ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​ប្រធានាធិបតី​នៅ​តួកគី​អាច​ឈាន​ទៅ​ដល់​ជុំទី២


អ្នកគាំទ្រ​លោក​ប្រធានាធិបតី Recep Tayyip Erdogan ប្រមូលផ្តុំគ្នា​នៅ​ទីក្រុង Istanbul ប្រទេស​តួកគី កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
អ្នកគាំទ្រ​លោក​ប្រធានាធិបតី Recep Tayyip Erdogan ប្រមូលផ្តុំគ្នា​នៅ​ទីក្រុង Istanbul ប្រទេស​តួកគី កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ដោយ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​មួយ​នៅ​ក្នុង​ប្រទេស​តួកគី​ហាក់​បង្ហាញ​ថា​នឹង​មាន​ការ​បោះឆ្នោត​សម្រេច​ជុំទី២ដើម្បី​ជ្រើសរើស​ប្រធានាធិបតី ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​បង្ហាញ​ទំនុកចិត្ត​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​លោក​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ រី​ឯ​គូ​ប្រជែង​របស់​លោក ​គឺ​លោក Kemal Kilicdaroglu វិញ​បាន​និយាយ​ថា​ លោក​នឹង «ឈ្នះ​ទាំងស្រុង​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​ពីរ​នេះ»។

លោក Erdogan ដែល​បាន​កាន់​អំណាច​បាន ២០ ឆ្នាំ​មក​ហើយ និង​ជា​មេដឹកនាំ​ដែល​កាន់​អំណាច​បាន​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​តួកគី ទទួល​បាន​ការ​គាំទ្រ​ប្រសើរ​ជាង​អ្វី​ដែល​បាន​រំពឹងទុក ប៉ុន្តែ​មិន​ទទួល​បាន​ការ​គាំទ្រ​ចំនួន ៥០% ដែល​ជា​ចំនួន​ត្រូវការ​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​នោះ​ទេ។

ដោយ​សន្លឹក​ឆ្នោត​ជាង ៩៩,៤% បាន​រាប់​រួច​រាល់​ហើយ លោក Erdogan បាន​នាំ​មុន​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៤៩,៤% ហើយ​លោក Kilicdaroglu ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៤៥% ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ahmet Yener ប្រធាន​គណៈកម្មការ​កំពូល​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​តួកគី ដែល​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន។

សន្លឹក​ឆ្នោត​ដែល​បោះ​នៅ​បរទេស​មិន​ទាន់​ត្រូវ​បាន​រាប់​នៅ​ឡើយ​ទេ។ ប្រសិនបើ​ចាំបាច់ ការ​បោះឆ្នោត​សម្រេច​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ​ឧសភា​ខាង​មុខ។

មនុស្ស​ជាង ៦៤ លាន​នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​បោះឆ្នោត​នៅ​បរទេស​ផង​ដែរ មាន​សិទ្ធិ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ ហើយ​ក្នុង​នោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជិត ៨៩% បាន​ចេញ​មក​បោះឆ្នោត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ដោយ​អតិផរណា​មាន​ចំនួន​ជាង ៤០% ហើយ​មនុស្ស​កំពុង​ប្រឈម​នឹង​វិបត្តិ​ជីវភាព បញ្ហា​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បញ្ហា​សំខាន់​បំផុត​សម្រាប់​អ្នក​បោះឆ្នោត​ជា​ច្រើន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង AFP។

XS
SM
MD
LG