ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រញ្ជួយ​ដី​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ៣៩ នាក់​ស្លាប់​នៅ​តួកគី និង​កោះ​ខ្លះ​នៅ​ក្រិក


ក្រុម​ការងារ​ជួយ​សង្គ្រោះ​នាំ​គ្នា​រុករក​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​គំនរ​អគារបាក់បែក​នៅ​ក្រុង Izmir ប្រទេស​តួកគី កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី៣១ ខែតុលា ឆ្នាំ​២០២០។
ក្រុម​ការងារ​ជួយ​សង្គ្រោះ​នាំ​គ្នា​រុករក​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​គំនរ​អគារបាក់បែក​នៅ​ក្រុង Izmir ប្រទេស​តួកគី កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី៣១ ខែតុលា ឆ្នាំ​២០២០។

យ៉ាង​ហោច​ណាស់​មនុស្ស ៣៩ នាក់​បាន​ស្លាប់ និង​ជិត ៩០០ នាក់​ទៀង​រង​របួស នៅ​ក្នុង​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី ដែល​បាន​ធ្វើ​ឲ្យ​អគារ​បែកបាក់​នៅ​ក្នុង​ទីក្រុង Izmir ប្រទេស​តួកគី និង​បាន​បង្ក​ឲ្យ​មាន​រលក​សមុទ្រ​ខ្ពស់​នៅ​កោះ​យ៉ាង​តិច​ចំនួន ២ នៅ​ក្នុង​ប្រទេស​ក្រិក។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក្នុង​ប្រទេស​តួកគី នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ទាញ​បុរស​ម្នាក់​ដែល​នៅ​រស់​នៅ​ឡើយ​ចេញ​ពី​គំនរ​អាគារ​បាក់បែក។ បុរស​នោះ​មាន​ឈ្មោះ​ថា Ahmet Citim។ លោក​បាន​កប់​នៅ​ក្នុង​គំនរ​អាគារ​នេះ​អស់​រយៈពេល ៣៣ ម៉ោង។

ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Izmir នេះ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ដែល​នៅ​ទី​នោះ លោក​បាន​សន្យា​ថា រដ្ឋាភិបាល​នឹង​ជួយ​ជន​រងគ្រោះ​ដែល​បាត់បង់​ផ្ទះ​សម្បែង ដោយ​ការ​ផ្ដល់​កន្លែង​ស្នាក់នៅ​បណ្ដោះ​អាសន្ន និង​ថ្លៃ​ជួល និង​ការ​ចាប់ផ្ដើម​សាងសង់​អាគារ​ថ្មី។

គ្រោះ​រញ្ជួយ​ដី​ដ៏​ប្រល័យ​ដែល​មាន​កម្លាំង ៧ ​លើ​រង្វាស់​វ៉ិចទ័រ នេះ មាន​ប្រភព​ចេញ​ពី​ខ្សែ​បន្ទាត់​នៃ​ស្រទាប់​ផែនដី​ប្រវែង ២៥០ គីឡូម៉ែត្រ​នៅ​ក្នុង​សមុទ្រ​ជិត​កោះ Samos របស់​ប្រទេស​ក្រិក ដោយ​រញ្ជួយ​នៅ​ទូទាំង​សមុទ្រ Aegean ដែល​បែងចែក​ប្រទេស​តួកគី​ជាមួយ​នឹង​ប្រទេស​ក្រិក។

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង នាយករដ្ឋមន្ត្រី​ក្រិក​លោក Kyriakos Mitsotakis បាន​ទូរស័ព្ទ​ដោយ​កម្រ​មាន​ទៅ​លោក Erdogan ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ឈឺ​ចាប់​នេះ។

លោក Mitsokakis បាន​សរសេរ​នៅ​លើ Twitter ដូច្នេះ​ថា៖ «ទោះបីជា​ពួក​យើង​មាន​ការ​ខ្វែង​គំនិត​គ្នា​ក៏ដោយ នេះ​គឺ​ជា​ពេល​ដែល​មនុស្ស​ត្រូវ​រួម​សហការ​គ្នា»។

លោក Erdogan បាន​ឆ្លើយតប​វិញ​នៅ​លើ Twitter ថា៖ «ប្រទេស​ជិត​ខាង​ពីរ​បង្ហាញ​នូវ​សាមគ្គីភាព និង​ការ​គាំទ្រ​ក្នុង​គ្រា​លំបាក គឺ​មាន​តម្លៃ​ជាង​អ្វីៗ​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ទៅ​ទៀត»។

សហរដ្ឋ​អាមេរិក​បាន​សាទរ​នូវ​ទំនាក់ទំនង​បែប​ការទូត​ក្នុង​គ្រា​រញ្ជួយដី​នេះ​រវាង​ក្រិក​និង​តួកកី និង​បាន​ត្រៀម​លក្ខណៈ​ជួយ​ប្រទេស​ទាំង​ពីរ៕

XS
SM
MD
LG