ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វាគមន៍ដៃគូអេហ្ស៊ីបរបស់ខ្លួន គឺលោក Abdel Fattah el-Sissi មកកាន់សេតវិមានដោយនិយាយថា សហរដ្ឋអាមេរិកគាំទ្រ«អេហ្ស៊ីបខ្លាំងណាស់»។
នៅក្នុងកិច្ចប្រជុំនៅការិយាល័យប្រធានាធិបតី Oval Office កាលពីថ្ងៃចន្ទ លោក ត្រាំ បានមានប្រសាសន៍ថា លោក Sissi បានបំពេញការងារយ៉ាងល្អនៅក្នុងស្ថានភាពដ៏សែនលំបាក។ លោកក៏បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងតែកសាងយោធារបស់ខ្លួនឡើងវិញឲ្យដល់កម្រិតខ្ពស់បំផុត ខណៈដែលអាមេរិកកំពុងតែពិនិត្យមើលទៅលើការប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនិងផ្តល់ការគាំទ្រដល់ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក Sissi ដែលបានធ្វើទស្សនកិច្ចរបស់ខ្លួនលើកដំបូងបង្អស់ទៅកាន់សេតវិមាន បាននិយាយថា លោកមានកោតសរសើរយ៉ាងខ្លាំងចំពោះលក្ខណៈសម្បត្តិពិសេសរបស់លោក ត្រាំ និងបានស្ងើចសរសើរលោក ត្រាំ ចំពោះជំហររឹងមាំរបស់លោកនៅក្នុងការប្រយុទ្ធនឹងសមរភូមិភេរវកម្មដើម្បីកម្ចាត់មនោគមវិជ្ជាដ៏អាក្រក់មួយនេះ។
មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ក៏ដូចជាជំនួយយោធានិងសេដ្ឋកិច្ចរបស់អាមេរិកសម្រាប់អេហ្ស៊ីបផងដែរ៕