ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ទុយនីស៊ី ពន្យារពេល​ការផ្អាក​សភា


រូបឯកសារ៖ ប្រធានាធិបតី​ទុយនីស៊ី​លោក​ Kais Saied នៅ​ពេល​លោក​ស្បថ​ចូល​កាន់តំណែង​នៅទីក្រុង​ទុយនីស។
រូបឯកសារ៖ ប្រធានាធិបតី​ទុយនីស៊ី​លោក​ Kais Saied នៅ​ពេល​លោក​ស្បថ​ចូល​កាន់តំណែង​នៅទីក្រុង​ទុយនីស។

ប្រធានាធិបតី​ទុយនីស៊ី​លោក​ Kais Saied​ កាលពី​ថ្ងៃចន្ទ​ បាន​ពន្យារ​ពេល​ផ្អាក​សភា​រហូតដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម​ បន្ទាប់ពី​បាន​បណ្តេញ​នាយក​រដ្ឋមន្រ្តី​របស់​លោក​ចេញ​ពីតំណែង​ កាលពី​ខែមុន ​ និង​បាន​បន្ត​ប្រើ​សិទ្ធិ​អំណាច​នីតិ​ប្រតិបត្តិ​ដែល​គូ​ប្រជែង​ចាត់​ទុកថា​ រដ្ឋ​ប្រហារ។ ​នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ​ដែល​ស្រង់​សម្តី​ប្រភព​ការិយាល័យ​ប្រធានាធិបតី។​

ការិយាល័យ​ប្រធានាធិបតី​ថា​ លោក​ Saied ​ក៏​បាន​ពន្យារ​ការ​ព្យួរ​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា​ផងដែរ​ ដោយ​បន្ថែម​ថា​ លោក​ Saied​ នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រទេស​ជាតិ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ តែមិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។​

មួយខែ​បន្ទាប់​ពី​អន្តរាគមន៍​ភ្លាមៗ​របស់​លោក​ ​លោក ​Saied ​មិនទាន់​បាន​តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី ​ឬ​មិនទាន់​បាន​ប្រកាស​ពីផែន​ការ​គម្រោង​ការងារ​ដែល​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច ​និង​ភាគី​សំខាន់ៗ​នៅ​ប្រទេស​ទុយនីស៊ី​ទាមទារ​នោះទេ។​

លោក​ Saied​ បាន​និយាយ​ថា​ អន្តរាគមន៍​របស់​លោក គឺ​ត្រូវ​ការ​ចាំបាច់​ដើម្បី​ជួយ​សង្គ្រោះ​កុំឱ្យ​ប្រទេស​ដួលរលំ។​ លោកហាក់​ដូចជា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​ដែលអភិបាល​កិច្ច​មិន​ត្រឹម​ត្រូវជាច្រើន​ឆ្នាំ​ អំពើ​ពុករលួយ​ និង​នយោបាយ​មិន​ទៅមុខ ​ត្រូវបាន​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​សារ​កំណើន​ដ៏គ្រោះថ្នាក់​នៃ​ជំងឺកូវីដ១៩។

ប៉ុន្តែ​ចំណាត់​ការ​របស់​លោក​ប្រធានាធិបតី​ បាន​ធ្វើឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ប្រជាជន​ទុយនីស៊ី​ខ្លះ​អំពី​អនាគត​នៃ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ដែល​ប្រទេស​នេះ​ ​បាន​អនុម័ត​បន្ទាប់ពី​បដិវត្តន៍​នៅ​ឆ្នាំ​២០១១​របស់ខ្លួន​ដែល​បង្ក​ឱ្យ​មាន​ចលនា​ប្រឆាំង​រាលដាល ​គឺ ​Arab Spring។ ​ចាប់តាំងពី​ពេល​នោះ​មក​ អាជ្ញាធរ​ បានឃុំខ្លួន​មន្រ្តី​មួយ​ចំនួន​ក្នុង​ផ្ទះ​ ​រួមទាំង​អតីត​រដ្ឋមន្រ្តី​ផង​ និង​រារាំង​អ្នក​នយោបាយ​និង​ពាណិជ្ជករ​មិនឱ្យ​ធ្វើ​ដំណើរ។ ​លោក ​Saied ​បាន​ជាប់​ឆ្នោត​ដោយ​ឈ្នះ​ភ្លូកទឺក​ ភ្លូកដី​នៅ​ឆ្នាំ​២០១៩ ​ដោយ​លោក​ប្តេជ្ញា​ប្រឆាំង​អំពើ​ពុករលួយ៕

XS
SM
MD
LG