ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដាក់​ប្រទេស​តួកគី​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​បង្ក្រាប​អ្នក​ប្រឆាំង​បន្ថែម​ទៀត


អ្នក​គាំទ្រ​កាន់​បដា​ជាមួយ​នឹង​រូប​របស់​លោក Tayyip Erdogan ប្រធានាធិបតី​តួកគី​ក្នុង​ពេល​បាតុកម្ម​គាំទ្រ​រដ្ឋាភីបាល​នៅ​ក្នុង​ឧទ្យាន Sarachane នៅ​ក្នុង​ក្រុង Instanbul ប្រទេស​តួកគី កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
អ្នក​គាំទ្រ​កាន់​បដា​ជាមួយ​នឹង​រូប​របស់​លោក Tayyip Erdogan ប្រធានាធិបតី​តួកគី​ក្នុង​ពេល​បាតុកម្ម​គាំទ្រ​រដ្ឋាភីបាល​នៅ​ក្នុង​ឧទ្យាន Sarachane នៅ​ក្នុង​ក្រុង Instanbul ប្រទេស​តួកគី កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

សមាជិក​សភា​ប្រទេស​តួកគី​ត្រូវ​គេ​រំពឹង​ថា​នឹង​យល់ព្រម​តាម​ការ​អំពាវនាវ​របស់​លោក​ប្រធានាធិបតី​តួកគី Erdogan នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យ​ដាក់​ប្រទេស​តួកគី​ក្នុង​ភាព​អាសន្ន​ក្នុង​រយៈពេល​៣​ខែ។ នេះ​ជា​ការ​វិវឌ្ឍន៍​មួយ​ដែល​អាច​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​បោសសំអាត​បន្ថែម​ទៀត​ចំពោះ​អ្នក​ប្រឆាំង នឹង​លោក Erdogan ទាំងឡាយ បន្ទាប់ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​ទទួល​បរាជ័យ​ក្នុង​ការ​ទម្លាក់​លោក Erdogan និង​រដ្ឋាភិបាល​របស់​លោក​រួច​មក។

ការ​ដាក់​ប្រទេស​តួកគី​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ​មាន​រយៈពេល​៣​ខែ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Erdogan នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​តាម​កញ្ជក់​ទូរទស្សន៍​កាល​ពី​យប់​ថ្ងៃពុធ​ម្សិលមិញ​នេះ បន្ទាប់ពី​មាន​កិច្ចប្រជុំ​បន្ទាន់​ជា​បន្តបន្ទាប់​តាំងពី​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ រហូត​ដល់​កិច្ចប្រជុំ​ជាមួយ​គណៈរដ្ឋមន្ត្រី​របស់​លោក​រួច​មក។

លោក Erdogan បាន​និយាយ​ថា គោលបំណង​នៃ​ការ​ដាក់​ប្រទេស​តួកគី​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​គឺ «ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​សម្រេច​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ​ជំហាន​បន្ទាប់ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទស​តួកគី​វិល​មក​រក​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​វិញ‍»។ មេដឹកនាំ​តួកគី​រូប​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា កងកម្លាំង​ប្រដាប់​អាវុធ​នឹង​មិន​ត្រួតត្រា​ប្រទេស​ទេ​ក្នុង​អំឡុង​ពេល​នេះ។

នៅ​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ អ្នកគាំទ្រ​លោក Erdogan រាប់​រយ​នាក់​បាន​ចេញ​មក​ឈរ​ត្រៀបត្រា​ពេញ​ទីលាន Taksim នៅក្នុង​ទីក្រុង Istanbul និង​ទីលាន​សាធារណៈ​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​តួកគី ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​មេដឹកនាំ​តួកគី​លោក Erdogan និង​ដើម្បី​បង្វែង​នូវ​ការ​គិត​ដែល​ថា​អ្វី​ដែល​មេដឹកនាំ​តួកគី​និយាយ​អាច​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​លើក​ទី​ពីរ​នោះ។

ការ​ថ្លែង​សុន្ទរកថា​របស់​លោក Erdogan ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ផ្ទាំង​កញ្ជក់​ទូរទស្សន៍​ធំៗ ដែល​ដាក់​តម្លើង​នៅ​ជុំវិញ​ទីលាន Taksim។ ការ​ប្រកាស​ពី​ការ​ដាក់​ប្រទេស​តួកគី​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ ត្រូវបាន​អ្នក​គាំទ្រ​ទាំងអស់​ទះ​ដៃ​អបអរសាទរ៕

XS
SM
MD
LG