នក​វិភាគ​និយាយ​ថា បើទោះ​ជា​មាន​កាជំទាស់​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ប្រទេស​និង​បរទេស​ក៏ដោយ​ ឥឡូវ​នេះ​ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ អាច​នឹង​ចាត់​វិធានការដ៏​ប្រុង​ប្រយ័ត្ន​មួយ។ ប៉ុន្តែ​គោល​ជំហរ​យ៉ាង​រឹង​មាំរបស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ​នៅ​តែ​មិន​ផ្លាស់ប្តូរឡើយ៕
XS
SM
MD
LG