ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អំពើហិង្សា​រវាង​តួកគី​និង​ពួក PKK ​បន្ត​ដោយ​មាន​ការ​វាយប្រហារ​តាម​អាកាស​និង​ការ​បំផ្ទុះ​ឡាន​ក្រុង


ក្រុម​បាតុករ​កាន់​ទង់​​ដែល​មាន​រូប​មេដឹកនាំ​ឃឺត​ Abdullah Ocalan ដែល​កំពុង​ជាប់​ពន្ធនាគារ​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ប្រតិបត្តិការយោធា​​ក្នុង​តំបន់​ Diyarbakir ប្រទេស​តួកគី​កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​អង្គារ​ កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​តួកគី​ បាន​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ពួកជន​សកម្មប្រយុទ្ធ​ដែល​ជា​សមាជិក​នៃ​គណបក្ស​កម្មករ​ឃឺត ហៅ​កាត់​ថា​ PKK ​ដែលត្រូវ​បាន​ហាមប្រាម​ នៅ​ស្រប​ពេល​ដែល​មាន​ការ​ដាក់​គ្រាប់​ឱ្យ​ផ្ទុះ​ឡាន​ក្រុង​មួយគ្រឿង​នៅ​ប៉ែក​ខាង​កើត​នៃប្រទេសតួកគី ​ដែល​បាន​បណ្តាល​ឱ្យ​ប៉ូលិស​ជាង​១២នាក់​បាត់បង់​ជីវិត។​

ទីភ្នាក់ងារ​ព័ត៌មាន​ Anadolu របស់​រដ្ឋ​នៃ​ប្រទេស​តួកគី​បាន​ផ្សាយ​ថា​ យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​ជាង​៥០​គ្រឿង​របស់​តួកគី​បាន​ចូល​រួម​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​៦ម៉ោង​ នាំឱ្យ​«ពួក​ភេរវជន​ពី​៣៥​ទៅ៤០​នាក់​បាត់បង់​ជីវិត នេះ​បើតាមការ​រកឃើញដំបូង»។

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ មាន​ប៉ូលិស​យ៉ាង​តិច​ណាស់​១៤នាក់​បាន​ត្រូវ​សម្លាប់​នៅ​ពេល​ដែល​ឡាន​ក្រុង​របស់​ពួក​គេ​មួយ​គ្រឿង​បាន​ផ្ទុះ​ដោយសារ​គ្រាប់​បែក​មួយ​ដែល​គេសង្ស័យ​ថា ត្រូវ​បាន​ដាក់​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ PKK ​នៅ​ក្នុង​ខេត្ត ​Igdir ​នា​ប៉ែក​ខាង​កើត​នៃ​ប្រទេសតួកគី។​ ទីភ្នាក់ងារ​ព័ត៌មាន​ Dogan ​បាន​រាយការណ៍​ថា​ ឡាន​ក្រុង​នេះ​បាន​ដឹក​ពួក​ប៉ូលិស​ទៅ​កាន់​កន្លែង​ឆ្លង​កាត់​ព្រំដែន​ Dilucu ដែល​ភ្ជាប់​ប្រទេស​តួកគី​ ជា​មួយ​នឹង​សាធារណរដ្ឋ​ស្វយ័ត ​Nakhichevan នៃ​ប្រទេស​អាស៊ែបៃហ្សង់​ (Azerbaijan) នៅ​ពេល​ឡាន​នោះ​រង​គ្រោះ​ដោយសារ​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ជិត​ភូមិ​ Hasankoy។

ទីភ្នាក់ងារ​ព័ត៌មាន​ Dogan ក៏​បាន​រាយការណ៍​ដែរ​ថា ​ពួក​ទាហាន​តួកគី បាន​វាយ​សម្រុក​បាន​២គ.ម.​ចូល​ទៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​ដោយ​បាន​ធ្វើ​ប្រតិបត្តិការ​២ម៉ោង​នៅ​លើ​ដី​ នៅ​មុន​ពេល​ពួក​គេវិល​ត្រឡប់​ទៅ​កាន់​ប្រទេស​តួកគី​វិញ៕

XS
SM
MD
LG