ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​នៅ​តួកគី​ឈាន​ទៅ​ជុំ​ទីពីរ


អ្នកតំណាង​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​ទីក្រុង Istanbul ប្រទេស​តួគី នៅ​ថ្ងៃ​អាទិត្យ ទី១៤ ខែ​ឧសភា ឆ្នាំ​២០២៣។
អ្នកតំណាង​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​ទីក្រុង Istanbul ប្រទេស​តួគី នៅ​ថ្ងៃ​អាទិត្យ ទី១៤ ខែ​ឧសភា ឆ្នាំ​២០២៣។

ប្រទេស​តួកគីនឹងបោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី​ពីរ​នៅក្រោយលោក​ប្រធានាធិបតី Recep Tayyip Erdogan នាំមុខ​ក្នុង​ការបោះឆ្នោត​ជុំ​ទី​មួយ​ តែ​លោកមិន​បាន​ទទួល​ការគាំទ្រ​៥០% ដែលគេ​ត្រូវ​ការ​ឱ្យ​មាន​ដើម្បី​ទទួល​ជ័យជម្នះផ្តាច់មុខ​ទេ។

លោក Erdogan បាននិយាយ​ប្រាប់ពួក​អ្នកគាំទ្រ​លោកនៅក្រុង​អង់ការ៉ាថា ​«​អ្នក​ឈ្នះគឺ​ប្រទេស​របស់​យើង‍» ហើយ​លោក​បានសម្តែង​ទំនុក​ចិត្ត​ថា ​លោកនឹង​ឈ្នះនៅ​ក្នុង​ការបោះឆ្នោត​ជុំទីពីរ។ ចំណែក​ឯ​គូប្រជែងរបស់លោក គឺ​លោក Kemal Kilicdaroglu បានថ្លែង​ថា​ លោក«នឹង​ឈ្នះ​ដាច់ខាត​នៅ​ក្នុងការបោះឆ្នោត​ជុំទីពីរ‍»។

លោក Ahmet Yener ប្រធាន​ក្រុមប្រឹក្សាភិបាល​ជាន់​ខ្ពស់​រៀប​ចំ​ការបោះឆ្នោត​បាន​និយាយថា ​ដោយសន្លឹកឆ្នោត​ភាគ​ច្រើន​ត្រូវបានរាប់រួច​ហើយកាល​ពី​ថ្ងៃចន្ទ ​លោក Erdogan ​បាន​នាំ​មុខ​ដោយ​មាន​សំឡេង​ឆ្នោត​គាំទ្រ៤៩,៥% ​ហើយ​លោក ​Kilicdaroglu ​ទទួល​បាន​៤៥%។ លោក​បាន​និយាយប្រាប់​ក្រុមអ្នកកាសែត​ថា បេក្ខជន​គណបក្ស​ទី​បី​ គឺ​លោក Sinan Ogan​ មានការគាំទ្ រ​៥,២%។

លោក Yener ​បាន​និយាយ​ថា សន្លឹកឆ្នោតនៅ​សល់​មិនទាន់រាប់​មិនគ្រប់គ្រាន់​សម្រាប់​ឱ្យ​លោក Erdogan​ ឡើង​ដល់​កម្រិត​៥០%​ទេ ​ទោះ​ជាសន្លឹក​ឆ្នោត​ទាំង​នេះគាំទ្រ​លោក​ក៏​ដោយ។ ​ការបោះឆ្នោត​ជុំ​ទី​ពីរ​ត្រូវបានកំណត់​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា។

មនុស្ស​ជាង​៦៤​លាន​នាក់ ​មាន​រួមទាំងអ្នកបោះឆ្នោត​នៅ​ក្រៅប្រទេស​ផង​ មាន​សិទ្ធិ​បោះឆ្នោត​កាលពីថ្ងៃអាទិត្យ ​ហើយមាន​មនុស្ស​ច្រើន​ណាស់បានបោះឆ្នោត​គឺ​៨៨,៨%។

ប្រធាន​គណៈកម្មការសហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បានសរសើរក្រុម​អ្នក​បោះឆ្នោត​តួកគីដែល​បាន​ទៅ​បោះឆ្នោត​ច្រើន​នាក់។

នៅ​មុនការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ​គេ​ឃើញ​ថា ​លោក Kilicdaroglu​ ជាអ្នកនាំមុខ​នៅ​ក្នុង​ការស្ទង់​មតិជា​ច្រើន។

នៅក្រោយ​មាន​ការប្រកាស​អំពី​ការបោះឆ្នោត​ជុំទី​ពីរ​កាល​ពី​ថ្ងៃ​ចន្ទ ​លោក​បាន​សុំ​ដល់​ក្រុម​អ្នកគាំទ្រ​លោកឱ្យ​នៅ​តែមាន​សេចក្តី​សង្ឃឹម៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG