ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ UN៖ ដែនដី​ប៉ាឡេស្ទីន​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​សង្គម


UNCTAD

របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​ព្រមាន​ថា ដែនដី​ប៉ាឡេស្ទីន​ដែល​អ៊ីស្រាអែល​កាន់កាប់​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ចសង្គម​មួយ​ ដែល​ហៀប​នឹង​ដួល​រលំ។

សេដ្ឋកិច្ចវិទូ​នានា​នៃ​អង្គការ​សហប្រជាជាតិ​ព្រមាន​អំពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​នៅ​ដែនដី​ប៉ាឡេស្ទីន​ថា ​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង​និង​ដល់​ចំណុច​មួយ​ដែល​ត្រូវ​កែប្រែ​ស្ថានការណ៍​នេះ។

សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម​និង​ការ​អភិវឌ្ឍ (UNCTAD) បាន​ចេញ​របាយការណ៍​ថា សេដ្ឋកិច្ច​ប៉ាឡេស្ទីន​កើនឡើង​តិច​ជាង​១%​កាល​ពី​ឆ្នាំ​មុន។ របាយការណ៍​នេះ​ក៏​បញ្ជាក់​ថា នៅ​តំបន់ West Bank សេដ្ឋកិច្ច​កើនឡើង​៣% ប៉ុន្តែ​សេដ្ឋកិច្ច​នៅ​តំបន់ កាហ្សា បាន​ថយចុះ​៧%។ ​

លោក Mahmoud Elkhafif គឺ​ជា​អ្នក​សម្របសម្រួល​នៃ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម​និង​ការ​អភិវឌ្ឍ ទទួល​បន្ទុក​ផ្នែក​ជំនួយ​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន។ លោក​បាន​ថ្លែង​ថា អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​តំបន់ កាហ្សា បាន​កើនឡើង​រហូត​ដល់​លើស​ពី​៥០%។ ​

លោក Elkhafif បាន​ថ្លែង​ថា៖

«អត្រា​គ្មាន​ការងារ​ធ្វើ​ដ៏​ខ្ពស់​នេះ​ធ្វើ​ឲ្យ​ភាពក្រីក្រ​កើនឡើង។ ម្នាក់​ក្នុង​ចំណោម​ប្រជាជន​ប៉ាឡេស្ទីន​ពីរ​នាក់​នៅ​ដែនដី​ប៉ាឡេស្ទីន កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌។ អត្រា​ភាពក្រីក្រ​កើនឡើង​រហូត​ដល់​២៩%។ ការ​ពិត អត្រា​ភាពក្រីក្រ​នៅ​តំបន់​កាហ្សា​មាន​រហូត​ដល់​៥៣%»។

លោក Elkhafif បាន​ថ្លែង​ទៀត​ថា ការ​ហាមឃាត់​របស់​អ៊ីស្រាអែល​នៅ​តំបន់ កាហ្សា អស់​រយៈ​១២​ឆ្នាំ កំពុង​តែ​រារាំង​មិន​ឲ្យ​សេដ្ឋកិច្ច​នៅ​តំបន់​នេះ​អភិវឌ្ឍ​បាន។ លោក​ថ្លែង​ថា ស្ថានភាព​នេះ​កាន់​តែ​អាក្រក់​ឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​តែ​ប្រាក់​ដែល​អាជ្ញាធរ​ជាតិ​ប៉ាឡេស្ទីន​ប្រើប្រាស់​ដើម្បី​ផ្ទេរ​ទៅ​តំបន់ កាហ្សា បាន​ថយចុះ​យ៉ាង​ខ្លាំង។

លោក​បាន​លើកឡើង​បន្ថែម​ទៀត​ថា ការ​ថយចុះ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ម្ចាស់​ជំនួយក៏​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​ផង​ដែរ។ លោក​បាន​និយាយ​ថា សេដ្ឋកិច្ច​នៃ​តំបន់​នេះ​កំពុង​តែ​បន្ដ​ធ្លាក់​ចុះ​ដោយសារ​តែ​ការ​ហាមឃាត់​របស់​អ៊ីស្រាអែល​ទៅ​លើ​ការ​នាំ​ចូល​ផលិតផល​នានា ដែល​អាជ្ញាធរ​អ៊ីស្រាអែល​ចាត់ទុក​ថា​ជា​ទំនិញ​បច្ចេកវិទ្យា​សំខាន់សម្រាប់​ប្រើ​ប្រាស់​ទាំង​ក្នុង​មុខងារ​យោធា​និង​មិនមែន​យោធា និង​ជា​ទំនិញ​ពាក់​កណ្ដាល​សម្រេច។

លោក Elkhafif បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«អ៊ីស្រាអែល​អះអាង​ថា បញ្ជី​ឈ្មោះ​ហាមឃាត់​មុខ​ទំនិញ​នេះ​អាច​មាន​ទំនិញ​ដែល​មិន​ប្រើប្រាស់​ក្នុង​ផ្នែក​យោធា ដូច្នេះ​ប៉ាឡេស្ទីន​មិន​អាច​នាំ​ចូល​បាន​ទេ។ ទំនិញ​ទាំង​នោះ​រួមមាន​ទាំង​ទួរណឺវីស ​និង​ឧបករណ៍​ដទៃទៀត។ ដូច្នេះ​អ្នក​អាច​មើល​ឃើញ​ហើយ​ថា ហេតុអ្វី​បាន​ជា​សេដ្ឋកិច្ច​របស់​ប៉ាឡេស្ទីន​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​សេដ្ឋកិច្ច​របស់​អ៊ីស្រាអែល​នោះ»។

លោក Elkhafif មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​ប៉ាឡេស្ទីន​ពឹង​ផ្អែក​លើ​អ៊ីស្រាអែល។ លោក​ថា ​ប៉ាឡេស្ទីន​នាំ​ចេញ​ទំនិញ​ទៅ​អ៊ីស្រាអែល​ចំនួន​៨០%​ ​ហើយ​អ៊ីស្រាអែល​នាំ​ចូល​ទំនិញ​ទៅ​ប៉ាឡេស្ទីន​ចំនួន​៥៨%។

របាយការណ៍​របស់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម​និង​ការ​អភិវឌ្ឍ​បាន​ឲ្យ​ដឹង​ថា ការ​កាន់កាប់​របស់​អ៊ីស្រាអែល​បាន​រារាំង​ពលរដ្ឋ​ប៉ាឡេស្ទីន​មិន​ឲ្យ​ផលិត​ប្រេង​និង​ធនធាន​ឧស្ម័ន​ធម្មជាតិ​នៅ​តំបន់ កាហ្សា និង​តំបន់ West Bank។ ​គេ​ប៉ាន់ស្មាន​ថា ​ការ​ខាត​បង់​មាន​តម្លៃ​ជា​ទឹកប្រាក់​រហូត​ដល់​រាប់​ពាន់​លាន​ដុល្លារ។ ​

ប្រទេស​អ៊ីស្រាអែល​និង​អេហ្ស៊ីប​បាន​ដាក់​ការ​ហាមឃាត់​ទៅ​លើ​តំបន់​ កាហ្សា កាល​ពី​ឆ្នាំ​២០០៧ បន្ទាប់​ពី​ក្រុម​សកម្មប្រយុទ្ធ Hamas ដែល​អំពាវនាវ​ឲ្យ​មាន​ការ​បំផ្លាញ​ប្រទេស ​អ៊ីស្រាអែល ឡើង​កាន់កាប់​ដែនដី​នេះ។

អាជ្ញាធរ​អ៊ីស្រាអែល​និយាយ​ថា ការ​ហាមឃាត់​នេះ​គឺ​ចាំបាច់​ដើម្បី​ការពារ​ពលរដ្ឋ​អ៊ីស្រាអែល ពី​ការ​វាយប្រហារ​ភេរវកម្ម ការវាយប្រហារ​ដោយ​រ៉ុកកែត និង​សកម្មភាព​វាយប្រហារ​ដទៃទៀត តាមរយៈ​ការ​ហាមឃាត់​មិន​ឲ្យ​នាំ​ចូល​ទៅ​ក្នុង​តំបន់​កាហ្សា​នូវ​ទំនិញ​ណា ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​យោធា​ប្រឆាំង​នឹង​អ៊ីស្រាអែល​៕


ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG