ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ នឹង​ដាក់​មន្ត្រី​ជំនួស​តំណែង​លោក Mattis ពីរ​ខែ​មុន​កាល​កំណត់


លោក​អនុរដ្ឋមន្ត្រី Patrick Shanahan ថ្លែង​សុន្ទរកថា​នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ ថា អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស លោក Patrick Shanahan នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ស្តីទី នៅ​ថ្ងៃ​ទី​១ ខែ​មករា នេះ ដោយ​ជំនួស​តំណែង​របស់​លោក Jim Mattis​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស ដែល​បាន​ប្រកាស​លាលែង​ពី​តំណែង​កាល​ពី​សប្តាហ៍​មុន។

លោក ត្រាំ បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម Tweeter ថា «ខ្ញុំ​មាន​សេចក្ដីសោមនស្ស​រីករាយ​នឹង​ប្រកាស​ថា ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ដ៏​ឆ្នើម​របស់​យើង​ គឺ​លោក Patrick Shanahan នឹង​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ស្តីទី​ចាប់​ពី​ថ្ងៃ​ទី ១ ខែ មករា នេះ​ត​ទៅ»។ នេះ​គឺ​ជា​ការ​ជំរុញ​ឲ្យ​លោក​រដ្ឋមន្ត្រី Mattis បច្ចុប្បន្ន​ ចុះចេញ​ពី​តំណែង​ពីរ​ខែ​មុន​កាល​កំណត់។ ​

លោក Shanahan គឺ​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Boeing ហើយ​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​កាល​ពី​ឆ្នាំ​២០១៧។

លិខិត​លាលែង​ពី​តំណែង​របស់​លោក Mattis ដែល​ត្រូវ​បាន​ប្រគល់​ជូន​លោក ត្រាំ ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា លោក​នឹង​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ទី២៨ ខែ កុម្ភៈ។

ការ​សម្រេចចិត្ត​របស់​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​លោក​ ត្រាំ បាន​ប្រកាស​ថា លោក​នឹង​ដក​ទ័ព​អាមេរិក​ចំនួន​២០០០​នាក់​ចេញ​ពី​ប្រទេស​ស៊ីរី ដែល​ជា​ចំណាត់ការ​មួយ​ដែល​ក្រសួង​ការពារ​ប្រទេស​ប្រឆាំង។

លោក Mattis មិន​បាន​បញ្ជាក់​អំពី​ជម្លោះ​ពាក់ព័ន្ធ​នឹង​ប្រទេស​ស៊ីរី​នៅ​ក្នុង​លិខិត​សុំ​លាលែង​ពី​តំណែង​របស់​លោក​នោះ​ទេ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា «តម្លៃ​សំខាន់‍» ​របស់​លោក គឺ​ថា​អានុភាព​របស់​អាមេរិក​ដែល​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​សម្ព័ន្ធមិត្ត​របស់​ប្រទេស​នេះ​ជាមួយ​នឹង​ប្រទេស​ដទៃទៀត៕

XS
SM
MD
LG